ប្រធានបទស្រាវជ្រាវ
ចូរបកស្រាយបាបកម្មទាំង១៥យ៉ាង របស់មនុស្សដែលជាទ្រឹស្តីស្ថិតនៅក្នុងព្រះពុទ្ឋសាសនារួមមាន៖
១. ទោសៈ
២. សន្សំរឿង
៣. រមិលគុណ
៤. លើកម្ពស់ខ្លួន
៥. ច្រណែន
៦. កំណាញ់
៧. លាក់ទោសកំហុសទុក
៨. អួត
៩. ចចេសរឹងរូស
១០. ប្រជែងយកឈ្នះ
១១. ទុកខ្លួនជាវិសេសវិសាលជាងគេ
១២.មើលងាយគេ
១៣. ស្រវឹងលង់ក្នុងគំនិត
១៤. ធ្វេសប្រហែស
១៥. ជោរ
អារម្ភកថា
កម្ពុជាជាប្រទេសមួយ ដែលមានអរ្យធម៌ខ្ពង់ខ្ពស់ ព្រមទាំងមានព្រះពុទ្ឋសាសនា ដែលបានហូរ ចូលមកស្ថិតនៅតាងពីសតវត្សទី៣នៃពុទ្ឋសករាជ
ហើយប្រជាជនខ្មែរបានសិក្សារៀនសូត្រនូវពុទ្ឋវចន
ដែលជា ទ្រឹស្តីព្រះពុទ្ឋសាសនា ដូចនេះប្រជាជនភាគច្រើនក៏ អាចដឹងនូវអត្ថន័យ
និង ទ្រឹស្តីនោះជាផ្លូវសំរាប់ប្រតិបត្តិដើម្បីជីវិតប្រចាំថ្ងៃរបស់ខ្លួន
។ ជា ធម្មតាការកើត ចាស់ ឈឺ ស្លាប់
ជាធម្មជាតិរបស់មនុស្សសត្វ ដែលនៅក្នុងទ្រឹស្តី ព្រះពុទ្ឋសាសនា
ហៅថាទ្រឹស្តីសច្ចៈ
ដែលសិក្សាអំពីដំណើរជីវិតរបស់មនុស្សសត្វ ។
ពិតណាស់វត្ថុទាំងឡាយតែងតែមានគូនឹងគ្នា មានកើត មានចាស់
មានអាក្រក់ មានល្អ មានស មានខ្មៅ ដូននេះនៅក្នុងការលើកយកមកសិក្សានៅក្នុងពេលនេះ គឺយើងសិក្សាអំពីបាបកម្មទាំង១៥យ៉ាង ដែលមាន អវិជ្ជា ជាអ្នកដឹកនាំទៅរកផ្លូវអាក្រក ពោល
គឺអំពើបាបនេះឯង ដែលព្រះសម្មាសម្ពុទ្ឋទ្រង់ហៅថា
អកុសលកម្ម គឺ បាបកម្ម។
ពេលនេះជាឳកាស់មួយដ៏ល្អសំរាប់រូបខ្ញុំព្រះករុណា
អាត្មាភាព ដែលត្រូវបានលោកសាស្ត្រាចារ្យ ដៀប សុផល
បានឲ្យសិក្សាអំពីបាបកម្មទាំង១៥យ៉ាងនៅក្នុងទ្រឹស្តីព្រះពុទ្ឋសាសនា
ដែលអាចធ្វើឲ្យមនុស្ស និង រូបខ្ងុំ ផ្ទាល់អាចស្គាល់ និង
ជៀសវាងឲ្យផុតអំពីអំពើអាក្រក គឺបាបកម្មនេះ ដែលជាកម្មដ៏លាមកច៍
នឹងធ្វើឲ្យមនុស្សក្លាយទៅជាអមនុស្សបានពោលគឺ
សត្វតិរច្ឆាន ឬ មនុស្សតិរច្ឆាន ។
ក្នុងឪកាសនេះដែលខ្ញុំសូមថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យ
ដៀប សុផល ដែលបានបង្ហាញ ផ្លូវតំរ៉ង់ទិស ដែលធ្វើឲ្យរូបខ្ញុំអាចជៀសឲ្យផុតអំពីបាបកម្មទាំង១៥យ៉ាង
បន្ទាប់ពីបានសិក្សារួច ។
បាបកម្ម ជាកម្មដ៏អាក្រកដែលធ្វើឲ្យយើងកើតនៅក្នុងវដ្តនេះទៀត
និង អាប់កិត្តិយសនូវក្នុងសង្គមបច្ចុប្បន្ន ។
សរុបសេចក្តីមក ការសិក្សាពី បាបកម្មទាំង១៥យ៉ាង
មានសារប្រយោជន៍ណាស់សម្រាប់តម្រង់ទិស យើងឲ្យទៅរកផ្លូវល្អ
គឺសេចក្តីសុខ សប្បាយ រីកចំរើន នៅក្នុងសង្គមគ្រួសារ
និង សង្គមមនុស្សទូទៅ ។ បាបកម្មគឺជាបាបធម៌ដែលមនុស្សត្រូវតែជៀសវាងដើម្បីកសាងសង្គមប្រកបដោយ សេចក្តីសុខសុភមង្គល ជានិរន្តរ
។
ភ្នំពេញ ព.ស ២៥៥៥
គ.ស
២០១១
សមណនិស្សិត
ម៉ី សុភក្តី
I. សេចក្តីផ្តើម
ការកើតមកជាមនុស្សព្រះសម្មាសម្ពុទ្ឋទ្រង់ទេសនាថា
ជាការកម្រក្រៃណាស់ ព្រោះការកើតឡើងនេះវាអាស្រ័យទៅលើកម្មរបស់មនុស្សផ្ទាល់
។ ដូចនេះយើងគួរនាំគ្នាប្រព្រឹត្តិតែធម៌ល្អ ពោល គឺកុសលធម៌ដើម្បីឲ្យកា្លយទៅជាមនុស្សម្នាក់ពេញលេញ
ដែលទាមទារឲ្យយើងប្រព្រឹត្តិតែ កម្មជាកុសល ។ ហើយការកើតឡើងនៃកម្មនេះតែងតែមានគូរនឹងគ្នា ដូចជាមានអាក្រក់ មានល្អ មាន ស មានខ្មៅ មានធម៌ល្អ ធម៌អាក្រកដែលលោកពោលថាកុសលធម្មាអកុសលធម្មា (ធម៌ជាកុសល និង ធម៌ជាអកុសល) ដែលនៅក្នុងទីនេះយើងនឹងសិក្សាអំពីបាបកម្មគឺអកុសលធម៌នោះឯង ។ ជា ធម្មតា ក្នុងជីវិតរស់នៅរបស់យើងរាល់ថ្ងៃតែងតែប្រកបដោយអំពើល្អ និង អាក្រក ដែលយើងប្រព្រឹត្តិទៅដើម្បីប្រកបរបរចិញ្ចិមជីវិតរបស់យើង ។ ធម៌ជាអកុសលទាំងនេះនឹងកើងចេញអំពីចិត្តគំនិតរបស់យើងដែលបានគិតឡើងនិងប្រព្រឹត្តិទៅតាមរយៈសកម្មភាព
គឺអំពើនេះឯង ។ ដូចនេះយើងឃើញថាការគិត និង ចិត្តជាអកុសលរបស់យើងវាមានកំលាំងខ្លាំងណាស់ដើម្បីជុំរុញយើងឲ្យធ្វើនូវអំពើជាអកុសលផ្សេងៗ ។ ជារួមអំពើអាក្រក់ ឬ បាបកម្មគឺជាកម្មដែលកើតឡើង ឬ មានឬសគល់ចេញអំពីចិត្តគំនិតរបស់មនុស្សតែប៉ុណ្ណោះព្រោះព្រះសម្មាសម្ពុទ្ឋទ្រង់ក៏ទេសនាថា
មនុស្សចង់បានសេចក្តីសុខត្រូវធ្វើអំពើបីយ៉ាងគឹ ធ្វើអំពើល្អ ១ មិនធ្វើអំពើអាក្រក់ដោយកាយ វាចា ចិត្ត១ និង សម្អាតចិត្តឲ្យល្អ ១ ទាំងបីនេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ឋគ្រប់ព្រះអង្គ ។
ប្រាកដណាស់ក្នុង វដ្តសង្សារយើងនេះ
ដំណើរកើត ចាស់ ឈឺ ស្លាប់ជាធម៌របស់មនុស្សដែលយើងទាំងអស់គ្នាមិនអាចគេចផុត និង
ជៀសឲ្យរួចដែលព្រះសម្មាសម្ពុទ្ឋទ្រង់ទេសនាប្រៀនប្រដៅយើងថា អនិច្ចាំ ទុក្ខំ អនត្តា ជាធម៌របស់មនុស្ស
សត្វ និង ទេវតា ។ ដូចនេះយើងរាល់គ្នាគួរតែជៀសវាងនូវអំពើជាអកុសល (បាបកម្ម) ដែលធ្វើឲ្យយើងមានកេរ្តិ៍ឈ្មោះមិនល្អ
និង សង្គមស្អប់គ្ពើម ហើយការរស់នៅរបស់យើងក៏លំបាក ព្រោះបានចាត់ទុកយើងថាជាមនុស្សល្អ
ឬ មនុស្ស ប្រកបដោយកុសលធម៌ ។ បាបកម្មទាំង១៥យ៉ាងដែលជាអំពើអាក្រក់ និង កាចសាហាវនោះ
យើងគួរនាំគ្នាសិក្សាដើម្បីជៀសឲ្យផុត និង ដើម្បីកសាងជីវិតប្រកបដោយអត្ថន័យ និង ខ្លឹមសារនៅក្នុងសង្គមខ្មែរ ។ ការលើមកសិក្សានៅទីនេះមានចំនួនតែបាបកម្ម១៥យ៉ាងប៉ុណ្ណោះដែលរួមមាន៖
II.
បាបកម្មាធប្បាយ
១. ទោសៈ
ក.និយមន័យៈ
ទោសៈដែលយើងបានចាត់ទុកថាជាបាបកម្មទីមួយ នៅក្នុងទីនេះដែលមានន័យថា ជាការប្រទូស្ត, កំហឹង, សម្អប់, កំហុស តាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យ ។ ទោសៈ ជាអកុសលចេតនាកើតឡើងដោយអំពើរបស់មនុស្សនៅក្នុងសង្គមបច្ចុប្បន្ន ដែលទង្វើទាំងអស់នោះប្រកបដោយបាបកម្ម ហើយបានផលមកឲ្យបុគ្គលអ្នកធ្វើនូវបាបកម្ម គឺកម្មជាអកុសលនោះទទួលបាននូវទុក្ខវេទនា សេចក្តីខ្លោចផ្សា និង ពេលខ្លះរហូតដល់បាត់បង់កេរ្តិ៍ឈ្មោះ និង តម្លៃនៅក្នុងភាពជាមនុស្សទៀតផង
ដែលនៅក្នុងព្រះពុទ្ឋសាសនាបានចាត់ទុកថា មនុស្សជាសត្វមានតម្លៃ និង ឧត្តមភាពខ្ពង់ខ្ពស់បំផុត លើសសត្វនានានៅលើផែនដីយើងនេះ ។ ចិត្តកាលបើបានជួបនឹងទោសៈនេះហើយ កំហឹង ឬ
សេចក្តីក្រេវក្រោធក៏កើតឡើងប្រាកដ ដែលធ្វើឲ្យយើងខ្វះសេចក្តីពិចារណាទៅលើអំពើរបស់យើង ដែលនៅក្នុងនោះវាធ្វើឲ្យយើងបាត់បង់នូវវិចារណញាណ និង សតិសម្បជញ្ញៈក្នុងខ្លួន ហើយនឹងអាចបណ្តាលឲ្យយើងប្រព្រឹត្តិនូវអំពើអាក្រក់ផ្សេងៗដោយងាយ មកអំពីទោស នៃទោសៈ
គឺសេចក្តីក្រេវក្រោធ និង កំហឹង នេះឯង ។
ខ. ការលេចឡើងនៃទោសៈ
លើសពីនេះទៅទៀត ការខឹង ឬ
ស្អប់ទៅលើអ្នកដទៃ អាចធ្វើឲ្យយើងខ្វាក់ភ្នែកមើលមិនឃើញនូវអំពើល្អរបស់អ្នកដទៃដែលបានធ្វើមកលើខ្លួន
ឬ នៅក្នុងសង្គម និង
ខ្លួនឯងផ្ទាល់ក៏មិនមានមោទនភាពចំពោះអំពើល្អដែលខ្លួនបានធ្វើ ព្រោះតែសេចក្តីងងឹតងងល់គឺ
អវិជ្ជា មានទោសៈជាដើម ។ សភាពនៃចិត្តប្រទុស្ដ ខឹងសម្បាទាំងអម្បាលមានរមែងលេចឡើងខណៈពេលដែលមនុស្សបានជួបប្រទះនូវវត្ថុមិនជាទីប្រាថ្នាពេញចិត្ត មាននរណាម្នាក់ធ្វើឲ្យខាតបង់ប្រយោជន៍ខ្លួន ប្រយោជន៍ញាតិ មិត្តសម្លាញ់ ប្រយោជន៍បក្សពួកក្រុមសង្គមជាតិរបស់ខ្លួនជាដើម
។ នៅពេលខ្លះកំហុសឆ្គងរបស់ខ្លួន ក៏ជាមូលហេតុចំបង ដែលញុំាងបុគ្គលខ្លួនឯងផ្ទាល់កើត ការក្តៅក្រហល់ក្រហាយ អន្ទះសា ឆ្លេឆ្លា តក់ក្រហល់ តប់ប្រមល់ ជ្រួលច្របល់ បាយមិនបាន សម្រាន្តមិនលក់ផងដែរ ។
គ.លទ្ឋផលនៃទោសៈ
ការរស់នៅយើងត្រូវចេះអធ្យាស្រ័យគ្នា
ហើយយើងក៏ដឹងដែលថាការមានទោសៈ គឺសេចក្តីក្រេវក្រោធ ឬ កំហឹង មិនអាចរស់នៅបានសុខ សុភមង្គលបានឡើយ មានតែភាពងងឹត និង
សម្បូរទៅដោយសត្រូវ គឹ អមិត្ត ។
ការធ្វើបែបនេះ
ជាការមិនមានវឌ្ឍនធម៌គឺការរីកចំរើន និង សេចក្តីសណ្តោសប្រណីចំពោះមនុស្ស សត្វ និង ជាលទ្ឋផលមិនត្រឹមតែមិនទទួលបានផលចំណេញប៉ុណ្ណោះទេ ហើយថែមទាំងខាតបង់នូវពេលវេលា ប្រាក់កាស ជាពិសេសគឺសេចក្តីក្រេវក្រោធអាចធ្វើឲ្យយើងមានអាយុកាន់តែខ្លី និង មុខកាន់តែចាស់ជាងវ័យ ម្យ៉ាងវិញទៀតការកើតទោសៈ
គឺសេចក្តីខឹងក្រេវក្រោធនេះ អាចបណ្តាលឲ្យយើងកើតជំងឺផ្សេងៗ
ដូចជាលើសឈាម គាំងបេះដូង និង ជំងឺឯទៀតៗ ហើយជំងឺទាំងនោះក៏អាចបណា្តយឲ្យយើងស្លាប់បានផង ។ ទោសៈជាអកុសលធម៌នាំសត្វទៅកាន់សេចក្តីវិនាស អន្តរាយ នៅក្នុងជីវិតបច្ចុប្បន្ន និងអនាគត ព្រោះទោសៈគឺសេចក្តីក្រេវក្រោធ
និង កំហឹងជាដើមនេះ បិតបាំងមនុស្សមិនឲ្យស្គាល់អំពើល្អ និង គុណប្រយោជន៍របស់មនុស្ស ។
ជាឧទាហរណ៍ ការដែលតាជូជកទៅសុំកូនពីព្រះវេស្សន្តរ
ដែលក្នុងនោះតាជូជកបានធ្វើបាបកូនរបស់ព្រះអង្គគឹ ជាលី និង នាងក្រស្នា នៅចំពោះមុខព្រះអង្គផ្ទាល់ ដែលធ្វើឲ្យព្រះបាទវេស្សន្តរមានទោសៈ គឺសេចក្តីខឹងក្រេវក្រោធ
នឹងប្រុងសម្លាប់តាជូជកនៅនឹងកន្លែង តែហេតុជាកុសលព្រោះព្រះបាទវេស្សន្តរបានធ្វើការសំអាតចិត្ត បំបាត់ទោសៈឲ្យចេញពីខ្លួនមានកំលាំងចាស់ខ្លាហើយដែលធ្វើឲ្យព្រះអង្គមិនអាចលើដៃសម្លាប់តាជូជកបាន
។ ត្រង់នេះប្រសិនបើព្រះបាទវេស្សន្តរសម្លាប់តាជូជកនោះ
