Motoes

ព្យាយាម អប់រំ ជោគជ័យ
EFFORT EDUCATION SUCCESS

បាបកម្មទាំង១៥យ៉ាង

ប្រធានបទស្រាវជ្រាវ

ចូរបកស្រាយបាបកម្មទាំង១៥យ៉ាងរបស់មនុស្សដែលជាទ្រឹស្តីស្ថិតនៅក្នុង​ព្រះពុទ្ឋ​សាសនា​​​​រួម​មាន៖
១. ទោសៈ
២. សន្សំរឿង
៣. រមិលគុណ
៤. លើកម្ពស់ខ្លួន
៥. ច្រណែន
៦. កំណាញ់
៧. លាក់ទោសកំហុសទុក
៨. អួត
៩. ចចេសរឹងរូស
១០. ប្រជែងយកឈ្នះ
១១. ទុកខ្លួនជាវិសេសវិសាលជាងគេ
១២.​​មើលងាយគេ
១៣. ស្រវឹងលង់ក្នុងគំនិត
១៤. ធ្វេសប្រហែស
១៥. ជោរ









អារម្ភកថា

កម្ពុជាជាប្រទេសមួយ​ ដែលមានអរ្យធម៌ខ្ពង់ខ្ពស់ ព្រម​ទាំងមានព្រះពុទ្ឋសាសនា ដែល​​បាន​​​ហូរ ចូល​​មកស្ថិត​នៅ​តាង​ពីសតវត្សទី៣នៃ​ពុទ្ឋសករាជ​ ហើយប្រជាជន​ខ្មែរ​បាន​សិក្សា​​រៀន​​សូត្រ​​នូវ​ពុទ្ឋ​វចន​ ដែលជាទ្រឹស្តីព្រះ​ពុទ្ឋ​សាសនា​ ដូចនេះប្រជាជន​ភាគ​​ច្រើនក៏ អាចដឹង​នូវ​អត្ថន័យ និង ទ្រឹស្តី​​នោះជាផ្លូវសំរាប់ប្រតិ​បត្តិដើម្បីជីវិត​ប្រចាំ​ថ្ងៃរបស់ខ្លួន ។ ជា ធម្មតាការ​កើត ចាស់ ឈឺ ស្លាប់ ជាធម្មជាតិរបស់​មនុស្ស​សត្វ ដែល​នៅក្នុងទ្រឹស្តី ព្រះពុទ្ឋសាសនា ហៅ​ថា​​ទ្រឹស្តី​សច្ចៈ ដែលសិក្សាអំពីដំណើរជីវិត​របស់មនុស្ស​សត្វ ។
ពិតណាស់វត្ថុទាំងឡាយតែងតែមានគូនឹងគ្នា មានកើត មានចាស់ មានអាក្រក់​ មាន​ល្អ មានស មានខ្មៅ ដូននេះនៅក្នុងការលើកយកមកសិក្សានៅក្នុងពេលនេះ គឺ​យើង​​សិក្សាអំពី​បាបកម្មទាំង១៥យ៉ាង ដែលមានអវិជ្ជា ជាអ្នកដឹក​នាំទៅរកផ្លូវអា​ក្រក ​ពោល គឺ​អំពើ​បាប​នេះ​ឯង​ ដែលព្រះសម្មាសម្ពុទ្ឋទ្រង់ហៅថា អកុសលកម្ម  គឺ បាបកម្ម។
ពេលនេះជាឳកាស់មួយដ៏ល្អសំរាប់រូបខ្ញុំព្រះករុណា អាត្មាភាព​ ដែលត្រូវបានលោក​សាស្ត្រាចារ្យ ដៀប សុផល បានឲ្យសិក្សាអំពីបាបកម្មទាំង១៥យ៉ាងនៅក្នុងទ្រឹស្តីព្រះ​ពុទ្ឋ​សាសនា ដែលអាចធ្វើ​ឲ្យ​មនុស្ស និង រូបខ្ងុំផ្ទាល់អាចស្គាល់ និង ជៀសវាងឲ្យផុតអំពី​អំពើ​អាក្រក គឺបាបកម្មនេះ ដែល​ជាកម្មដ៏លាមកច៍ នឹងធ្វើឲ្យមនុស្សក្លាយ​ទៅជា​អមនុស្ស​បាន​ពោល​គឺ សត្វតិរច្ឆាន ឬ មនុស្សតិរច្ឆាន ។
ក្នុងឪកាសនេះដែលខ្ញុំសូមថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យ ដៀប សុផល ដែលបានបង្ហាញផ្លូវតំរ៉ង់ទិស ដែលធ្វើឲ្យរូបខ្ញុំអាចជៀសឲ្យផុត​អំពីបាប​កម្ម​​ទាំង១៥យ៉ាង បន្ទាប់​​​ពី​បានសិក្សារួច ។ បាបកម្មជាកម្មដ៏អាក្រក​ដែលធ្វើ​ឲ្យយើង​កើតនៅក្នុងវដ្តនេះទៀត និង អាប់កិត្តិយសនូវក្នុង​សង្គមបច្ចុប្បន្ន ។
សរុបសេចក្តីមក ការសិក្សាពី បាបកម្មទាំង១៥យ៉ាង មានសារប្រយោជន៍​ណាស់​​សម្រាប់​តម្រង់ទិសយើងឲ្យទៅរកផ្លូវល្អ គឺសេចក្តីសុខ សប្បាយ រីកចំរើន នៅ​ក្នុង​សង្គម​គ្រួសារ និង​ សង្គមមនុស្សទូទៅ ។ បាបកម្មគឺជាបាបធម៌​ដែលមនុស្ស​ត្រូវ​តែជៀសវាង​ដើម្បី​​កសាងសង្គមប្រកបដោយសេចក្តីសុខសុភមង្គលជានិរន្តរ ។