ព្រះអង្គក៏មិនអាចបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ឋឡើយ ។ ដូចនេះយើងឃើញថាទោសៈ គឺសេចក្តីក្រោធ និង ការខឹងសម្បារ ជាសេចក្តីវិនាយដ៏ធំធេងណាស់របស់មនុស្សជាតិ ។
ឃ.សេចក្តីសន្និដាន
តាមការបកស្រាយខាងលើយើងឃើញថា ទោសៈជាឬគល់នៃសេចក្តីវិនាស
ចុះហេតុអ្វីមនុស្សនៅតែយកទោសៈមកដាក់ក្នុងខ្លួន ម៉ិចមិននាំគ្នាកំចាត់បង់ចោលឲ្យស្រឡះព្រោះទោសៈ គឺសេចក្តីក្រេវក្រោធក៏មានវិធីដើម្បីសម្លាប់
និង លះបង់ដែរតើ ។ យើងអាចរកការរំងាប់សេចក្តីក្រោធ គឺទោសៈនេះតាមរយៈធម៌របស់ព្រះពុទ្ឋសាសនា
ដែលវិធីទាំងអស់នេះរៀបរៀងដោយលោកអគ្គបណ្ឌិត ប៊ុត សាវង្ស នៅក្នុងសៀវភៅវិធីរំងាប់សេចក្តីក្រោធ ថាទោសៈកើតឡើងដោយការប្រហារផ្លូវចិត្តរបស់ខ្លួនឯង ការគាំទ្រសេចក្តីក្រោធ គឺបំបាត់អំពើជាអកុសលចោល ការធ្វើអំពើព្រៃផ្សៃមកលើខ្លួនឯង និង អ្នកដទៃ
សេចក្តីក្រោធជាចំនុចខ្សោយរបស់មនុស្សគ្រប់គ្នា ការបៀតបៀនខ្លួនឯងនិងអ្នកដទៃ ការដុតរោលចិត្តរបស់ខ្លួនដោយធម៌ជាអកុសល ការឡើងកាន់ទៅរកផ្លូវនៃគ្រោះថ្នាក់ និង ខន្ឋ៥ជាទុក្ខរបស់សត្វ ។ យើងត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់ថាតើទោសៈ វាត្រូវការយ៉ាងណា យើងនឹងរកផ្លូវគឺអំពើល្អមកដំដុតវាឲ្យកា្លយទៅជារបស់ល្អ ពោលគឺកុសលធម៌ ។
វេលាដែលមនុស្សមាននូវសេចក្តីខឹងក្រោធ ឆេវឆាវ
ភ្លាមនោះគេតែងមានមុខដូចយក្ស ដូចខ្លាគួរខ្លាចពេកណាស់ គេធ្វើខុស គិតខុស និង និយាយខុសប្រាសចាកសុចរិតភាព
។ ដរាបណា ទោសៈគ្របសង្កត់ដរាបនោះ ទោសជននឹងហ៊ានប្រព្រឹត្តអំពើខុសចាកច្បាប់ក្រិតក្រមព្រមទាំងសីលវិន័យ តាំងតែពីតូចរហូតដល់ធំ ដូចជាការសម្លាប់អ្នកមានគុណជាដើម
។ ក្តីវិនាសគ្រប់យ៉ាង កើតចេញពីការមានទោសៈក្នុងចិត្តរបស់មនុស្សគ្រប់រូប។
មានតែព្រហ្មវិហារធម៌ទាំងបូនទេដែលអាចយកមកបង្អាក់នូវទោសៈឲ្យនៅស្ងៀមបាន
ដែលព្រហ្មវិហារធម៌រួមមាន មេត្តា ករុណា មុទិតា និង ឧបេក្ខា និង ធម៌៨៤០០០ព្រះធម្មខន្ឋរបស់ព្រះសម្មាសម្ពុទ្ឋទាំងអស់នេះអាចយកមកកំចាត់នូវអកុសលធម៌គឺទោសៈបាន ។ តាមពិតយើងទាំងអស់គ្នាគួរគប្បីហាត់ពត់ចិត្តរបស់យើងតាំងនូវក្នុងមេត្តា
ករុណាដែលជាធម៌អាចជួយយើងបាន ។
២. សន្សំរឿង
ក. និយមន័យ
ការសិក្សាមិនអាចបញ្ចប់បានទេ
ព្រោះមានរឿងរ៉ាវច្រើនណាស់ដែលស្ថិតនៅជំវិញខ្លួនយើង ដូចដែលយើងបានសិក្សាអំពីពាក្យថាទោសៈរួច យើងនឹងសិក្សាស្វែងយល់អំពីពាក្យថា
សន្សំរឿងម្តង ដែលជាបាបកម្មទីពីរនៅក្នុងទីនេះ ។
បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការសន្សំរឿង មានន័យថាការប្រមែប្រមូលហេតុការណ៍ ដើមហេតុពីតិចឲ្យបានទៅជាច្រើន ។
ខ. ការលេចឡើងនៃការសន្សំរឿង
ការពិតណាស់ថាបុគ្គលណាសន្សំពូជណា ប្រាកដណាស់ថានឹងបានផលនោះ ដូចដែលព្រះសម្មាសម្ពុទ្ឋទ្រង់បានទេសនាថា បុគ្គលណាបណ្តុះពូជណា (ប្រព្រឹត្តិកម្មបែបណាទទួលផលនៃកម្មនោះដោយពិត) គឹបានផ្លែផ្កាទៅតាមពូជដែលខ្លួនបានដាំសន្សំនោះឯង ។ រឿងរ៉ាវជាហេតុ
ដូចនេះបើយើងសន្សំរឿងគឺហេតុនៃរឿងបែបណាការទទួលផលនៃរឿងបែបនោះ ។ ប៉ុន្តែការសន្សំរឿងក្នុងទីនេះសំដៅទៅលើអំពើអាក្រក់ដែលយើងហៅថាជាបាបកម្ម ដែលបុគ្គលសន្សំហើយរាល់ថ្ងៃ ជាមួយអ្នកដទៃ និង ខ្លួនឯង ។ ការទាំងនេះកើតមាននៅពេលដែលនរណាម្នាក់បានធ្វើអ្វីមួយខុសឆ្គងមកលើខ្លួន ដូចជាការស្តីបន្ទោសប្រមាថមើលងាយព្រមទាំងការប៉ះពារនូវទ្រព្យសម្បត្តិនានា ។ ម្យ៉ាងវិញទៀតការសន្សំរឿងនេះអាចត្រូវបានគេឲ្យតម្លៃមួយផ្សេងទៀត ទៅលើការដែលមនុស្សពូកែរករឿងអ្នកដទៃនរណាធ្វើអ្វីក៏មិនត្រូវចិត្តខុសនេះខុសនោះ ទាស់ត្រង់នេះទាស់ត្រង់នោះធ្វើយ៉ាងណាឲ្យតែកើតចេញជាបញ្ហាណាមួយ ដើម្បីឲ្យគូបដិបក្សដកថយចេញពីដែនការងារ ឬ កន្លែងដែលគេប្រាថ្នាចងបាន ។
គ. លទ្ឋផលនៃការសន្សំរឿង
បើយើងសន្សំតែរឿងអាក្រក់ អពមង្គល នោះជីវិតយើងក៏មានតែផលអាក្រក់
រឿងអាក្រក់នៅជាប់តាមរាល់ថ្ងៃ ។ ទោះបីគេធ្វើអំពើល្អដាក់ខ្លួនក៏គិតថាជាអំពើអាក្រក់ទៅវិញដោយគិតតែសន្សំរឿងមិនចង់ឲ្យអ្នកដទៃបានសុខ ឬ ការមិនចង់និយាយពាក្យថាអគុណ ទៅរកអ្នកដែលធ្វើអំពើល្អមកលើខ្លួន ។ ចិត្តរបស់គេជាសត្រូវនិងមនុស្សល្អ
ព្រោះមនុស្សល្អ តែងតែធ្វើឲ្យគេឈឺចាប់ដោយទង្វើល្អ គឺការស្រលាញ់ រាប់អាន
ទៅរកគ្នានឹងគ្នា ដោយមិនចេះរករឿង និង សន្សំរឿងជាមួយអ្នកដទៃ ។ ដូចជានៅក្នុងគ្រួសារមួយបើប្រពន្ឋនិងប្តីចេះតែរករឿងគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ហេតុនេះលោកថាជាការសន្សំរឿង នូវថ្ងៃណាមួយនឹងមានការឈ្លោះប្រកែកគ្នាជាមិនខាន ព្រោះការគនូវគំនរនៃរឿងក៏កាន់តែច្រើនឡើង ។ ផលនៃការសន្សំរឿងគឺការបែកបាក់គ្នា ដែលមិនអាននាំមកនូវសុភមង្គល ហើយរឿងនេះក៏អាចជះឥទ្ឋិពលដល់សង្គមជាតិទាំងមូលផងដែរ
ដែលវាមិនអាចកសាងនូវគ្រួសារមួយប្រកបដោយសេចក្តីសុខ និង សុភមង្គល ។ ប្រសិនបើគ្រួសារនោះចេះតែសន្សំរឿងល្អ គ្រួសារនោះនឹងមានតែសុភមង្គល ដោយការមិនចេះសន្សំរឿងអាក្រក់ ។
ការសន្សំរឿងអាក្រក់ធ្វើឲ្យយើងបែកបាក់នូវមិត្តល្អ ព្រោះមិត្តល្អគេមិនចេះសន្សំរឿងទេ ។ គេចង់ឲ្យតែមិត្តបាននូវសេចក្តីសុខចំរើន រុងរឿងក្នុងជីវិត
។ យើងទាំងអស់គ្នាគួរតែចេះសន្សំនូវរឿងរ៉ាវដែលល្អឲ្យបានច្រើនដែលរឿងល្អទាំងនោះនឹងអាចនាំមកនូវសេចក្តីសុខដល់យើង និងសង្គមជាតិទាំងមូល ។
ឃ. សេចក្តីសន្និដា្ឋន
ជារួមការសន្សំរឿងគឺជាអំពើមួយដែលអាចនាំមនុស្សឲ្យបានសេចក្តីសុខផង
និង ទុក្ខផង ព្រោះបើយើងសន្សំរឿងល្អ យើងនឹងបានតែសេចក្តីសុខ
តែបើសន្សំតែរឿងបាបនោះ ការសន្សំរឿងរបស់យើងនោះនឹងទៅជាផ្លូវខុស
ដែលនាំមកនូវសេចក្តីវិនាសអន្តរាយដល់យើង ។ ម្យ៉ាងវិញទៀតការសន្សំរឿងអក្រក់នឹងនាំយើងឲ្យកា្លយទៅជា មនុស្សអាក្រក់ កូនអាក្រក់ បាបមិត្ត បាបសិស្ស ជាដើម បើនិយាយឲ្យចំ ការសន្សំរឿងអាចនាំយើងឲ្យកា្លយជាបាបជនតែម្តង ។
ដូចនេះដើម្បីកំចាត់បង់នូវការសន្សំរឿងដែលជាបាបកម្មដ៏អាក្រក់មួយនេះ
យើងទាំងអស់គ្នាគួរគប្បីដឹងថាអំពើល្អជាអ្នកនាំមកសេចក្តីសុខ
ឯការធ្វើអំពើអាក្រក់វានាំមកនូវទុក្ខវេទនា ។ យើងត្រូវតែប្រព្រឹត្តិតែអំពើល្អ សន្សំនូវរឿងដែលល្អ
រាប់អាននូវមិត្តដែលល្អ ទាំងអស់នេះនឹងនាំមកនូវសេចក្តីចំរុងចំរើន ថ្កុំថ្កើន ដែលសង្គមទទួលស្គាល់ថាជាមនុស្សល្អ អាចជាធនធានមួយដ៏ល្អសំរាប់ប្រទេសជាតិ និង សង្គមគ្រួសារ ។
៣. រមិលគុណ
ក. និយមន័យ
រមិលគុណជារឿងមួយដែលអាក្រក់បំផុត ដែលមនុស្សគ្រប់រូបគួរជៀសវាង ដែលនៅក្នុងទីនេះ វាជាបាបកម្មទីបី ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា រមិលគុណ មានន័យថា ´´ការមិនឃើញ ការមិននឹកគុណគេដែលបានជួយដល់ខ្លួន ឃើញគុណ ឬ នឹកគុណដែរតែស្បើយៗ
មិនសូវយកចិត្តទុកដាក់ ។ មនុស្សរមិលគុណស៊ុនខាងល្មើស
ចិត្តទ្រើសទ្រនង់ភ្លេចគ្រាក្រ កាលគេផ្គត់ផ្គង់ខ្លួនឲ្យល្អ
ឥតនឹកតបតសងគុណគេ ។ លុះដល់យូរមកនឹកស្ដាយក្រោយ
នឹកឃើញក្តីធ្លោយព្រោះធ្វេសទ្វេ មិនហ៊ានហើបមាត់មួយម៉ាត់ទេ
ចេះតែគេចខ្លួនពួនបំបាំង ។ ធ្វើជាមនុស្សមិនត្រូវរមិលគុណគេទេ ។´
ខ. ការលេចឡើងនៃរមិលគុណ
ការរស់នៅរបស់មនុស្សតែងតែត្រូវការអាស្រ័យទាក់ទង
រុករកគ្នាទៅវិញទៅមកជាមិនខាន ដែលយើងមិនអាចជៀសឲ្យផុតបានទេ ដូចនេះយើងមិនត្រូវរមិលគុណគេទេ
ព្រោះការរមិលគុណជាធម៌ដ៏លាមកច៍របស់មនុស្សអាក្រក់ និង បាបបុគ្គល ។ ជាធម្មតា ការសិក្សាក៏ដូចគ្នាដែរ សិស្សត្រូវប្រាស្រ័យគ្រូដើម្បីបានចំណេះដឹង
ប្តីត្រូវអាស្រ័យប្រពន្ឋ អ្នកក្រុងត្រូវអាស្រ័យអ្នកស្រែចំការ អ្នកផ្សារត្រូវអាស្រ័យអ្នកទិញ
។ មើលឃើញបែបនេះ មិនគួរឡើយណាមនុស្សយើងមានចិត្តបាប គឺការរមិលគុណនោះទេ ។ ជាងនេះទៅទៀតការមិនស្គាល់គុណដែលគេធ្វើហើយដល់ខ្លួនវារឹតតែអាក្រក់ និង លាមកច៍បំផុត ពីព្រោះបើយើងពិចារណាមើលថា នៅក្នុងព្រះពុទ្ឋសាសនាយើង ដែលប្រជាជនខ្មែរបានចាត់ទុកថាជាសាសនារបស់រដ្ឋព្រោះព្រះពុទ្ឋសាសនាមានគុណតម្លៃយ៉ាងក្រៃលេង ក្នុងការកសាងមនុស្សខ្មែរឲ្យមានគុណធម៌ សីលធម៌ និង សេចក្តីថ្លៃថ្នូរ ហើយជាប្រទេសមួយធ្លាប់មានអរ្យធម៌រុងរឿងនោះ ប្រាកដណាស់ថាព្រះពុទ្ឋសាសនាបានបង្រៀនឲ្យកូនខ្មែរចេះដឹងគុណ គឺការមិនរមិលគុណអ្នកដទៃដែលជាបាបធម៌ដ៏អាក្រក់សម្រាប់មនុស្សលាមកច៍ ។ សេចក្តីដឹង គុណអ្នកដទៃ ជាគុណតម្លៃមួយនៅក្នងវប្បធម៌ ដែលបានបង្រៀនឲ្យកូន ខ្មែរស្គាល់គុណម៉ែឪ ជីដូន ជីតា បង ប្អូន ញាតិសាច់សាលោហិត ជាដើម ហើយចេះធ្វើគុណនោះតបសងគាត់វិញដែលលោកឲ្យឈ្មោះថាកតញ្ញូតាធម៌
ដល់បុព្វការីជន គឺជនអ្នកបានធ្វើគុណមុន ។ធម៌ដែលផ្ទុយពីរមិលគុណ គឺ
ការដឹងគុណ តបគុណដល់ជនអ្នកមានគុណចំពោះយើងវិញ ។ ការសងគុណ ឬ ដឹងគុណគេអាចធ្វើឲ្យមនុស្សមានសេចក្តីថ្លៃថ្លូរ
និង សង្គមខ្មែរយើងមានវឌ្ឍនធម៌ ដែលមនុស្សជាធាតុផ្សំរបស់សង្គមមានគុណធម៌ និង តម្លៃគ្រប់គ្រាន់ ។
គ.លទ្ធផលនៃការរមិលគុណ
ជាធម្មតា ជនអ្នកអកតញ្ញូ អកតវេទី រមែងជួបនូវកី្តសាបសូន្យចាកទ្រព្យសម្បត្តិ
ញាតិមិត្តព្រមទាំងបរាជ័យក្នុងឆាកជីវិតជាក់ជាមិនខាន ទ្រព្យធា្លប់មានស្តុកស្តម្ភក៏ហិនហោចបន្តិចម្តងៗយសស័ក្តិដែលខ្ពង់ខ្ពស់ក៏ថមថយចុះជាបន្តបន្ទាប់
រិវារអ្នកតែងហែហមក៏រត់ចោលបន្តើរៗ ។ លាភដែលបំរុងនឹងកើមមានដល់ខ្លួន ក៏រសាត់អណ្តែតឆា្ងយបាត់ទៅដោយសារតែការមិនចេះដឹងគុណ
ហើយនឹងបាត់បងនូវក្តីមេត្តា ករុណាពីជនផងនានាដែលមានបំណងនឹងជួយឧបត្ថម្ភគាំទ្រចំពោះខ្លួន ។ ពេលខ្លះទៀត ឈានទៅដល់ក្តីអន្តរាយអាយុជីវិត ព្រោះតែការមិននឹកឃើញគុណរបស់អ្នកដទៃ នេះជាលទ្ធផលកើតចេញពីការមិលគុណ ។
ឃ. សេចក្តីសន្និដ្ឋាន
រួមសេចក្តីមក ការរមិលគុណជា ការមិនខ្វាយខ្វល់រលឹកដល់ទង្វើល្អនៃជនណាម្នាក់ដែលធ្លាប់បានធ្វើមកលើខ្លួនក្នុងកាលមុន ។ ភាពវងេ្វងលែងស្គាល់ឧបការៈនេះ
កើតមាននៅពេលណាជនរូបណាមួយ គិតតែពីប្រយោជន៍បុគ្គលសួនតួ ព្រងើយកន្តើយចំពោះអ្វី ដែលខ្លួនបានទទួលពីមនុស្សណាម្នាក់ មិនបានតបកុសលជាតិដល់បុព្វការីជន ត្រឡប់ជានាំមកនូវរឿងរ៉ាវអាស្រូវទៅឲ្យអ្នកទាំងនោះទៅវិញ ។ ការប្រកាន់យកនូវធម៌ មិនដឹងគុណនេះនឹងធ្វើឲ្យជនអ្នកប្រព្រឹត្ត
ជួបប្រទះក្តីអន្តរាយគ្រប់យ៉ាង ទាំងអ្វីដែលជាទ្រព្យក្នុងបច្ចុប្បន្ន
និង សេចក្តីសុខ សុភមង្គលវេលាអនាគតជាតិថែមទៀតផង ។ សង្គមមួយពេញទៅដោយ ការតបស្នងសងគុណ សង្គមនោះនឹង
សមប្រកបដោយ សុខសន្តិភាព សុវត្ថិភាព សុភមង្គល ផ្ទុយទៅវិញ បើសង្គមណាសម្បូរទៅដោយអ្នករមិលគុណ សង្គមនោះពិតជាជួប ក្តីថមថយអានុភាព សម្បូរអំពើហិង្សា បាត់បង់អស់សេចក្តីមេត្តា ការស្រលាញ់អាណិត ការប្រស់ប្រណីដល់គ្នានឹងគ្នា
មានតែការបង្ហូរឈាមប៉ុណ្ណោះ ។
៤. លើកកម្ពស់ខ្លួន
ក. និយមន័យ
បន្តមកទៀតយើងនឹងសិក្សាអំពីការលើកកម្ពស់ខ្លួនដែលជាបាបធម៌ទីបួន
នៅក្នុងទីនេះ ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការលើកកម្ពស់ខ្លួន គឺការលើកខ្លួនឯងពីក្រោមឡើងទៅលើ យោងឡើងពីទាបទៅខ្ពស់ និង
អ្នកដទៃមិនដល់ខ្លួនជាដើម ។
មនុស្សរាល់គ្នាតែងតែមានគុណវិសេសរៀងៗខ្លួន ដោយអ្នកខ្លះមានគុណសម្បត្តិច្រើន និង
អ្នកខ្លះមានគុណសម្បត្តិតិចទៅតាមការចេះកែខៃតែប៉ុណ្ណោះ ។
ខ. ការលេចឡើងនែការលើកកម្ពស់ខ្លួន
ការលើកម្ពស់ខ្លួន ជាធម៌មួយដែលធ្វើឲ្យបុគ្គលអ្នកប្រព្រឹត្តិដល់នូវសេចក្តីវិនាស
គឺស្លាប់ទាំងរស់
ព្រោះបុគ្គលនោះមិនចេះប្រមាណនូវខ្លួន ។ ឧទាហរណ៍ថា បើខ្លួនមានចំនេះតិចតែបែរជាទៅក្អេងក្អាងអួតដូចជាអ្នកមានចំនេះច្រើនហើយគិតថាមិនមាននរណាដល់ខ្លួន
ប៉ុន្តែដល់ពេលឲ្យធ្វើបែរជាមិនដឹងអុយសោះ ធ្វើនេះក៏មិនកើតធ្វើនោះក៏មិនកើត ។ ការលើកម្ពស់ខ្លួនឯងជ្រុសហួសវាអាចបណ្តាយឲ្យយើងបាត់បង់នូវការគិតជាវិជ្ជាមាន គឺថាមើលឃើញអ្នកដទៃទាបតូចជាងខ្លួន
ការគិតបែបនេះយូរៗទៅអាចធ្វើឲ្យមានអន្តរាយដល់ខ្លួន ហើយវានាំឲ្យអ្នកដទៃពេបជ្រាយ
សើចចំអក ស្អប់ខ្ពើម មិនចូលចិត្ត មានអារម្មណ៍ធុញទ្រាន់ និង មិនចង់រាប់អាន ដោយសារតែការលើកកម្ពស់ខ្លួន និង ការគ្រអឺតគ្រទមចំពោះការដែលមាននូវរបស់ដែលមិនមាន ។
គ. លទ្ឋផលនៃការលើកកម្ពស់ខ្លួន
យើងអាចប្រៀបមនុស្សបែបនេះទៅនឹងសត្វមួយប្រភេទ
ដែលចូលចិត្តតែភាពអស្ចារ្យចំពោះ ខ្លួនឯង ទើបមានគំនិតមួយថា មានតែអញទេដែលល្អ ប្រសើរ
និង ខ្ពង់ខ្ពស់ជាងគេឯងរាល់គ្នា ។ ពេលខ្លះក៏បណ្តាល់មកពីអវិជ្ជាគ្របសង្កត់នូវសន្តានចិត្ត
ដែលធ្វើឲ្យបុគ្គលនោះៗភ្លេចគិតថានៅមានគេមានឯង ។ ដូចពាក្យចាស់បូរាណលោកពោលថា ភ្នំហើយខ្ពស់នៅតែមានស្មៅដុះពីលើខ្ពស់ជាងភ្នំនោះទៀត ។ យើងគួរតែគិតថានៅលើផែនដីយើងនេះ មិនមាននរណាម្នាក់ល្អឥតខ្ចោះទេ តែនៅមានមនុស្សជាច្រើនណាចេះ ឬ
ប្រសើរជាងយើង ។ ដូចនេះយើងគួរតែដាក់អស្មិមានៈចុះ គឺថាដាក់សេចក្ដីប្រកាន់ថាអញមាន សេចក្ដីប្រកាន់ចិត្តរឹងត្អឹងថាអញនេះចោលដើម្បីកុំឲ្យមាកការលើកម្ពស់ខ្លួនហួសហេតុពេក ដែលបណ្តាលឲ្យមានអញច្រើន ហើយដែលជាហេតុនាំឲ្យកើតទុក្ខ វេទនា និង សេចក្តីអន្តរាយ ។
ឃ. សេចក្តីសន្និដ្ឋាន
សរុបសេចក្តីមកបានឲ្យយើងដឹងថា
ការលើកកម្ពស់ខ្លួន ជាអំពើមួយដែលមិនគួរធ្វើ និង គិត ដោយតិចតួចសោះ ។ វាគ្រាន់តែជាការបោកបញ្ឆោតរបស់អស្មិមានៈចិត្តតែប៉ុណ្ណោះ
ដែលធ្វើឲ្យអ្នកដទៃមានការមើលងាយមើលថោកមកលើយើងវិញប៉ុណ្ណោះ ហើយការលើកកម្ពស់ខ្លួនក៏មិនមែនជាការល្អណាស់ណាដែលអាចផ្តល់ឧត្តមភាព
និង សុភមង្គលដល់បុគ្គលអ្នកសាងឡើងនោះទេ ។ យើងត្រូវនិយាយអ្វីដែលជាសច្ចភាពរបស់មនុស្ស កុំមុសា
ដែលជាធម៌ដ៏លាមកច៍របស់មនុស្ស និង ទេវតា ។ ម្យ៉ាងទៀតយើងមិនត្រូវគិតថា
យើងមកពីត្រកូលខ្ពង់ខ្ពស់ ស្តេចទេវតា ណានោះទេ ។ ការកើតមកជាមនុស្សជាការកម្រ
ដូចនេះយើងត្រូវប្រព្រឹត្តិសុច្ចរិតតាមកាយ វាចា និង ចិត្ត ដែលជាកុសលធម៌សម្រាប់នាំយើងទៅកាន់ភាពថ្កុំថ្កើង
និង សុភមង្គល ដល់ជីវិតយើង ។ កុំអួតហួសមាឌ និង
កុំអង្គុយលើចង្អែលើកខ្លួនឯងវាមិនប្រសើរទេ ។ យើងទុកឲ្យអ្នកដទៃសរសើរនិង
អួតអំពីយើងជំនួសយើងទៅវិញទើបប្រសើរ ។ ការនិយាយពាក្យពិតមិនស្លាប់ និង ការដម្កល់ខ្លួនឲ្យត្រឹមត្រូវជាទង្វើមួយដ៏ប្រពៃសម្រាប់មនុស្ស
។
៥. ច្រណែន
ក. និយមន័យ
នេះជារឿងមួយដោយឡែក
ចំពោះពាក្យថាច្រណែន ដែល តាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ច្រណែន គឺជា ´ការមិនសុខចិត្តដោយគេបានលើសខ្លួន ឬ ដោយគេបាន ខ្លួនមិនបាន ។´ វាមិនគួរណាសោះថាមនុស្សចេះច្រណែនគ្នា ដែលខុសពីសត្វត្រង់ដែលថាសត្វមិនដែលគិតថាច្រណែនចំពោះសត្វគ្នាវា បើនរណាបានអីស៊ីក៏ស៊ីទៅ
នរណាបានស្រួលក៏ស្រួលទៅ ។ ដូចនេះយើងឃើញថា
មនុស្សកើតមកនាំមកនូវអកុសលធម៌ជាច្រើនតាមខ្លួនដែលអកុសលធម៌ទាំងនោះរួមទាំងការច្រណែននេះផង
។
ខ. ការលេចឡើងនៃការច្រណែន
យើងត្រូវដឹងថាអកុសលចិត្តដែលកើតអំពីការច្រណែននេះមានទំងន់ធ្ងន់ណាស់
ព្រោះជាធម៌មិនគ្រប់គ្រាន់ ជាធម៌នាំមកនូវទុក្ខវេទនា និង
សេចក្តីខ្លោចផ្សានៅក្នុងដូងចិត្តរហូត គឺដោយការមិនចេះឆ្អែតឆ្អន់នូវពាក្យថាបាន និង មាន ។ ធម៌ច្រណែន អាចកើតឡើងគ្រប់មនុស្ស មិនថាក្មេង ឬ ចាស់ ខ្មៅ ឬ ស ល្អ ឬ អាក្រក់
នៅពេលការច្រណែនកើងឡើងហើយវាធ្វើឲ្យយើងនៅមិនស្ងៀមគឺចង់បានហើយចង់បានទៀត ទោះមានប៉ុន្មានក៏មិនស្កប់ស្កល់ ។ ពេលខ្លះឃើញគេបានច្រណែននឹងគេដោយខ្លួនឯងមិនបានទៅរកនឹងគេផង ហើយចងបានទ្រព្យគេដែលគេបានមកដោយកំលាំងញើសឈាម និង ការតស៊ូរបស់គេ ។ ការច្រណែនអាចបណ្តាលឲ្យយើងមានចិត្តល្អក់កករ មិនស្អាត និង ខូចសុខភាពផ្លូវចិត្ត ដែលអាចបណ្តាលឲ្យចិត្តរវើរវាយ ឬ កា្លយជាឆ្គួតទៀតផង ។
ការសិក្សាក៏មានការច្រណែនគ្នាដែល
ដូចជាសិស្សខ្លះបានពិន្ទុតិចជាងសិស្សខ្លះបែរជាខឹងមិនត្រឹមតែខឹងនឹងសិស្សគ្នាឯងថែមទាំងខឹងរហូតដល់គ្រួជាអ្នកឲ្យពិន្ទុនោះទៀតផង
ព្រោះតែសេចក្តីច្រណែនអាចនាំឲ្យសិស្សនោះធ្វើអំពើមិនល្អមកលើសិស្សដទៃទៀត និង
លោកគ្រួទៀតផង ឬ ក៏មានចិត្តចង់ឈប់រៀនផងដែរ ។ ខឹងខុសខឹងខាតខឹងខូចប្រយោជន៍ ព្រោះតែការច្រណែន ។
ដូចនេះយើងគួរសិក្សាស្វែងយល់អំពីការច្រណែន ដោយការវឹកហាត់ និង
រម្ងាប់ចិត្តដែលផ្ទុកទៅដោយការច្រណែន តាមរយៈការសិក្សាព្រះធម៌ និង អប់រំចិត្តគំនិតឲ្យបានស្អាតល្អ
ជាមនុស្សប្រកបដោយគុណធម៌ ផុតចាកនូវឥស្សាគឺការច្រណែននេះឯង ។ ការអប់រំកាយវាចាចិត្តឲ្យប្រកបទៅដោយសីលធម៌របស់មនុស្ស
ជាទង្វើដ៏ប្រពៃដែលយើងរាល់គ្នាគួរគប្បីធ្វើ ។
គ. លទ្ឋផលនៃការច្រណែ
ជាលទ្ធផលគឺបានត្រឹម ការខូចខាតតាំងពីប្រយោជន៍តូច
រហូតដល់ប្រយោជន៍ធំៗ ព្រោះតែមិនចង់ឲ្យអ្នកផងបានខ្ពង់ខ្ពស់ ខ្លួនក៏ទទួលបាននូវភាពអាប់ឱនដែរ
គ្រប់ពេលរវល់ក្នុងរឿងច្រណែនគេ ភ្លេចអស់ការងារត្រូវធ្វើនិងសេចក្តីល្អត្រូវបំពេញ ។ តាមធម្មតា
មនុស្សគ្រប់អង្គាក្នុងត្រៃភពនេះគ្មានការស្មើគ្នាទេទោះខិតខំធ្វើការបង្រួបបង្រួមនូវគម្លាតរវាងអ្នកមាន និង អ្នកក្រយ៉ាងណាក៏ដោយតើអ្វីទៅជា បញ្ហាដែលបណ្តាលឲ្យមនុស្សមានស្ថានភាពខុសប្លែកគ្នា
ដោយហោចទៅមុខមាត់ រូបរាងកាយក៏ខុសគ្នាទៅ ហើយ? ធម្មជាតិចាត់ចែងវត្ថុនានាក្នុងលោក ឲ្យប្រព្រឹត្តទៅជាគូគឺមានអ្នកដឹកនាំនិងអ្នកដែលត្រូវគេដឹកនាំ
មាន អ្នកក្រកម្សត់អត់ឃ្លាន និង អ្នកមានស្តុកស្តម្ភសេដ្ឋីគហបតី មានប្រុសនិងស្រី មានអ្នកល្ងង់ខ្លៅនិងអ្នកប្រាជ្ញ កវីបណ្ឌិតជាដើម
។ ប្រការនេះ បណ្តាលមកពីចរិយាការប្រព្រឹត្តរបស់មនុស្សសត្វមានលក្ខណៈខុសគ្នាដែរ បុគ្គលខ្លះចូលចិត្តការប្រតិបត្តិអំពើអាក្រក់ ជនខ្លះទៀតមានចំណង់ខាងការប្រព្រឹត្តធ្វើរឿងសុចរិតត្រឹមត្រូវ
។ ព្រោះតែ ការងារមនុស្សខុសគ្នា ទើបមនុស្សកើតមកស្ថិតក្នុងស្ថានភាពទីទៃៗ ការងារហ្នឹងហើយជាចលករជំរុញឲ្យមាន ជាបែបផែនមិនស្របគ្នា ពេលខ្លះអាចត្រឹមតែភាពប្រហាក់ប្រហែលគ្នា តែមិនអាចដូចគ្នាទាំងស្រុងនោះទេ សូម្បី បងប្អូនភ្លោះក៏គង់ខុសគ្នាត្រង់ចំណុចណាមួយមិនខាន