                                                  ភ្នំពេញ           ​​​ ព.ស ២៥៥៥
                                                                                    ​​ គ.ស ២០១១
សមណនិស្សិត​  ម៉ី   សុភក្តី
I.  សេចក្តីផ្តើម

ការកើតមកជាមនុស្សព្រះសម្មាសម្ពុទ្ឋទ្រង់ទេសនាថា ជាការកម្រក្រៃណាស់ ព្រោះ​​ការ​កើតឡើងនេះវាអាស្រ័យទៅលើកម្មរបស់មនុស្សផ្ទាល់ ។ ដូចនេះយើងគួរនាំគ្នា​ប្រព្រឹត្តិ​​តែធម៌ល្អ ពោល គឺកុសលធម៌ដើម្បីឲ្យកា្លយទៅជាមនុស្សម្នាក់ពេញលេញ ដែល​ទាម​ទារឲ្យយើងប្រព្រឹត្តិតែ កម្មជាកុសល ។ ហើយការកើតឡើងនៃ​កម្ម​នេះ​តែង​តែ​មានគូរនឹង​គ្នា ដូចជាមានអាក្រក់ មានល្អ មាន ស មានខ្មៅ មានធម៌ល្អ ធម៌​អាក្រក​​​ដែល​លោក​ពោល​ថាកុសលធម្មាអកុសលធម្មា (ធម៌ជា​កុសល និង ធម៌ជា​អកុសល​) ដែលនៅ​ក្នុងទីនេះ​យើងនឹងសិក្សា​អំពីបាបកម្មគឺអកុសលធម៌នោះ​ឯង ។ ជា ធម្មតា ក្នុង​ជីវិតរស់នៅ​របស់​យើង​រាល់ថ្ងៃតែងតែប្រកបដោយ​អំពើល្អ និង ​អាក្រក ដែល​យើង​ប្រព្រឹត្តិទៅ​ដើម្បី​ប្រកប​របរចិញ្ចិមជីវិតរបស់យើង ។ ធម៌ជាអកុសលទាំងនេះនឹងកើងចេញ​​អំពី​​ចិត្តគំនិតរបស់​យើង​ដែលបានគិតឡើងនិងប្រព្រឹត្តិទៅតាមរយៈសកម្មភាព គឺ​អំពើនេះ​ឯង ។ ដូច​​នេះ​យើង​ឃើញថាការគិត និង ចិត្តជាអកុសលរបស់យើងវាមាន​កំលាំងខ្លាំងណាស់ដើម្បី​ជុំរុញ​​យើងឲ្យធ្វើនូវអំពើជាអកុសលផ្សេងៗ  ។ ជារួមអំពើអាក្រក់ ឬ បាបកម្ម​គឺ​ជាកម្ម​ដែលកើត​ឡើង ឬ មានឬស​គល់ចេញអំពីចិត្តគំនិត​របស់​មនុស្សតែប៉ុណ្ណោះ​ព្រោះ​ព្រះសម្មា​សម្ពុទ្ឋ​ទ្រង់​ក៏​ទេសនា​ថា មនុស្សចង់បានសេចក្តី​សុខត្រូវធ្វើអំពើបីយ៉ាងគឹ ធ្វើ​អំពើល្អ ១ មិនធ្វើអំពើ​អាក្រក់​ដោយកាយ វាចា ចិត្ត​១ និង សម្អាតចិត្តឲ្យល្អ ១ ទាំងបី​នេះ​ជា​ពាក្យប្រៀនប្រដៅរបស់​ព្រះពុទ្ឋ​គ្រប់ព្រះអង្គ ។
ប្រាកដណាស់ក្នុង វដ្តសង្សារយើងនេះ ដំណើរកើត ចាស់ ឈឺ ស្លាប់ជាធម៌​របស់​​​មនុស្ស​ដែល​យើងទាំងអស់គ្នាមិនអាចគេចផុត និង ជៀសឲ្យរួចដែល​ព្រះសម្មា​សម្ពុទ្ឋ​ទ្រង់ទេសនា​ប្រៀន​ប្រដៅយើងថា អនិច្ចាំ ទុក្ខំ អនត្តា ជាធម៌របស់មនុស្ស សត្វ​ និង ទេវតា ។​ ដូចនេះ​យើង​រាល់​គ្នា​គួរ​តែជៀសវាងនូវអំពើជាអកុសល (បាបកម្ម) ដែលធ្វើឲ្យយើង​មាន​​​កេរ្តិ៍​ឈ្មោះមិនល្អ និង សង្គម​ស្អប់​គ្ពើម ហើយ​ការរស់នៅរបស់យើងក៏លំបាក ព្រោះបាន​ចាត់ទុកយើងថាជាមនុស្សល្អ ឬ មនុស្ស ​ប្រកប​​​​​​ដោយ​កុសលធម៌ ។ បាបកម្ម​ទាំង​១៥​យ៉ាង​ដែលជាអំពើអាក្រក់ និង កាចសាហាវនោះ យើង​​គួរ​​នាំ​គ្នា​សិក្សាដើម្បីជៀសឲ្យផុត និង ដើម្បីកសាងជីវិតប្រកបដោយអត្ថន័យ និង ខ្លឹម​សារ​នៅ​​​​ក្នុង​​សង្គមខ្មែរ ។ ការ​លើ​មក​សិក្សានៅទី​នេះមានចំនួនតែបាបកម្ម​១៥យ៉ាង​ប៉ុណ្ណោះដែល​រួមមាន៖
II.  បាបកម្មាធប្បាយ
១. ទោសៈ
ក.និយមន័យៈ
ទោសៈដែលយើងបានចាត់ទុកថាជាបាបកម្មទីមួយ នៅក្នុងទីនេះដែលមានន័យថា ជា​ការ​​​​​​ប្រទូស្ត, កំហឹង,​ សម្អប់, កំហុស តាមវចនានុក្រមខ្មែរ​ដែលបោះពុម្ពផ្សាយដោយ​ពុទ្ឋសា​សន​បណ្ឌិត្យ​ ។ ទោសៈ ជាអកុសលចេតនាកើត​ឡើងដោយអំពើ​របស់​មនុស្ស​នៅក្នុង​សង្គម​បច្ចុប្បន្ន ដែលទង្វើ​ទាំង​អស់នោះប្រកបដោយបាបកម្ម  ហើយបានផលមក​ឲ្យ​បុគ្គល​​​អ្នកធ្វើ​នូវ​បាបកម្ម គឺ​កម្ម​ជា​អកុសល​នោះ​​ទទួលបាននូវទុក្ខវេទនា សេចក្តី​ខ្លោច​ផ្សា និង ពេលខ្លះរហូត​ដល់បាត់បង់​កេរ្តិ៍​ឈ្មោះ និង តម្លៃនៅក្នុងភាពជាមនុស្សទៀតផង ដែលនៅ​ក្នុង​ព្រះ​ពុទ្ឋសាសនាបានចាត់ទុក​ថា មនុស្ស​ជាសត្វមានតម្លៃ និង ឧត្តមភាពខ្ពង់ខ្ពស់បំផុត លើសសត្វនានានៅលើផែនដីយើង​នេះ ។ ចិត្ត​កាលបើបានជួប​នឹង​ទោសៈ​នេះហើយ កំហឹង ឬ សេចក្តីក្រេវក្រោធក៏កើតឡើងប្រាកដ ដែល​ធ្វើ​ឲ្យយើងខ្វះ​សេចក្តី​ពិចារណាទៅលើអំពើរបស់យើង ដែលនៅក្នុង​នោះវាធ្វើឲ្យយើង​បាត់​បង់​នូវវិចារណញាណ និង សតិសម្បជញ្ញៈក្នុងខ្លួន ហើយនឹងអាចបណ្តាលឲ្យ​យើងប្រព្រឹត្តិនូវ​អំពើ​អាក្រក់​ផ្សេងៗ​ដោយ​ងាយ​ មក​អំពីទោស នៃទោសៈ គឺសេចក្តីក្រេវក្រោធ និង កំហឹង នេះឯង ។