។ ដូច្នេះការច្រណែន ជាការមិនព្រមទទួលយកនូវអ្វី ដែលជាលទ្ធផល នៃការសន្សំទុករបស់ខ្លួនពីក្នុងកាលអតីតជាតិ និង អតីតកាលក្នុងបច្ចុប្បន្នជាតិ ប្រសិនក្នុងកាលមុនមនុស្សបានសន្សំរឿងរ៉ាវមានប្រយោជន៍ច្រើនជាងគេ ម្លោះប្រហែលជាក្នុងកាលឥឡូវនេះអ្នកទទួល
បាននូវភាពប្រសើរខ្ពង់ខ្ពស់ជាងគេ មិនបាច់អង្គុយតែច្រណែនអ្នកដទៃនោះទេ ។ ការច្រណែនមិនមែនជាមាគ៌ា នៃភាពប្រសើររុងរឿង ថ្លៃថ្លាព្រមទាំងប្រកបដោយកិត្យានុភាពនោះទេ
ផ្ទុយទៅវិញបានត្រឹមតែធ្វើការដុតកម្លោច ដួងចិត្តបេះដូងតែប៉ុណ្ណោះ បាត់បង់មិត្តសម្លាញ់
បាត់បង់សេចក្តីមេត្តាការរាប់អានរវាងគ្នានឹងគ្នា មួយអន្លើដោយ ការខាតខូចប្រយោជន៍ចាប់ពីតូចតាចរហូតទៅដល់ធំ។
ឃ. សេចក្តីសន្និដា្ឋន
សរុបសេចក្តីមកការច្រណៃនវាធ្វើឲ្យយើងដេកត្រាំទុក្ខវេទនា គឺចិត្តក្តៅក្រហាយ
ព្រោះឃើញគេបានចង់បាននឹងគេ ។
ណាមួយបុគ្គលដែលច្រណៃនគេតែងតែមិនចង់ឲ្យគេបានអ្វីលើសខ្លួន ហើយមានគំនិតចង់ឲ្យគេនៅទាបជាងខ្លួនរហូត
ដែលចិត្តទាំងនោះវាធ្វើឲ្យយើងរងទុក្ខវេទនាខ្លោចផ្សា ដែលលោកពោលថាជាបាបកម្មរបស់មនុស្ស
។ បាបកម្មនេះកើតមាន តាមរយៈការសំឡឹងរំពៃ ក្នុងចិត្តមមៃចង់មានចង់បានច្រើនជាងគេ ចង់មានភាពខ្ពង់ខ្ពស់ តែបើឃើញនរជនដទៃ
ទទួលបានការគោរពរាប់អាន មានយសស័ក្តិ ទ្រព្យធនវិសេសវិសាលលើសខ្លួន ក៏កើតជាគំនិតអួលអាក់ ទើស ទាស់ចំពោះភាពរុងរឿងនោះៗ ។ កំឡុងពេលដែលចិត្តប្រកបព្រមដោយសភាពច្រណែនឈ្នានីស ដួងចិត្តបុគ្គល កើតកើនកំដៅ មួរម៉ៅមិនសប្បាយ ច្រាសច្រាល អន្ទះសារ ប្រាថ្នាសេចក្តីវិនាសដល់នរជនផ្សេងទៀត ព្រោះតែ មិនចង់ឃើញ
មិនចង់ឮនូវវឌ្ឍនភាពនៃបុរសក្រៅពីខ្លួន ។ បុគ្គលពោរពេញជោគជាំតាមអំណាចនៃការច្រណែនរមែងពោលអាក្រក់
គិតអាក្រក់ ព្រមទាំងធ្វើអាក្រក់គ្រប់យ៉ាងដើម្បីរារាំងការរីកចម្រើនលូតលាស់របស់ជនរូប
ណាម្នាក់ដែលនឹងអាចឧត្តង្គឧត្តមហួសអាត្មា ហើយបាបកម្មនេះ នឹងនាំដល់ការហិនហោចអន្តរាយខ្លួនឯងជាជាងមនុស្សដទៃ ដែលខ្លួនប្រាថ្នាចង់ឲ្យមានការសាបសូន្យនោះ ។
៦. កំណាញ់
ក. និយមន័យ
ការសិក្សារបស់យើងកាន់តែរំកិលទៅមុខបន្តិចម្តងៗ
ដែលក្នុងនោះយើងបានឆ្លងកាត់ការច្រណែន ហើយនឹងឈានដល់អកុសលធម៌មួយទៀតដែលគេហៅថា កំណាញ់
ដែលវាផ្ទុយនឹងពាក្យថា ការឲ្យ ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការកំណាញ់ ឬ ការកាញ់គ្នេរ
ដែលហួងហែងទ្រព្យរបស់ទុកមិនចាយ មិនប្រើ ឬមិនឲ្យសាធារណ៍ទួទៅដល់អ្នកឯទៀត ។ កំណាញ់ជាអកុសលធម៌មួយបែបដែលមិនអាចធ្វើឲ្យយើងមាន
បងប្អូន ញាតិមិត្ត រាប់អានយើងឡើយ ព្រោះធម៌នេះបានបង្ខាំងបិតជិតទៅហើយនូវការរាប់រក
និង ចែករំលែកនូវសេចក្តីសុខដែលខ្មែរតែងតែមានប្រពៃណី គឺវប្បធម៌ចែករំលែក ។
យើងធ្លាប់បានដឹងហើយថា ប្រជាជនខ្មែរយើងនៅពេលបានរបស់អ្វីបន្តិចបន្តួចតែងតែចែកគ្នាទោះរបស់នោះតិចក្តី ច្រើនក្តី ។ នេះសបញ្ជាក់ថាខ្មែរយើងមិនមានអកុសលធម៌ គឺការកំណាញ់នេះទេ ។
ខ. ការលេចឡើងនៃកំណាញ់
ការរស់នៅរបស់យើងតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក
ជាក់ជាមិនខាន ដោយគ្នានបុគ្គលណាមួយអាចរស់នៅតែឯឯងបានទេ ដូចនេះយើងមិនគួរមានចិត្តកំណាញ់ដោយលាក់លៀមទុកតែខ្លួនឯង ។ យើងត្រូវចេះចែករំលែកដើម្បីឲ្យអ្នកដទៃបានសេចក្តីសុខដូចខ្លួនផងនោះសង្គមក៏គ្មានការវឹកវរដោយការខ្វះខាត និង អត់ឃ្លាន
ព្រោះបើបុគ្គលណាមួយមានសេចក្តីសេ្រកឃ្លានជ្រូតជា្រប់ហើយ
សេចក្តីងងឹតដោយមោហៈក៏កើតឡើងដែលបណ្តាលឲ្យបុគ្គលធ្វើអំពើអាក្រក់ផ្សេងៗមានការលួចឆក់ប្លន់ ជាដើម ។
ទោះបីយ៉ាងណាយើងគួរតែចេះធ្វើអំពើជាកុសលគឺការឲ្យទាន ដែលការចិញ្ចិមចិត្តនូវការឲ្យទាននេះជាឬសគលនៃការកំទេច
និង កំចាត់នូវចិត្តកំណាញ់ ។ ម្យ៉ាងវិញទៀត បើយើងមានចិត្តចេះជួយបងប្អូន
ញាតិមិត្តដោយការមិនមានចិត្តកំណាញ់នោះយើងនឹងមានបងប្អូន ញាតិមិត្តច្រើន
ដែលគេគោរពស្រលាញ់រាប់អាន យើង ហើយចាត់ទុកយើងជារាមច្បង ។ នៅពេលយើងមានទុក្ខ ឬ ខ្វះខាតអ្វី ក៏បងប្អូន ញាតិមិត្ត គេជួយជ្រុំជ្រែង
ដោយការធ្វើតបនូវការមិនកំណាញ់ នៅពេលនោះយើងក៏បានសុខ ញាតិមិត្តរបស់យើងក៏បានសុខដោយការចេះជួយគ្នាទៅវិញទៅមក ។
ម្យ៉ាងវិញទៀត ចិត្តកំណាញ់ជាធម្មជាតិពោរពេញដោយក្តីលោភលន់
ប្រកាន់មុតមាំក្នុងមនុស្ស សត្វ វត្ថុ និង ទ្រព្យធននានា ដែលជាវិញ្ញាណកទ្រព្យក្តី អវិញ្ញាណកទ្រព្យក្តី(ទ្រព្យមានវិញ្ញាណនិងទ្រព្យមិនមានវិញ្ញាណ) ហើយមិនចង់ឲ្យវត្ថុទាំងនោះបាត់បង់ទៅវិញ ព្រោះតែគ្មានការយល់ដឹងអំពីធម្មជាតិ ដែលប្រកបដោយការប្រែប្រួល
។ កំណាញ់មួយប្រភេទដែលជាប្រមុខធំក្នុងសេចក្តីសាបសូន្យ គឺការកំណាញ់ស្វិតស្វាញចំពោះខ្លួនឯង
។ ជាការពិតណាស់មានមនុស្សមួយប្រភេទនោះ មួយថ្ងៃៗ ប្រើសេចក្តីព្យាយាមខ្លាំងក្លា ខ្នះខ្នែងរកទ្រព្យមកគរទុកច្រើនឡើងបន្តិចម្តងៗ តែធនធានប៉ុន្មានដែលខំរកបាននិងសន្សំទុកកន្លងមក ខ្លួនមិនហ៊ានចាយ
មិនហ៊ានប្រើប្រាស់ ហើយចេះតែសន្សំទុកយូរទៅៗ មិនព្រមយកធនធានទាំងនោះធ្វើឲ្យទៅជាប្រយោជន៍សម្រាប់ខ្លួនឯងសោះ សុខចិត្តស៊ីអត់ ស៊ីឃ្លាន ប្ហូបដែលឆ្ងាញ់
មិនដែលទិញយកមកបរិភោគទេ ចៀវតែម្ហូបអាហារណាមានតម្លែថោក ចំណែកខោអាវវិញប្រើប្រាស់សំលៀកបំពាក់ណាដែលអន់ ដាច់ដាចមុខក្រោយជាដើម។ ខ្លួនជាអភិជន មកដាក់ទារុណអង្គប្រាណដូចអ្នកសុំទាន
ទុកពោះឲ្យឃ្លាន ទុកអង្គកាយាឲ្យអប្បអន់សម្បុរ រងារគួរឲ្យសង្វេគពន់ពេក
។ ត្រង់ប្រការនេះហើយដែលបណ្ឌិតអ្នកប្រាជ្ញនានាលោកំណត់ថាធ្វើនូវសេចក្តីវិនាសដល់ខ្លួនឯង
យកខ្លួនឯងធ្វើជាសត្រូវ ហើយជាសត្រូវដែលគួរខ្លាចជាងសត្រូវដទៃរាប់ពាន់រាប់លានដង
។ លោកបានដាស់តឿនថា ទ្រព្យធនធានដែលមានហើយ ត្រូវចាយវាយវាឲ្យត្រឹមត្រូវតាមសមគួរ និង ស្របតាមលទ្ធភាព
គប្បីស្វែងរកសេចក្តីសុខមកដាក់អង្គអាត្មាឲ្យបាន បើមិនមានសមត្ថភាពរកការចម្រើនសម្រាប់អ្នកដទៃទេនោះ ។
គ. លទ្ឋផលនៃការកំណាញ់
ទោសជាតិទាំងឡាយនឹងកើតចេញពី ការកំណាញ់
ត្បិតត្បៀត លាក់បំពួននេះ ក្នុងកាលបច្ចុប្បន្នក៏មាន ទៅបរលោកក៏មាន ។ វាបណ្តាលឲ្យបាត់បង់ជនទាំងពួងដែលជាញាតិមិត្តធ្លាប់មានមកហើយអ្នកបម្រុងនឹងបង្តើតសម្ព័ន្ធភាពជាសម្លាញ់នឹងគ្នាបែរជាសាបសូន្យទៅវិញ
ខ្លួនឯងផ្ទាល់ប្រព្រឹត្តទៅដោយលំបាក គឺរស់ក្នុងស្ថានភាពយ៉ាប់យឺនអត់ឃ្លានដូចអ្នកសុំទាន ហើយក៏ជាប្រភពដើមនៃភាពក្រខ្សត់ក្នុងបរលោក បើតាមទ្រឹស្តីនៃព្រះពុទ្ធសាសនា ។ និយាយឲ្យចំគឺ
បានអ្វីស៊ីលាក់បំពួន ហើយបើមានទុក្ខហៅគេឲ្យជួយ
នេះលោកថាជាបាបកម្មដ៏លាមកច៍ដែលអាចបណ្តាលឲ្យអ្នកប្រព្រឹត្តវិនាសអន្តរាយ ។
ឃ. សេចក្តីសន្និដ្ឋាន
រួមសេចក្តីមកធម៌កំណាញ់ជាឬសគលនៃសេចក្តីវិនាស
ដែលលោកអ្នកប្រាជ្ញទាំងឡាយ លោកស្អប់ខ្ពើម និង តែងតែពន្យល់មនុស្សជំនាន់ក្រោយឲ្យលះបង់នូវធម៌នេះចេញ
ហើយធម៌កំនាញនេះក៏នាំមកនូវសេចក្តីវេទនា និង អមិត្តនៅក្នុងសង្គម ។
នៅពេលឃើញទោសនៃសេចក្តីកំណាញ់យើងគួរតែនាំគ្នាជៀសឲ្យផុត ដោយការធ្វើទានរក្សាសីល
ញញឹមរាក់ទាក់ជាមួយមិត្ត ញាតិសាលោហិត បងប្អូន
ដែលនាំមកនូវសេចក្តីសុខសុភមង្គលឲ្យដល់ខ្លួន និង សង្គមជាតិទាំងមូល ។
៧. លាក់ទោសកំហុសខ្លួនទុក
ក. និយមន័យ
ការសិក្សារបស់យើងកាន់តែជ្រៅទៅៗ
ដែលធ្វើឲ្យយើងកាន់តែចូលចិត្តនូវការសិក្សានូវបាបធម៌ដើម្បីស្វែងយល់ នឹង ជៀសឲ្យផុតនូវបាបធម៌ទាំងអស់នេះ
។ មកដល់ត្រឹមនេះយើងនឹងសិក្សានូវបាបធម៌មួយទៀតគឺការលាក់ទោសកំហុសខ្លួនទុក
។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការលាក់ទោសកំហុសខ្លួនទុក គឺជាការលាក់នូវកំហុស ឬ សេចក្តីខុស ឬ ទង្វើខុស ទុកមិនឲ្យនរណាក្រៅពីខ្លួនដឹង
ហើយក៏មិនចង់ឲ្យអ្នកណាម្នាក់ដឹងរឿងខ្លួនដែរ ។ ប្រាកដណាស់ហើយថាមនុស្សកើតមករាល់រូបតែងតែមានអាក្រក់
ល្អ ធ្វើត្រូវ និង ធ្វើខុស មិនអាចជៀសរួចបានឡើយ ។ តើថានរណាមួយថាមិនខុស ? បើយើងដឹងថាខុសហើយចេះកែខ្លួននេះជាទង្វើដ៏ប្រពៃដែលមនុស្សគ្រប់រូបគួរប្រព្រឹត្តិ
គួរយកតម្រាប់តាម នឹងកែខៃកំហុសរបស់យើងឲ្យទៅជារបស់ល្អ គឺអំពើល្អនោះទើបហៅថា ជាអ្នកមិនង៉ក់ក្នុងកំហុសដែលយើងហៅថាអំពើបាបនោះ ។ ការសារភាពនូវទោសកំហុសខ្លួន វាជាសេចក្តីល្អរបស់មនុស្ស ប៉ុន្តែហេតុអ្វីបានជាមនុស្សមួយចំនួន
មិនហានសារភាពនូវទោសកំហុសខ្លួន នៅតែខ្លាចមិនហ៊ានបង្ហាញនូវការប្រព្រឹត្តិខុសរបស់ខ្លួន
បែរជាព្យាយាមខិតខំបិតបាំង មិនឲ្យអ្នកដទៃដឹងទៅវិញ ។ ប្រាកដណាស់ថាវាជាទង្វើរបស់មនុស្សល្ងង់ ។
ខ. ការលេចឡើងនៃការលាក់ទោសកំហុសខ្លួនទុក
ទោះបីជាយ៉ាងណាការលាក់កំហុសរបស់ខ្លួនទុកក៏មកពីសេចក្តីអៀនខ្មាស់
និង ការមិនទទួលស្គាល់នូវអំពើដែលខ្លួនប្រព្រឹត្តិ ពីព្រោះទង្វើនោះជាទង្វើដែលខុសពីសីលធម៌
មនុស្សធម៌ និង គុណតម្លៃជាមនុស្ស ។ ម្យ៉ាងវិញទៀត
ការលាក់ទុកនូវកំហុសនៅក្នុងបេះដូងតែម្នាក់ឯង វាពិតជាមានការឈឺចុកចាប់
ក្តៅក្រហល់ក្រហាយតែម្នាក់ខ្លាំងណាស់ ព្រោះទង្វើដែលខ្លួនធ្វើបា្រសចាកនូវ កុសលធម៌
គឺសេចក្តីល្អ ហើយយូរៗទៅវាអាចធ្វើឲ្យខូចដូងចិត្តដ៏បរិសុទ្ឋរបស់យើង យ៉ាងណាម៉ិញការក្រហល់ក្រហាយដូងចិត្តវាក៏បណ្តាលឲ្យមានជំងឺផ្លូវចិត្តដែលគេហៅថា
វិកលចរិត ។ ទាំងអស់នេះដោយសារតែយើងមានវិប្បដិសារី
និង គិតតែឯកឯង ដោយគ្មានការនិយាយជាមួយមនុស្សផងគ្នាដើម្បីបន្ធូរអារម្មណ៍ គឺកំហុសដែលខ្លួនបានធ្វើ ។ បើយើងមានរឿងអ្វី
យើងគួរតែរកមិត្ត ឬ នរណាម្នាក់ដែលជិតស្និតជាមួយយើងមកនិយាយគ្នាលែងអំពីទង្វើដែលយើងប្រព្រឹត្តខុស
ដោយស្នើសុំឲ្យគេផ្តល់នូវគំនិតផ្សេងៗដើម្បីបានកែនូវកំហុសរបស់ខ្លួនដែលបានធ្វើខុសនោះ
។
គ. លទ្ឋផលនៃលាក់កំហុសខ្លួនទុក
ការប្រកាន់យកនូវការលាក់ទោសកំហុសទុកយូរៗទៅនឹងនាំបុរសនោះ
ឲ្យហ៊ានប្រព្រឹត្តធ្វើនូវកម្មអាក្រក់លាមក មិនជាទីប្រាថ្នានៃមនុស្សជាតិ កាន់តែខ្លាំងឡើងតាំងពីបាបតូចតាច
រហូតដល់បាបធំៗ មានការបំផ្លិចបំផ្លាញទ្រព្យធនធានប្រទេសជាតិជាដើម
។ សព្វថ្ងៃនេះ នៅក្នុងសង្គមខ្មែរមានច្រើនរូបភាពណាស់ ដូចប៉ូលីសប្រឆាំងគ្រឿងស្រវឹងញៀនញ៉ាម តែងចុះបង្រ្កាបបទល្មើសនានាគ្រប់ច្រកល្ហក ចាប់ជនល្មើសផ្តន្ទាទោស និងរឹបអូសយកវត្ថុតាងមករក្សាទុក ព្រមទាំងកំទិចចោល តែផ្ទុយទៅវិញនៅពីក្រោយខ្នង ប៉ូលីសអ្នកបង្រ្កាបគ្រឿងញៀននោះឯងដែលប្រព្រឹត្តបទល្មើសធំៗ ច្រើនជាងឧក្រិដ្ឋជនទៅទៀត នេះជាឧទាហរណ៍ជាក់ស្តែងដែលយើងអាចឃើញបាននៅក្នុងសង្គមមនុស្ស នូវទង្វើលាក់ទោសកំហុសទុក។
ឃ. សេចក្តីសន្និដ្ឋាន
តាមន័យខាងលើយើងឃើញថា
ការលាក់កំហុសខ្លួនឯងទុកជាគំនិតដ៏លាមកច៍
ដែលទង្វើនេះធ្វើឲ្យយើងបាតបង់នូវសតិបញ្ញាស្មារតី ហើយរហូតដល់ទៅឈឺផ្សាក្នុងចិត្ត
មានជំងឺមួយគឺ វិកលចរិត ជាមនុស្សមិនគ្រប់ទឹកទៀតផង ។ ដោយឃើញហេតុយ៉ាងនេះបុគ្គលអ្នកប្រព្រឹត្តគួរជៀសវាងឲ្យផុតពីការលាក់ទុកនូវកំហុសខ្លួន
ព្រោះទង្វើនេះ នាំមកនូវតែសេចក្តីវិនាសហិនហោច ដល់ខ្លួន និង សង្គមជាតិ ។
បើយើងបានធ្វើអ្វីយើងត្រូវចេះទទួលខុសត្រូវចំពោះរឿងនោះ និង
ទទួលស្គាល់ថាយើងបានធ្វើខុសដើម្បីកែលំអ មិនត្រូវសន្សំទុកតែក្នុងចិត្តនោះទេ ។ កំហុសជាមេរៀន
តែកុំខុសដដែលៗ ។ ម្យ៉ាងវិញទៀតកំហុសគឺជាបទពិសោធសំរាប់ជីវិត
តែយើងត្រូវយកកំហុសនោះមកកែលំអជាថ្មី ឲ្យវាក្លាយជាមេរៀនដ៏មានន័យខ្លឹមសារជាថ្មី ។
៨. អួត
ក. និយមន័យ
មកដល់បាបកម្មទីប្រាំបី ដែលមនុស្សឥឡូវចូលចិត្តធ្វើជាងគេ
គឺការអួត ដែលការអួតនេះបណ្តាលឲ្យយើងមានអកុសលធម៌ក្នុងខ្លួន ។ អកុសលធម៌នេះ វាក៏បណ្តាលឲ្យយើងខូចប្រយោជន៍យ៉ាងធំដោយសារការអួតរបស់យើង ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការអួត គឺជាការនិយាយលើកសរសើរ, ប្រកាសគុណ, ប្រកាសសេចក្ដីល្អ ឲ្យអ្នកដទៃស្ដាប់ ឬ និយាយលើកបំផ្លើសលើសហេតុពិតឲ្យគេស្ងើច ។ កុំអាលអួតមុនឲ្យស៊ុនខូចការ
ការមិនទាន់សម្រេចទេ កុំប្រញាប់និយាយអួតមុន ការអ្វីមិនទាន់ដល់ កុំខ្វាយខ្វល់ពោលអួតមុន ព្រោះក្រែងអួតទៅស៊ុន អួតមុនច្រើនតែខូចការ ។ ជួនកាលមានសត្រូវ
រារាំងផ្លូវឬខាំងខារ ពុំអាចនឹងការពារ បែរជាស្ទោកខូចការអស់ ។ ពេលខ្លះការអួតក៏ផ្តល់នូវប្រយោជន៍ល្អ ការអួតបែបនេះរួមមាន ការអួតរបស់ដែលមាន និង ចំនេះ ដើម្បីឲ្យអ្នកដទៃស្គាល់ និង ដឹងថាយើងចេះអ្វី និង មានជំនាញណាមួយនូវក្នុងខ្លួន
។ ពេលគេដឹងហើយរឿងនេះនឹងទៅជាផលប្រយោជន៍ចំពោះយើងវិញ ។ ប៉ុន្តែការអួតនៅក្នុងទីនេះ
គឺសំដៅទៅប៉ែកខាងអកុសលធម៌ដែលលោកហៅថាបាបកម្មនោះឯង ដែលនាំឲ្យបុគ្គលអ្នកប្រព្រឹត្តនូវអំពើនោះទទួលបាននូវ
សេចក្តីវិនាស អន្តរាយចាកកុសលធម៌ ដែលជាធម៌របស់មនុស្ស ។
ខ. ការលេចឡើងនៃការអួត
មនុស្សដែលចេះតែអួតគឺកំពុងតែនាំខ្លួនទៅរកក្តីអន្តរាយ
ពីព្រោះមនុស្សជាច្រើនមិនចូលចិត្តការអួត ឬ ស្តាប់ការអួតរបស់អ្នកដទៃ
នៅពេលនោះពួកគេនឹងទៅកាន់តែឆ្ងាយពីមនុស្សអួតដែលធ្វើឲ្យមនុស្សអួតនៅឯកា
កណ្តោចកណ្តែងដោយមិនមានមិត្តភ័ក្រញាតិសន្តានគេរាប់រកឡើយ ។ ដោយសារតែសំដីហួសមាឌ
ហើយគ្មានពាក្យណាមួយជាពាក្យពិតដែលអាចយកជាការណ៍បានបុគ្គលដែលនិយាយបែបនេះ
ដើរអួតបែបនេះ ទៅណាមកណាក៏គេមិនជឿ ធ្វើអ្វីក៏គេមិនជឿថាអាចធ្វើបាន
ហើយបើទៅសុំការងារគេធ្វើដោយខ្លួនមិនមានចំនេះដឹង បែរជាអួតថាមាន ដល់ពេលគេឲ្យធ្វើបែរជាធ្វើមិនកើត នៅពេលគេដឹងពុតត្បុតរបស់បុគ្គលនោះ គេលេងរាប់អាននឹងផ្តល់ការងារណាមួយឲ្យធ្វើទៀតឡើយ ។
គ. លទ្ឋផលនៃការអួត
ការអួតលើកកំពស់ខ្លួនឯងដែលហួសពីសមត្ថភាពដែលខ្លួនមាន ជាចំនុចខ្យោយរបស់មនុស្សល្ងង់ ។ វាក៏គ្មានប្រយោជន៍អ្វីអំពីការអួតឡើយ
វាមានតែការស្អប់ និង មិនមានការរាប់អានពីមនុស្សផងគ្នា
កើតមកជាមនុស្សយើងត្រូវចេះទទួលស្គាល់ភាពខ្លាំង និង ភាពខ្សោយរបស់យើង
ហើយកែប្រែចំនុចខ្សោយរបស់យើងឲ្យកា្លយជាចំនុចខ្លាំងវិញ ។ ដូចពាក្យចាស់លោកពោលថា “អ្នកចេះដប់មិនស្មើអ្នកប្រសបមួយ” ទោះបីយើងចេះយ៉ាងណាក៏នៅមានការខ្វះខាតមិនអាចចេះអស់ដូចនេះយើងត្រូវការពឹងពាក់អ្នកដទៃឲ្យជួយយើងដើម្បីកែខៃនូវចំនុចខ្សោយ
និង អភិវឌ្ឍខ្លួនយើងឲ្យពូកែតែម្តង កុំចេះតែថា កុំចេះតែអួត បានតែមាត់កិច្ចការណ៍អត់កើត ដែលគេហៅថាមិនខ្នើត ។ ចំពោះមនុស្សអ្នកមានសមត្ថភាពពិតប្រាកដ គេមិនដែលនិយាយអួតក្អេងក្អាងឲ្យឆ្កែវាខ្លាចទេ
ដែលអ្នកស្រុកតែងតែនិយាយថា អ្នកចេះគេមិនសូវនិយាយទេ ។
ឃ. សេចក្តីសន្និដ្ឋាន
តាមការមើលឃើញខាងលើ យើងអាចឲ្យដឹងថា
ការមានអំនួត គឹជាភាពល្ងង់ខ្លៅរបស់មនុស្សល្ងង់ ដែលការដើរអួតក្អេងក្អាងនោះវានាំមកនូវសេចក្តីទុក្ខ
និង អពមង្គល ដល់យើងអ្នកប្រព្រឹត្តនូវបាបកម្មនោះ ។
ការអួតនាំមកនូវទុក្ឋទោសដល់ខ្លួនយើងៗគួរជៀសវាងនូវអំពើជាអកុសលនេះ
ដើម្បីបាននូវសេចក្តីសុខ ព្រោះគ្មានបុគ្គលណាមួយចង់បានសេចក្តីទុក្ខទេ ។ ធម៌ដែលនាំឲ្យបាននូវសុខក្នុងទីនេះគឺការមិននិយាយអួត
និយាយតែពាក្យពិត ពីរោះពិសារ ជាពាក្យសប្បុរស និង ជាធម៌សំរាប់មនុស្សរាល់គ្នា ។
៩. ចចេសរឹងរូស
ក. និយមន័យ
តអំពីបាបកម្មទីប្រាំបីគឺការអួតនោះ យើងនឹងនាំគ្នាសិក្សាអំពីបាបកម្មមួយទៀតគឺចចេសរឹង រូសដែលទង្វើនេះនាំមកនូវសេចក្តីទុក្ខ និង សេចក្តីវិនាសដល់មនុស្សអ្នកប្រព្រឹត្តល្មើសនូវបាបកម្មនេះ
។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការចចេសរឹងរូស គឺការទទូចធ្វើបំពានលើបម្រាម
ដូចជាហាមមិនឲ្យធ្វើ វាចចេសធ្វើទាល់តែបាន រឹងគគ្រីសគគ្រូស, រឹងមិនព្រមចុះរុះ, មិនព្រមទន់តាម ជាដើម ។
ខ. ការលេចឡើងនៃការចចេសរឹងរួស
យើងដឹងហើយថា
មនុស្សទាំងអស់មិនដូចគ្នាទេ ខ្លះកើតមកប្រកបដោយទោសៈ ខ្លះកើតមកប្រកបដោយមោហៈ ហើយមានខ្មៅ
មានស មានល្អ មានអាក្រក់ ទៅតាមកម្មគឺពូជដែលខ្លួនបានសន្សំហើយកាលពីមុន ។
វាពិបាកណាស់ក្នុងការដឹងនិស្ស័យរបស់មនុស្ស ដោយអ្នកខ្លះស្លូតបូត អ្នកខ្លះរឹងរូស
ជាដើមនេះ ជាហេតុដែលនាំឲ្យយើងមិនអាចរស់នៅជាមួយមនុស្សប្រភេទផ្សេងគ្នាបាន
ព្រោះតែការគិតនិង អកប្បកិរិយារបស់យើង ។ មួយវិញទៀត មនុស្សមានការគិតខុសៗគ្នាដែលគំនិតទាំងអស់នោះសុទ្ឋតែត្រឹមត្រូវ
និង អាចទទួលយកបាន ប៉ុន្តែមានបុគ្គលខ្លះខ្វះការពិចារណាដោយមានចរិតរឹងរួសចចេស
មិនស្តាប់អ្នកដទៃគិតថាខ្លួនត្រូវរហូត ។ ការចចេសរឹងរូសក៏ជាហេតុមួយដែលនាំសេចក្តីទុក្ខឲ្យយើងដែរ
ព្រោះការចចេសរឹងរូសជាអកុសលធម៌ ឬ បាបធម៌របស់មនុស្សដែលសន្សំនូវគំនិតថាអញ អញចេះ
អញឆ្លាត អញមាន ជាដើម ។ មិនចង់ឲ្យនរណាមកត្រួតក្បាល និង
មិនដែលយកពាក្យអប់រំរបស់អ្នកដទៃមកពិចារណា ដោយគិតថាអញ គ្មាននរណាក្រៅពីអញ ។ ធម៌អញនឹងនាំទៅរកសេចក្តីវិនាស
គឺដេកស្លាប់ទាំងរស់នៅក្នុងអវិជ្ជា គឺមោហៈជាសេចក្តីវង្វេង ។
គ. លទ្ឋផលនៃការចចេសរឹងរួស
ចចេសរឹងរួសជាមួយការទូន្មានរបស់មនុស្សផងគ្នា
ជារឿងដែលមិនគួរធ្វើ ប៉ុន្តែបើរហូតដល់ចចេសរឹងរួសបំពាននឹងច្បាប់រដ្ឋនោះ
ប្រាកដជាគ្រោះថ្នាក់ធំមិនខាន ។ ដូចជាគេមិនឲ្យលួចទ្រព្យអ្នកដទៃយើងចចេសទៅលួចនោះ
យើងនឹងត្រូវគេចាប់ចងដាក់គុកច្រវ៉ាកមិនខាន នេះជាហេតុមិនស្តាប់ពាក្យទូន្មានរបស់អ្នកប្រាជ្ញ
និង គោរពច្បាប់ ។ អកុសលធម៌ដែលកើតអំពីការចចេសរឹងរូស
វាមានគ្រោះថ្នាក់ធំណាស់សំរាប់មនុស្សក្បាលរឹង ដែលគេថាមិនស្តាប់ ។
បើគេប្រាប់ទីនោះមានមីនហើយគេមិនឲ្យទៅ យើងចចេសតែទៅមិនស្តាប់ពាក្យដ៏ល្អរបស់គេ
វានឹងធ្វើឲ្យវិនាសជាមិនខាន គឺរហូតដល់ស្លាប់ក៏មាន ។
ឃ. សេចក្តីសន្និដ្ឋាន
នៅពេលយើងឃើញនូវទោសនៃការចចេសរឹងរូសដូច្នោះហើយ
ចូរយើងធ្វើឲ្យទៅជាមនុស្ស ប្រដៅងាយ ព្រោះធម៌ដែលផ្ទុយពីចចេសរឹងរូសគឺការចេះស្តាប់គេឯង
និង ត្រូវបានគេប្រដៅងាយ ដែលនាំមកនូវសុខសាន្តដល់ជីវិត និង ការរស់នៅប្រកបមុខរបររកស៊ីធ្វើស្រែចំការជាដើមនេះ ។ ម្យ៉ាងទៀត
ការស្តាប់ការទូន្មានរបស់មនុស្សរាល់គ្នាក៏ជាចំនេះដឹង និង ជាមេរៀនមួយសំរាប់ជីវិតដែលយើងមិនចាំបាច់ទៅសិក្សានៅឯសាលាក៏អាចចេះដឺង
និង មានសីលធម៌គុណតម្លៃជីវិត ។
យ៉ាងណាក៏យើងគួរដឹងថាគ្មាននរណាទូន្មានយើងឲ្យទៅរកផ្លូវខុសដែរ ដូចជាការទូន្មានរបស់មាតាបិតា ជីដូនជីតា គ្រួបាធ្យាយ ចាស់ព្រឹទ្ឋាចារ្យ ញាតិមិត្ត បងប្អូន ពាក្យទាំងអស់នោះសុទ្ឋតែជាពាក្យមានន័យនឹងខ្លឹមសារសំរាប់អប់រំទូន្មានចិត្តគំនិត មិនឲ្យកា្លយទៅជាមនុស្សពាល គឺការចចេសរឹងរួសនោះឯង ។
១០. ប្រជែលយកឈ្នះ
ក. និយមន័យ
បាបកម្មជាអំពីដែលមនុស្សរាល់គ្នាគួរជៀសវាង
ដែលបាបកម្មទាំងនោះជាអកុសលកម្មរបស់យើងដែលបានប្រព្រឹត្តទៅហើយនោះ
ហើយមកដល់ត្រង់នេះយើងនឹងនាំគ្នាសិក្សាអំពីបាបកម្មមួយទៀតដែលមានឈ្មោះថា ប្រជែងយកឈ្នះ ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការប្រជែងយកឈ្នះ គឺជាការដណ្ដើមប្រជែងកាត់មុខគ្នា, ដណ្ដើមយកឈ្នះ ដើម្បីបានលើគេ ឬ លើសគេ បានឈ្នះគេ ជាដើម ។
ខ. ការលេចឡើងនៃការប្រជែងយកឈ្នះ
ការរស់នៅរបស់មនុស្សសព្វថ្ងៃពោរពេញទៅដោយការប្រជែងគ្នាច្រើនណាស់
មិនថាទីណាទេ គ្រប់ស្ថាបនទាំងស្ថាបន រដ្ឋ សាសនា និង ឯកជន ។
សូម្បីតែការសិក្សាក៏មានការប្រកួតប្រជែងគ្នាដើម្បីទទួលរង្វាន់ ឬ ចំណាត់ថា្នក់ល្អ ។
ដោយសារមានការប្រជែងគ្នានេះហើយទើប សង្គមក៏មានការរីកចំរើន និង អភិវឌ្ឍទៅមុខជាលំដាប់ ។ ដូចតួយ៉ាងវិស័យសិក្សា បើសិស្សមានការប្រកួតប្រជែងនោះ យកឈ្នះចាញ់នោះ
នៅពេលនោះនិស្សិត ឬ សិស្សនឹងមានការខិតខំប្រឹងប្រែងរៀនសូត្រ ការខិតខំប្រឹងប្រែងនេះនឹងធ្វើឲ្យនិស្សិត និង
សិស្សទាំងអស់នោះមានចំណេះដឹងបរិបូរ ពេញលេញក្នុងខ្លួនដើម្បីប្រជែងយកឈ្នះសិស្ស និស្សិតដទៃទៀតបាន ។ នៅពេលការខិតខំប្រឹងប្រែងប្រកបដោយវិចារណញាណនោះ ការទទួលបាននូវជោគជ័យ
និង ផលសម្រេចនឹងផ្តល់ជាវិជ្ជមានដល់បុគ្គលអ្នកខិតខំ ។
ប៉ុន្តែផ្ទុយមកវិញ ការប្រជែងយកឈ្នះដោយគ្មានវិចារណញាណ
គឺការប្រជែងយកស្លាប់យករស់មកដាក់ខ្លួន ឬ មិនមាននរណាឈ្នះក្រៅពីអញនោះ ការប្រជែងនោះនឹងស្ថិតនៅគោលអវិជ្ជមាន
គឺនឹងផ្តល់បាបដល់យើង ដែលយើងបានឲ្យការប្រជែងយកឈ្នះបែបនេះថាជាបាបកម្ម ។
គ. លទ្ឋផលនៃការប្រជែងយកឈ្នះ
ហេតុដែលយើងចាត់ទុកការប្រជែងយកឈ្នះជាបាបកម្មមួយនោះ
ព្រោះការប្រជែលតែងតែនាំមកនូវការតូចចិត្ត ឬ
ក្តៅក្រហល់ក្រហាយដល់បុគ្គលអ្នកប្រជែងយកឈ្នះនោះដោយហេតុនៃផលដែលទទួលបានមិនសមដូចបំណង
ហើយម្យ៉ាងទៀតគួរបដិបក្សនឹងមានសេចក្តីឈឺចុកចាប់ក្នុងចិត្តនៅពេលគេមិនទទួលបានដូចបំណង
។ ការប្រជែងយកឈ្នះនេះទោះបីមានឧបសគ្គយ៉ាងណាក៏ខិតខំពុះពារដើម្បីទទួលជោគជ័យ
ហើយពេលខ្លះរហូតហួសសមត្ថភាព ឬ ដល់ស្លាប់ទៀត ក៏ថាបាន ។ ដែលថាការប្រជែងយកឈ្នះបង្កជាបាបកម្មនោះ
ព្រោះការប្រកួតប្រជែងយកឈ្នះឲ្យខានតែបានទោះបីប្រើល្បិចកលយ៉ាងណាក៏ដោយ
ហើយពេលខ្លះរហូតដល់បោកប្រាស់គេ ឬថែមទាំងកាប់សំលាប់គេក៏មានដើម្បីតែការយកឈ្នះតែមួយមុខគត់
។
ឃ. សេចក្តីសន្និដ្ឋាន
នៅពេលយើងដឹងថាការប្រជែងយកឈ្នះចាញ់
គឺជាកម្មអាក្រក់ដែលផ្តល់ឲ្យយើងនូវក្តីវិនាស និង ការឈឺចុកចាប់ទាំងផ្លូវអារម្មណ៍
ទាំងផ្លូវកាយ ដូចនេះយើងត្រូវជៀសវាងឲ្យផុតដើម្បីរស់នូវក្នុងក្តីសប្បាយ
គឺសេចក្តីសុខនោះឯង
ដូចដែលយើងមិនប្រជែងយកឈ្នះក្នុងផ្លូវអាក្រក់គឺបាបកម្មនៃការប្រជែងយកឈ្នះទាល់តែបាន ។
១១. ទុកខ្លួនជាវិសេសវិសាលជាងគេ
ក. និយមន័យ
ពីមួយថ្ងៃទៅមួយថ្ងៃ ការរស់នៅរបស់យើងប្រកបដោយការប្រព្រឹត្តមានកម្មជា កុសលកម្ម និង អកុសលកម្មដែលជាធម៌របស់មនុស្ស ។ យ៉ាងណាការមានអំនួតគឺការទុកខ្លួនជាវិសេសវិសាលជាងគេ គឺជាបាបកម្មដ៏ធំរបស់មនុស្ស ដូចពាក្យចាស់លោកពោលថា
ចេះឯងឲ្យក្រែងចេះគេ ដូចនេះការទុកខ្លួនជាវិសេសវិសាលជាងគេ
គឺជាបាបកម្មមួយរបស់មនុស្សដែលប្រកបដោយអវិជ្ជាដែលមានរួមរឹតនិងផ្សំដោយលោភៈ ទោសៈ និង មោហៈ ជាឬសគល់នៃសេចក្តីទុក ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការទុកខ្លួនជាវិសេសវិសាលជាងគេ គឺជាការទុកខ្លួនថាល្អប្លែក
ឬ ប្រសើរដាច់គេ មិនមាននរណាប្រសើរជាង វិសេសក្រៃលែងជាង, និង វិសេសជាងគេ ។
ខ. ការលេចឡើងនៃការទុកខ្លួនជាវិសេសវិសាលជាងគេ
តាមពិតការកើតឡើងនៃមនុស្ស ឬ បើនិយាយឲ្យចំគឺការកើតចាប់បដិសន្ឋិរបស់មនុស្សមិនបានយកអ្វីមកជាមួយទេ ហើយយើងមិនដែលឃើញនរណាម្នាក់កើតមកយករបស់មាសប្រាក់មកជាមួយផង មានតែខ្លួនទទេ ។ ប៉ុន្តែនៅពេលយើងកើតមកជាមនុស្សបែរជាមានអំនួតគឺការទុកខ្លួនជាវិសេសវិសាលជាគេទៅវិញ ហើយថែមទាំងប្រព្រឹត្តនូវអំពើបាបមានការទុកខ្លួនជាធំ ប្រសើរដាច់គេ ដែលជាបាបកម្មមួយដ៏លាមកច៍ ម្យ៉ងទៀតអកុសលកម្មនឹងនាំមនុស្សអ្នកប្រព្រឹត្តទៅរកសេចក្តីវិនាសអន្តរាយ ។ ការទុកខ្លួនជាវិសេសវិសាលជាគេវាទៅតាមនិស្ស័យរបស់មនុស្ស ព្រោះមនុស្សខ្លះមាននិស្ស័យល្អ ហើយមនុស្សពួកខ្លះមាននិស្ស័យអាក្រក់គឺការទុកខ្លួនជាធំវិសេសវិសាលជាអ្នកដទៃ ហើយគេគិតថានៅក្នុងលោកនេះមានតែគេគឺ គ្មាននរណាល្អជាងគេ និង ក្រៃលែងជាងគេទេ ។
ផ្ទុយមកវិញបើនរណាម្នាក់មានការគិតត្រឹមត្រូវមិនលើដំកើងខ្លួនឲ្យហួស
វិសេសវិសាលជាងគេនោះបុគ្គលនោះនឹងដល់នូវសេចក្តីសុខ និង មានការរាប់រកពីមនុស្សរាល់គ្នា
ហើយមានមិត្តច្រើនជាមិនខាន
ព្រោះតែការមិនទុកខ្លួនជាធំ និង វិសេសវិសាលជាងគេ
ហើយយើងគួរតែគិតថាមនុស្សទាំងអស់រស់នៅដោយភាពស្មើភាពគ្នាក្នុងជីវភាពរស់នៅតាមធម្មជាតិរបស់សត្វ
។ ការចាត់ទុកខ្លួនជាធំ
ហើយវិសេសវិសាលជាគេគឺជាបាបកម្ម ព្រោះគំនិតនេះមិនស្គាល់ខ្លួនឯង
ហើយស្ថិតនៅងងឹតងងល់ មើលមិនឃើញពីតម្លៃអ្នកដទៃ ម្យ៉ាងទៀតចេះតែថាខ្លួនឯងមានគុណសម្បត្តិគ្រប់យ៉ាងដោយគ្មាននរណាម្នាក់មាន
។ បើ់ចង់ធ្វើអ្វីបែរជាថាគេមិនដល់អញ ហើយគិតថាមនុស្សរាប់គ្នាសុទ្ឋតែមនុស្សល្ងង់
បើចេះក៏ចេះមិនដល់អញ បើធ្វើក៏ធ្វើមិនដល់អញ និយាយជារួមអ្នកដទៃសុទ្ឋតែអន់ជាងខ្លួនរហូត ។
គ. លទ្ឋផលនៃការទុកខ្លួនជាវិសេសវិសាលជាងគេ
ទោសទាំងឡាយងាយនឹងឧប្បតិឡើង ដោយសារតែការវាយឫក
ឲ្យតម្លៃខ្លួនហួសប្រមាណ មិនមាននរណាគេហ៊ានសេពគប់ ព្រោះតែខ្លួនវិសេសវិសាលពេក ខ្លួនទាបដៃខ្លីឈោងមិនដល់
ម្លោះហើយជនដែលសម្គាល់ ថាអាត្មាវិសេសវិសាលក៏ដល់នូវក្តីឯកោ ឥតមានបរិវារតាមហែហម
សាបសូន្យចាកលាភទាំងពួង ។
ឃ. សេចក្តីសន្និដ្ឋាន
យើងត្រូវជៀសឲ្យផុតអំពីបាបកម្មមួយនេះដើម្បីរួមរស់នៅជាសុខ
ថែមទាំងមានសេចក្តីកោធក្រែងពីមនុស្សរាល់គ្នាព្រោះការមិនចាត់ទុកខ្លួនជាធំវិសេសវិសាលជាងគេ
យើងត្រូវចេះបន្ទាបខ្លួនដាក់ខ្លួន
ហើយត្រូវគិតថាភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាងនេះទៀត ត្រូវចេះឯងឲ្យក្រែងចេះគេ។ តាមពាក្យចាស់បុរាណលោកតែងតែពោលថា
ងើយស្កកអោនដាក់គ្រាប់ ព្រោះលោកចង់ប្រៀនប្រដៅកូនចៅលោកឲ្យចេះក្រែងអ្នកដទៃ
កុំលើកកំពស់ខ្លួនហូសហេតុដែលជាហេតុនាំមកនូវសេចក្តីអន្តរាយ និង ទុក្ខវេទនាផ្សេងៗ ។
ដើម្បីឆ្ពោះទៅរកសេចក្តីសុខ និង សម្បូរញាតិមិត្ត យើងមិនត្រូវប្រព្រឹត្តនូវបាបធម៌គឺការទុកខ្លួនជាវិសេសវិសាលជាងគេឡើយ
។
១២. មើលងាយគេ
ក. និយមន័យ
មកដល់ត្រង់នេះយើងឈាន់ចូលនូវបាបកម្មមួយទៀតដែលយើងឲ្យឈ្មោះថាមើលងាយគេ
។ ហេតុដែលយើងមើលងាយគេមានច្រើនយ៉ាងតាមការគិត និង ទង្វើរបស់យើង ខ្លះតាមផ្លូវកាយ
ហើយខ្លះតាមផ្លូវចិត្ត ។
ការមើលងាយគេត្រូវបានចាត់ទុកថាជាបាបកម្មព្រោះនៅពេលយើងបញ្ចេញវានឹងឲ្យផលជាអវិជ្ជមាន គឺផលជាទុក្ខ និង អន្តរាយវិនាស
ជាធម៌អកុសលរបស់បុគ្គលល្ងង់ពោលគឺអវិជ្ជាជន ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការមើលងាយគេ គឺជាការមើលឃើញថាងាយ, មើលយល់ថាងាយ គឺមើលទៅឃើញថាងាយស្ដី ងាយថា ងាយធ្វើ ជាដើម ។
មើលងាយមើលថោក មើលឃើញថាងាយឃើញថាថោក គឺឃើញថាមិនក្រមិនមានតម្លៃ រួមសេចក្តីមកការមើលងាយគេ
គឺការមិនឲ្យតម្លៃដល់អ្នកដទៃដោយគិតថាគេថោកជាងខ្លួន ។
ខ. ការលេចឡើងនៃការមើលងាយគេ
បាបកម្មជាអំពើមួយដែលផ្តល់ឲ្យយើងមកវិញនូវសេចក្តីទុក្ខវេទនា
និង ការមើលងាយមើលទោកពីមនុស្សគ្រប់រូប និង សង្គម
ដោយសារអកុសលកម្មរបស់យើង គឺការមើលងាយអ្នកដទៃ ។
ប្រាកដណាស់ថាគ្មាននរណាម្នាក់ចង់ឲ្យគេមើលងាយទេ
រួមទាំងរូបយើងផ្ទាល់ ។ នៅពេលគេមើលងាយយើងៗតែងតែខឹងសម្បា និង មិនចូលចិត្ត ហើយពេលខ្លះថែមទាំងធ្វើអំពើជាអកុសលផ្សេងៗ ដែលបណ្តាលឲ្យអ្នកដែលមើលងាយយើងទទួលរងនូវសេចក្តីទុក្ខ និង វិនាសទ្រព្យសម្បត្តិជាដើម ។ ដូចនេះយើងឃើញថាការមើលងាយអ្នកដទៃ
បណ្តាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ពេលខ្លះរហូតដល់ស្លាប់ក៏មាន ។
ការមើលងាយគេ
ក៏ដូចជាការមិនឲ្យតម្លៃអ្នកដទៃព្រោះយើងមានអកុសលធម៌មួយគឺ មោហៈ
ដែលយើងតែងតែថាវង្វែងៗព្រោះខ្លួនមានអំនួតទៅលើអ្វីដែលខ្លួនមិនមាន ដូចជាការមើលងាយថាមេរៀនតិច ទន្ទេញតែបន្តិចក៏ចាំអស់ហើយៗក៏រង់ចាំថ្ងៃស្អែក នៅពេលស្អែករហូតមេរៀននោះក៏មិនចាំ ទាំងអស់នេះបណ្តាលឲ្យប្រឡងធ្លាក់
។ ការប្រឡងធ្លាក់ជាការវិនាស និង ខូចខាតនូវផលប្រយោជន៍ដែលបណ្តាលមកពីការមើលងាយដែលជាធម៌អកុសលពោលគឺ បាបកម្មនៃការមើលងាយនោះឯង ។
គ. លទ្ឋផលនៃការមើលងាយគេ
គ្រប់មនុស្សទាំងអស់សុទ្ឋតែចង់ឲ្យគេឲ្យតម្លៃដល់ខ្លួន
ទោះបីបុគ្គលនោះមានរូបរាងតូចតឿ អាក្រក់ សខ្មៅ
ហើយមានសម្បទានមិនគ្រប់គ្រាន់ក៏ដោយ ។ ការរស់នៅប្រកបដោយតម្លៃ ថ្លៃថ្នូរ និង
មានកេតិយសនោះវាជាក្តីបំណងរបស់មនុស្សគ្រប់រូប ប៉ុន្តែដើម្បីមានរបស់ទាំងនេះយើងគួរគប្បីកសាងដោយខ្លួនឯង
គឺស្វែងរកនូវតម្លៃគឺកេរ្តិ៍ឈ្មោះដោយការមិនមើលងាយអ្នកដទៃ ។ ពិតណាស់ហើយថាបើបុគ្គលប្រព្រឹត្តនូវធម៌បែរណារមែងទទួលនូវធម៌បែបនោះ ។
ធម៌នូវក្នុងទីនេះរួមមានកុសលធម៌ និង អកុសលធម៌ដែលមនុស្សតែងតែប្រកន់យក ដោយអ្នកខ្លះប្រព្រឹត្តនូវកុសលធម៌ (ធម៌ល្អ) និង អ្នកខ្លះប្រព្រឹត្តនូវអកុសលធម៌ (ធម៌អាក្រក់)ពោលគឺការមើលងាយគេជាដើម ។ មនុស្សដែលចូលចិត្តមើលងាយអ្នកដទៃរមែងទទួលនូវការមើលងាយពីអ្នកដទៃមកវិញជាំមិនខាន ។ បើយើងញញឹមទៅរកគេៗនឹងញញឹមមករកយើងវិញ តែបើយើងមើលងាយគេៗនឹងមើលងាយយើងវិញ ដូចព្រះសម្មាសម្ពុទ្ឋពោលថា
បុគ្គលដាំនូវពូជណានឹងបាននូវផលនោះ ។ បើយើងដាំអំពើល្អយើងនឹងបានផលគឺអំពើល្អមកវិញ
តែបើយើងដាំនូវអំពើអាក្រក់យើងនឹងទទួលបាននូវផលគឺអំពើអាក្រក់មកវិញ ។
ឃ. សេចក្តីសន្និដា្ឋន
បន្ទាប់ពីយើងបានយល់ដឹងអំពីផលនៃការមើលងាយគេ
យើងទាំងអស់គ្នាគួរជៀសវាងឲ្យផុតពីបាបកម្មនេះដើម្បីចាប់យកនូវការមិនមើលងាយគេ
ដែលជាធម៌នាំមកនូវសេចក្តីសុខចម្រើន សប្បូរសប្បាយដែលផ្ទុយពីការមើលងាយគេដែលនាំមកនូវសេចក្តីក្រហលក្រហាយ និង ទុក្ខវេទនាមកដល់យើងវិញ ។ អំពើមានប្រយោជន៍គួរគប្បីធ្វើ
វិជ្ជាចេះស្ទឺគួរខំបំពេញ ។ ការមើលងាយគេគួរលះបង់ដើម្បីតម្រង់ផ្លូវទៅរកសេចក្តីសុខ ដោយការប្រព្រឹត្តនូវការមិនមើលងាយគេ ។
ការសិក្សាពីបាបកម្មទាំងអស់នេះដែលអាចនាំយើងទៅរកផ្លូវត្រូវមួយ
ដែលមនុស្សដូចគ្នាទទួលស្គាល់ថាជាមនុស្សល្អគួររាប់រក ដើម្បីសេចក្តីសុខចម្រើន ។
១៣. ស្រវឹងលង់ក្នុងគំនិត
ក. និយមន័យ
ការមិនធ្វើនូវអំពើល្អតែងផ្តល់នូវសេចក្តីវេទនា
និង ការលំបាកផ្សេងៗ ព្រោះយើងប្រព្រឹត្តនូវបាបកម្មផ្សេងៗរួមមានការស្រវឹងលង់ក្នុងគំនិតរបស់ខ្លួនឯង ។ ហេតុដែលនាំឲ្យការស្រវឹងលង់ក្នុងគំនិតជាបាបកម្ម
ព្រោះការស្រវឹងក្នុងគំនិតតែងឲ្យផលជាអវិជ្ជមានគឺសេចក្តីទុក្ខជាដើម ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ការស្រវឹងលង់ក្នុងគំនិត ´គឺជាការងប់ងល់ទៅក្នុងគំនិតយោបល់ខ្លួនដោយការវង្វែងស្មារតី ប្រែស្មារតី ឬ ងោង, ភ័ន្ត, វង្វេងស្មារតី ខុសពីប្រក្រតី ។
ឧទាហរណ៍ ស្រវឹងគំនិត ឬ ស្រវឹងចិត្ត ភ័ន្តគំនិតដោយយល់ថា ខ្លួនមិនទាន់ចាស់, មិនទាន់មានរោគ, មិនទាន់ស្លាប់ទេ ស្រវឹងទ្រព្យ ឬ ស្រវឹងសម្បត្តិ
ឡើងចាងព្រោះអាងថាខ្លួនមានទ្រព្យ ។ ស្រវឹងបុណ្យ ប្រកាន់មានៈកោងព្រហើនដោយអាងបុណ្យស័ក្ដិ
ឬអាងគាប់គួរនឹងអ្នកធំ ។ល។´
ខ. ការលេចឡើងនៃការស្រវឹងលង់ក្នុងគំនិត
ចេះឯងឲ្យក្រែងចេះគេ ជាពាក្យចាស់បូរាណដែលបានប្រៀនប្រដៅឲ្យកូនចៅឲ្យចេះគោរពគេឯង
ព្រោះយើងរស់នៅត្រូវអាស្រ័យគ្នានឹងគ្នា ។
យើងមិនត្រូវយកតែគំនិតរបស់ខ្លួនតែមួយនោះបានទេ យើងត្រូវយកគំនិតអ្នកដទៃមកគិតពិចារណា
ដើម្បីជាគតិក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ។ ការស្រវឹងក្នុងគំនិតរបស់ខ្លួនជាបាបកម្មមួយគួរជៀសវាង ព្រោះវានាំមកនូវវិនាស
ការប្រកាន់គំនិតដាច់ខាតទាំងងងឹតងងល់ដោយមិនព្រមយកយោបល់ ឬ
ទទួលស្គាល់គំនិតយោបល់អ្នកដទៃ វាជាអំពើល្ងង់ខ្លៅបំផុត
តែបែរជាថាខ្លួនត្រូវទៅវិញព្រោះភាពអវិជ្ជារបស់ខ្លួនប្រកាន់ និង
ស្រវឹងលង់ក្នុងគំនិតរបស់ខ្លួន ។ បើយើងជាមនុស្សមានសីលធម៌ ឬ
ចំនេះនោះយើងអាចដឹងថារាល់គំនិតរបស់យើងមិនសុទ្ឋតែត្រឹមត្រូវទាំងអស់ទេ
ព្រោះវាត្រូវសម្រាប់ខ្លួនយើងប៉ុន្តែខុសសម្រាប់អ្នកដទៃ ។
អន្តរាយតែងតែកើតមានចំពោះបុគ្គលបែបដែលស្រវឹងក្នុងគំនិតខ្លួនព្រោះមិនបានគិតវែងឆ្ងាយរកហេតុផល
ដោយរាល់គំនិតរបស់អ្នកដទៃសុទ្ឋតែខុស ហើយអ្វីៗសុទ្ឋតែអញត្រូវ គ្មាននរណាពូកែជាងអញ
លើសអញ គំនិតអញត្រឹមត្រូវរហូត ។
មនុស្សបែបនេះតែងតែទទួលនូវការបរាជ័យជាដ៏រាបលុះក្ស័យជីវិត
ឥតបានការណ៍អ្វីជាដុំកំភួនឡើយសំរាប់ក្រុមគ្រួសារ និង ប្រទេសជាតិ ។
គ. លទ្ឋផលនៃការស្រវឹងលង់ក្នុងគំនិត
ឆ្លងតាមការបកស្រាយខាងលើ យើងអាចឃើញថាមានការស្រវឹងច្រើនយ៉ាងណាស់តែអ្វីដែលធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេគឺ ការស្រវឹងក្នុងគំនិតខ្លួនឯង។
កាលបើមនុស្សងប់ងល់ក្នុងអារម្មណ៍របស់ខ្លួនហើយ រមែងសម្គាល់ថាអ្វីដែលខ្លួនស្រលាញ់ពេញចិត្តសុទ្ធតែត្រឹមត្រូវទាំងអស់ គ្មានភាពខុសឆ្គងទេ ហើយព្យាយាមធ្វើអ្វីៗតាមតែអារម្មណ៍ដែលខ្លួនមាន ទោះប្រើយុទ្ធសាស្រ្តប្រភេទណាក៏ដោយឲ្យតែសម្រេចតាមការចង់បាន ។
នៅពេលឃើញនូវទោសនៃការស្រវឹងក្នុងគំនិតដូចនេះយើងទាំងអស់គ្នាគួរគប្បីជៀសវាង
និង ប្រមែប្រមូលនូវគំនិតរបស់អ្នកប្រាជ្ញឯទៀតដើម្បីជាគំនិតឆ្ពោះទៅរកសេចក្តីសុខ និង យកមកធ្វើជាប្រយោជន៍សំរាប់ជីវិត គឺការមិនមានកំហុសដោយការស្រវឹងក្នុងគំនិត ។
ការប្រកាន់នូវគំនិតអាចធ្វើឲ្យមានការទាស់ទែងគ្នា
ព្រោះអ្នកទាំងអស់គ្នាមានគំនិតខុសៗគ្នាទៅលើរបស់តែមួយក៏ មាន
ដូចនេះយើងត្រូវយល់ថាយើងចេះគេក៏ចេះ គ្នានរណាល្អឥតខ្ចោះទេ ។ រាល់គំនិតរបស់យើងគ្នានពាក្យថាខុស ឬ ត្រូវទេ
ព្រោះយើងមានសេរីភាពក្នុងការនិយាយ តាមតែការគិតរបស់យើង បើយើងថាត្រូវវានឹងត្រូវ តែបើយើងថាខុសវានឹងខុសទៅតាមការគិត និង
ចំនេះដឹងរបស់យើង ។
ការប្រកាន់នូវការស្រវឹងក្នុងគំនិតអាចធ្វើឲ្យមនុស្សជាក្លាយជាឆ្កោតក៏ថាបាន
ព្រោះអ្នកស្រវឹងក្នុងគំនិតអាចហានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យតែគំនិតរបស់ខ្លួនត្រូវ
បើនរណាថាខុសនឹងមានបញ្ហារហូតដល់ទៅអាចសម្លាប់អ្នកនោះទៀតក៏ថាបាន
។
ឃ. សេចក្តីសន្និដ្ឋាន
តាមដែលដឹងមកយើងការស្រវឹងនូវគំនិតរបស់ខ្លួនអាចជាគ្រោះថា្នក់មួយដ៏ធំ
ចំពោះជីវិតខ្លួន និង វិនាសអន្តរាយផ្សេងៗ ។
ការស្រវឹងក្នុងគំនិតជាគតិដ៏អាក្រក់ដែលយើងគួរជៀសវាង និង ប្រុងប្រយ័ត្នរាល់សកម្មភាពរបស់យើងដែលយើងនិយាយទៅហើយតើវាសមហេតុផលទេ
។ យើងត្រូវចេះយកគំនិតរបស់អ្នកនៅជំវិញខ្លួនយើងមកផ្សំផ្គុំនឹងគំនិតរបស់យើងដើម្បីឲ្យក្លាយជាគំនិតមួយដ៏អស្ចារ្យ
និង ប្រកបដោយប្រយោជន៍ដ៏ធំ ។
១៤. ធ្វេសប្រហែស
ក. និយមន័យ
បន្តិចម្តងៗ ដែលយើងបានសិក្សាអំពីបាបកម្មដែលនីមួយៗនោះ យើងត្រូវជៀសវាងឲ្យផុត ព្រោះ វាជាកម្មដ៏អាក្រកហើយនាំមកនូវក្តីវិនាសដល់យើងអ្នកប្រព្រឹត្ត
។ មកដល់ត្រង់នេះយើងនឹងសិក្សាអំពីបាបកម្មមួយទៀតដែលមានឈ្មោះថា ធ្វេសប្រហែស ដែលការធ្វេសប្រហែសនេះក៏នឹងនាំយើងទៅរកសេចក្តីវិនាសផងដែរ ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ´ធ្វេសប្រហែស គឺ ធ្វេសស្មារតី, ធ្វេសគំនិត ធ្វេសស្មារតី, មិនសូវប្រយ័ត្ន, បណ្ដែតបណ្ដោយមិនសូវនឹកនា ឬ
មិនមានការប្រុងប្រយ័ត្នក្នុងកិច្ចការរបស់ខ្លួនផ្សេងៗ ។
បានជាធ្វេសប្រហែសចាត់ចូលជាបាបកម្មព្រោះវាជាធម៌ដ៏លាមកច៍ ដែលអាចនាំឲ្យយើងវិនាសអន្តរាយបាន
គឺវិនាសគ្រប់កិច្ចការទាំងអស់ ។ ដូចពាក្យចាស់បូរាណលោកពោលថា ប្រហែសបាត់ប្រយ័ត្នគង់ តែប្រហែសរមែងតែបាត់ បើប្រយ័ត្នតែងតែគង់ ។
ខ. ការលេចឡើងនៃការធ្វេសប្រហែស
កិច្ចការសម្រាច់បានដោយការខិតខំព្យាយាម
តស៊ូ ប្រឹងប្រែង និងមានសេចក្តីប្រុងប្រយ័ត្នមែនទែន
ទើបកិច្ចការទាំងអស់នោះទទួលបាននូវលទ្ឋផលជោគជ័យដោយការមិនធ្វេសប្រហែសឡេះឡោះ
មិនបណ្តែតបណ្តោយទៅតាមការគិត និង វាសនារបស់ខ្លួន ។ កិច្ចការ
ក៏ដូចការរៀនសូត្របើយើងមិនខិតខំប្រឹងប្រែងទេយើងក៏មិនបានជោគជ័យក្នុងការសិក្សានោះដែរ
។ ការសិក្សារៀនសូត្ររបស់យើងត្រូវតែមានការប្រុងប្រយ័ត្ន ព្យាយាមអាន
ទន្ទេញនូវមេរៀនផ្សេងៗដែលគ្រួបានដាក់ឲ្យ ។ យើងមិនអាចនៅស្ងៀមចេះនោះក៏ទេ ។
ការចេះរបស់យើងលុះត្រាតែយើងស្រវាស្រទាញ់ ខិតខំស្វិតស្វាញនឹងមេរៀន សៀវភៅរបស់យើងទើបទទួលផលបានគឺការចេះដឹង ។
គ. លទ្ឋផលនៃការធ្វេសប្រហែស
បើយើងធ្វេសប្រហែស
មិនយកចិត្តទុកដាក់ក្នុងភារកិច្ចដែលយើងត្រូវធ្វើនោះ សេចក្តីវិនាសនឹងមកដល់យើងភ្លាម ដោយយើងមិនបានដឹងជាមុន ។ ឧបមាថា យើងមានរបស់របរ ដូចជាមាសប្រាក់ផ្ទះសម្បែង ជាដើម បើយើងមិនចេះទុកដាក់ចាយវាយឲ្យបានសមរម្យដោយការប្រុងប្រយ័ត្នទេ យើងនឹងធ្លាក់ខ្លួនក្រក្នុងថ្ងៃណាមួយយ៉ាងឆាប់ជាមិនខាន ហើយផ្ទះសម្បែងយើងដែលយើងមិនបានយកចិត្តទុកដាក់បោសសំអាត ឬ ជុសជុលទេនោះវានឹងខូចខាតបាត់បង់ជាក់ជាមិនខាន ។ ការធ្វេសប្រហែសរបស់មនុស្សអាចឲ្យមនុស្សស្លាប់ទាំងរស់
ព្រោះមិនអាចសម្រាច់អ្វីទាំងអស់ហើយការធ្វេសប្រហែសជាធម៌នៃបរាជ័យ
ជាធម៌នៃសេចក្តីវិនាសអន្តរាយ ។ ការធ្វេសប្រហែសអាចឲ្យយើងខាតទាំងពេលវេលា និង
ទ្រព្យសម្បត្តិ ហើយថែមទាំងបាត់បងនូវកេតិយសទៀតផង ។
គ. លទ្ឋផលនៃការធ្វេសប្រហែស
សេចក្តីប្រហែសនឹងនាំទៅដល់ក្តីវិនាស
អ្នកប្រាជ្ញទាំងឡាយលោកតែងហាមកុំមើលងាយទំហំការ ងារព្រមទាំងអ្វីៗនៅជុំវិញខ្លួន កុំឃើញពស់តូចថាគ្មានពិសប្រយ័ត្នភ្នែកស
កុំឃើញរងើកភ្លើងតូចថាមិនបង្កអគ្គី ភ័យក្រែងខ្លោចអស់អង្គប្រាណ កុំមើលងាយសេ្តចក្មេងថាគ្មានឫទ្ធានុភាព
ស្តេចមានអាជ្ញាអាចប្រហារអ្នកណា ក៏បានដែរ ត្រូវដឹង!។ ព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានចំណាយពេលអស់៤៥ព្រះវស្សា ដើម្បីសម្តែងធម៌ទូន្មានសព្វ សត្វក្នុងលោក នៅពេលព្រះអង្គទៀបនឹងបរិនិព្វាន ទ្រង់បានសង្ខេបពុទ្ធវចនៈទាំងនោះមកត្រឹមតែមួយឃា្លថា
ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយកុំប្រមាថ ។ ព្រោះការប្រមានធ្វេសប្រហែស អាចនាំមនុស្សទៅរកក្តី
សាបសូន្យតែម្យ៉ាងគត់ ធ្វើខុសព្រោះប្រមាទ និយាយខុសព្រោះមើលងាយ គិតប្រាសចាកធម៌ព្រោះប្រហែស ក្លាយជាអ្នកទោសបាត់បង់ជីវិត និង ធ្លាក់នរកក៏ដោយសារតែប្រហែសធ្វេសភ្លេចខ្លួនដែរ
ដូច្នេះហើយបានជាព្រះពុទ្ធសាស្រ្តាចារ្យទ្រង់ហាមមិនឲ្យមានក្កីប្រមាទ ។
ប្រហែសបាត់ប្រយ័ត្នគង់ ។
ឃ. សេចក្តីសន្និដា្ឋន
បន្ទាប់ពីយើងបានយល់ដឹងថាការធ្វេសប្រហែសជាធម៌ដ៏លាមកច៍
និង អាចនាំយើងទៅរកសេចក្តីវិនាសអន្តរាយនោះ
យើងទាំងអស់គ្នាគួរគប្បីជៀសវាងឲ្យផុតពីអន្លង់ទុក្ខពីការធ្វេសប្រហែសនេះ ដោយមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយការងារ ក៏ដូចជាការមើលថែរក្សានូវរបស់របររបស់យើងឲ្យបានគង់វង់
ដែលការប្រុងប្រយ័ត្នជាធម៌នាំមកនូវសេចក្តីចំរុងចំរើន សុខ សុភមង្គលដល់យើងទាំងអស់គ្នា
។ ធម៌ធ្វេសប្រហែសផ្ទុយពីធម៌មិនធ្វេសប្រហែស
គឺការប្រុងប្រយ័ត្ន មិនបណ្តែតបណ្តោយខ្លួនឲ្យខូចប្រយោជន៍ ។
១៥. ជោរ
ក. និយមន័យ
ជាចុងបញ្ចប់យើងនឹងសិក្សាទាំងអស់គ្នាអំពីបាបកម្មមួយទៀតគឺ
ជោរ ដែលនាំយើងទៅរកក្តីវិនាសអន្តរាយក្នុងជីវិត ។ បើតាមវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យបានឲ្យដឹងថា ជោរ ´គឺជាការពោរឡើងនៃចិត្ត, ស្រស់ចិត្ត, រីកចិត្ត សប្បាយចិត្តដោយពាក្យបញ្ជោរពីអ្នកដទៃ´ ។
ខ. ការលេចឡើងនៃការជោរ
យើងក៏ដឹងដែរថាមានប្រភេទមនុស្សខុសៗគ្នា
មនុស្សមួយចំនួនមានសភាពជាមនុស្សមត់ចត់ ហើយមនុស្សមួយចំនួនទៀតមានលក្ខណៈជាមនុស្សជោរ
សប្បាយចិត្តដោយសារពាក្យបញ្ជោររបស់អ្នកដទៃ ។ ត្រង់នេះយើងនឹងសិក្សាអំពីមនុស្សជោរដែលមនុស្សបែបនេះកំពុងតែនាំខ្លួនទៅរកអន្តរាយ
ព្រោះវង្វែងក្នុងការបញ្ជោររបស់គេ ។ នៅពេលគេសរសើរថាល្អ បែរជាជោររហូតដល់ភ្លេចខ្លួនថាជាមនុស្សដូចគេឯងដែរ ហើយពេលខ្លះជោររហូតដល់មានអំនួតថា ខ្លួនជាមនុស្សចេះនៅពេលដែលគេសរសើរថាចេះ ប៉ុន្តែជោររហូតដល់ភេ្លចការសិក្សា
ឬ ទៅសាលាទៀតផង ។ ម្យ៉ាងទៀត បុគ្គលជោរបែរនេះនឹងចាប់ផ្តើមតំកើងឬកតំកើងពារដាក់អ្នកដទៃទៀតដោយបានឮពាក្យគេញ្ជោរថាខ្លួនចេះដឹង នៅពេលបញ្ចេញឬកពារបែរនេះមិត្តភ័ក្រកូរកនក៏ចាប់ផ្តើមស្អប់
ហើយបុគ្គលជោរនឹងក្លាយជាសម្អប់របស់អ្នកដទៃ រួមទាំងសាច់ញាតិទៀតផង
។ ពាក្យបញ្ជោរជាថ្នាំពិសដ៏សាហាវ
ដើម្បីឲ្យមនុស្សអ្នកទទួលយកបាននូវសេចក្តីទុក្ខ និង វិនាសអន្តរាយផ្សេងៗ ។
គ. លទ្ឋផលនៃការជោរ
យើងត្រូវដឹងថាពាក្យបញ្ជោរ
គឺជាពាក្យមួយសម្រាប់តែពពួកមនុស្សអែបអបនិយាយមកកាន់ យើងតែប៉ុណ្ណោះ ហើយដើម្បីនិយាយឲ្យយើងសប្បាយចិត្តហើយចែករបស់ដែលគេចង់បាន
តែពេលនៅពីក្រោយខ្នងយើង បែរជានិយាយអាក្រក់ពីយើងវិញចំពោះមនុស្សអកុសលដែលចង់
បានតែប្រយោជន៍ ។ នៅពេលគេបញ្ជោរយើងៗត្រូវគិតថាពាក្យនេះជាពាក្យបញ្ជោរ ឬ ជាពាក្យពិត
បើជាពាក្យពិតគួរយើងសប្បាយរីករាយ និង ត្រេកអរ ។ បុគ្គលអ្នកស៊ីពាក្យបញ្ជោរច្រើនតែជាមនុស្សល្ងង់
អវិជ្ជា ជឿដោយគ្មានហេតុផល ហើយមិនស្គាល់ពាក្យបញ្ជោរស៊ី និង ពាក្យពិត ។
ពេលគេបញ្ជោរបែរជាសប្បាយចិត្ត ដល់ពេលពាក្យបញ្ជោរឲ្យផលវិញគឺការឈឺចុកចាប់ ខ្លោចផ្សារហូតដល់វិនាសប្រយោជន៍ក៏ថាមាន
ឬ ក៏រហូតដល់ស្លាប់ខ្លួនក៏មាន ។
ឃ. សេចក្តីសន្និដ្ឋាន
អកុសលកម្ម
គឺការបញ្ជោរពីអ្នកដទៃជាសត្រូវរបស់សេចក្តីសុខចំរុងចំរើន ដូចនេះយើងត្រូវស្គាល់ខ្លូនឯងឲ្យច្បាស់ថាជាអ្នកកុំឲ្យអ្នកដទៃបោកបញ្ជោទដោយការបញ្ជោរ
ហើយយើងក៏ជាអ្នកមិនស៊ីជោរ ។ ប្រាកដណាស់ហើយថាយើងទាំងអស់គ្នាតែងតែចូលចិត្តនូវការសរសើរពីអ្នកដទៃប៉ុន្តែយើងក៏គួរដឹងថាពាក្យសរសើរក៏ជាថ្នាំពិស
និង ជាអាវុធដ៏សាហាវដែលធ្វើឲ្យយើងវិនាសអន្តរាយ
មានតែសេចក្តីទុក្ខក្នុងខ្លួនប៉ុណ្ណោះ ។ ជោរជាភាពនៃចិត្តដែលរំភើបញាប់ញ័រ សប្បាយរីករាយពេញក្នុងទ្រូងនៅពេលដែលទទួលបាននូវពាក្យអួតសរសើរ លើកមុខលើកក្រោយចាក់ខ្សែបណ្តោយ វាយអែបស៊ីអប ។ មនុស្សនឹងហ៊ានធ្វើនូវកម្មគ្រប់យ៉ាងដោយសារតែចង់បានការកោតសរសើរពីសម្នាក់ក្រុមញាតិ ក៏ដូចជាមហាជនទូទៅ ទោះកម្មនោះ ខុសឬត្រូវយ៉ាងណាក្តី។ មនុស្សសុទ្ធតែជោរគ្រប់គ្នា គ្រាន់តែអ្នកខ្លះជោរតិចល្មមសមគួរ
ឯអ្នកខ្លះជោរខ្លាំងមែនទែនរហូតភ្លើតភ្លើនភ្លេចខ្លួនធ្លាក់ជាឈ្នាន់សម្រាប់គេប្រើ ។ យើងអាចឃើញថាជោរជាអាវុធមុខពីរ
ការពោលពាក្យសរសើរ លើកដម្កើង លើកទឹកចិត្តជាដើម អាចជួយជំរុញមនុស្សធ្វើនូវរឿងរ៉ាវមានប្រយោជន៍សម្រាប់ខ្លួនអាត្មា ក៏ដូចជាអ្នកសម្រាប់នរជនផ្សេងទៀតក្នុងសង្គម ។
III. សេចក្តីសន្និដា្ឋន
ឆ្លងតាមការបកស្រាយដោយសង្ខេបខ្លីអំពីបាកកម្ម១៥យ៉ាងខាងលើ
យើងក៏ដឹងថា បាបកម្មទាំងអស់នេះបណា្តលឲ្យយើងបាននូវទុក្ខទោសថោកទាបនៅក្នុងសង្គម
។ ខ្លឹមសារនៃបាបកម្មនោះសំដៅទៅដល់អំពើ អាក្រក់ លាមកច៍ មិនជាទីស្រលាញ់ មិនជាទីប្រាថ្នាពេញចិត្តនៃមនុស្សគ្រប់រូប បាបកម្មនោះតែងឲ្យនូវផលជាទុក្ខទោសមិនដែលសុខស្រួលក្នុងកាយនិងអារម្មណ៍ឡើយ ។
បាបកម្មទាំងអស់នេះ កើតមក តាមរយៈទង្វើរបស់ខ្លួននៃបុគ្គលម្នាក់ៗផ្ទាល់
មិនមាននរណាជាអ្នកប្រគល់ឲ្យ ឬដាក់សម្ពាធមកលើខ្លួនដោយប្រការណាមួយឡើយ
អ្នកណាធ្វើអ្នកនោះទទួល ជនណាហូប ជននោះឆ្អែត នេះជាសភាវធម៌ពិតឥតប្រកែកបានឡើយ
។ បាបកម្មតែងកើតមាន នៅពេលដែលបុគ្គលប្រើប្រាស់នូវកាយ វាចានិងចិត្តក្នុងផ្លូវមិនត្រឹមត្រូវតាមក្រមសីលធម៌
ក៏ដូចជាច្បាប់ទម្លាប់សង្គម ។ គ្រប់បាបកម្មដែលបានបកស្រាយមកខាងលើ
សុទ្ធតែមាននូវទោសទាំងអស់ ធ្វើឲ្យមនុស្សបាត់បង់មិត្តភ័ក្ត សាច់ញាតិសាលោហិត ធ្វើឲ្យទ្រព្យសម្បត្តិដែលមានហើយវិនាសហិនហោចទៅ ឯទ្រព្យដែលនឹងកើតមាន ក៏ខកខានលែងកើតទៅវិញ យសសក្តានុភាពក៏ សាបសូន្យមួយរំពេច ដោយការប្រកាន់យកនូវបាបកម្មណាមួយក្នុងចំណោមបាបកម្មទាំង១៥ខាងលើ
។ លើសពីនេះទៅទៀត បើទោសនោះធ្ងន់ធ្ងរមែនទែន អាចបាត់បង់ទាំងអាយុជីវិតខ្លួន
និងអ្នកនៅក្បែរផងដែរ ។ បើចង់រស់នៅប្រកប ដោយភាព រុងរឿង ប្រសើរខ្ពង់ខ្ពស់ រស់ជាមួយសុភមង្គល សុខសន្តិភាព
មនុស្សរាល់កាយាគប្បីព្យាយាមកំចាត់បង់នូវធម៌លាមកទាំងនោះបន្តិចម្តងៗ រហូតទាល់តែអស់ពីក្នុងចិត្តសន្តាន ហើយផ្សាយនូវមេត្តាចិត្ត ក្តីអាណិត ស្រលាញ់ រួបរួមសាមគ្គីទៅដល់សព្វសត្វក្នុងត្រៃភព ។ បើកាលណាក្តីចម្រើនក្នុងចិត្តមាន ក្តីចម្រើនក្នុងកាយក៏ដូចជាក្តីចម្រើនក្នុងវាចារមែងមានកាលនោះដែរ ។
ប្រាកដណាស់ថាវិនាស ឬ ចម្រើនគឺអាស្រ័យទៅលើបុគ្គលអ្នកប្រព្រឹត្ត
បើយើងប្រព្រឹត្តល្អនឹង ទទួលផលល្អសុខសប្បាយចំរុងចំរើន រុងរឿងសុភមង្គលក្នុងជីវិត
តែបើយើងប្រព្រឹត្តតែអំពើអាក្រក់នោះជីវិតរបស់យើងក៏គ្មានសេចក្តីសុខសុភមង្គល ។
ដូចនេះចូរយើងទាំងអស់គ្នាប្រព្រឹត្តតែអំពើល្អ ពោលគឺជៀសវាងនូវបាបកម្មទាំង១៥យ៉ាងនេះចេញ
។
ឯកសារយោង
១. វចនានុក្រមខ្មែរ, បោះពុម្ពផ្សាយដោយពុទ្ឋសាសនបណ្ឌិត្យ
ឆ្នាំ ១៩៧៦
២. វិធីរម្ងាប់សេចក្តីក្រោធ, រៀបរៀងដោយ អគ្គបណ្ឌិតប៊ុត សាវង្ស
ព.ស ២៥៤៧
៣. កូនមាសឪពុក, រៀបរៀងដោយ អគ្គបណ្ឌិតប៊ុត សាវង្ស ព.ស ២៥៤៦
៤. មេរៀបជីវិត, រៀបរៀងដោយ អគ្គបណ្ឌិតប៊ុត សាវង្ស
ព.ស ២៥៤៧
៥. ឧបករណ៍ធម្មវិភាគនិងគិហិបដិបត្តិ, រៀបរៀងដោយ ធម្មវរោត្តម តុង ឈួន ចន្ទវជិរោ,
រោងពុម្ព ពន្លឺពេជ្រ, ព.ស.២៥៤៧..គ.ស.២០០៣,
៦. ត្រៃរត្នវិនិច្ឆ័យ, រៀបរៀងដោយ ម៉ិញ ណាគ្រី, ១៩៤៣
៧.ប្រជុំកងធម៌ចម្រុះ ថ្នាក់ត្រី.ទោ.ឯក, រៀបរៀងដោយ ធម្មាចារ្យ សោម សុវណ្ណ, ១៩៩៥
No comments:
Post a Comment
Note: Only a member of this blog may post a comment.