ខ. ការលេចឡើងនៃទោសៈ
លើសពីនេះទៅទៀត ការខឹង ឬ ស្អប់ទៅលើអ្នកដទៃ អាចធ្វើឲ្យយើងខ្វាក់ភ្នែកមើល​មិនឃើញ​នូវ​អំពើល្អរបស់អ្នកដទៃដែលបានធ្វើមកលើខ្លួន ឬ នៅក្នុងសង្គម និង ខ្លួនឯង​ផ្ទាល់ក៏មិន​មាន​មោទនភាព​ចំពោះអំពើល្អដែលខ្លួនបានធ្វើ ព្រោះតែសេចក្តីងងឹតងងល់គឺ អវិជ្ជា មានទោសៈជា​ដើម ។ សភាពនៃចិត្តប្រទុស្ដ ខឹងសម្បាទាំងអម្បាលមានរមែងលេចឡើងខណៈ​ពេល​ដែល​មនុស្ស​​បានជួបប្រទះនូវវត្ថុមិនជាទីប្រាថ្នាពេញចិត្ត មាននរណាម្នាក់ធ្វើឲ្យខាតបង់​ប្រយោជន៍​ខ្លួន ប្រយោជន៍ញាតិ មិត្តសម្លាញ់ ប្រយោជន៍បក្សពួកក្រុមសង្គមជាតិរបស់ខ្លួនជាដើម ។ នៅពេល​ខ្លះ​កំហុស​ឆ្គងរបស់ខ្លួន ក៏ជាមូលហេតុចំបង ដែលញុំាងបុគ្គលខ្លួនឯងផ្ទាល់កើត ការក្តៅ​ក្រហល់​ក្រហាយ អន្ទះសា ឆ្លេឆ្លា​ តក់ក្រហល់ តប់ប្រមល់ ជ្រួលច្របល់ បាយមិនបាន សម្រាន្ត​មិនលក់​ផងដែរ ។



គ.​លទ្ឋផលនៃទោសៈ
ការរស់នៅយើងត្រូវចេះអធ្យាស្រ័យគ្នា ហើយយើងក៏ដឹង​ដែលថាការមានទោសៈ គឺ​សេចក្តី​​​ក្រេវក្រោធ​ ឬ កំហឹង មិនអាចរស់នៅបានសុខ សុភមង្គលបានឡើយ មានតែភាពងងឹត និង សម្បូរទៅដោយសត្រូវ គឹ អមិត្ត ។
ការធ្វើបែបនេះ ជាការមិនមានវឌ្ឍនធម៌គឺការរីកចំរើន និង សេចក្តីសណ្តោសប្រណី​ចំពោះ​មនុស្ស សត្វ និង ជាលទ្ឋផលមិនត្រឹមតែមិនទទួលបានផលចំណេញប៉ុណ្ណោះទេ ហើយថែមទាំង​ខាតបង់នូវពេលវេលា ប្រាក់កាស ជាពិសេសគឺសេចក្តីក្រេវក្រោធអាចធ្វើ​ឲ្យយើងមានអាយុ​កាន់​តែ​ខ្លី និង មុខកាន់តែចាស់ជាងវ័យ ម្យ៉ាងវិញទៀតការកើតទោសៈ គឺសេចក្តីខឹងក្រេវក្រោធនេះ អាច​បណ្តាលឲ្យយើងកើតជំងឺផ្សេងៗ ដូចជាលើសឈាម គាំង​បេះដូង និង ជំងឺឯទៀតៗ ហើយ​ជំងឺ​ទាំងនោះក៏អាចបណា្តយឲ្យយើងស្លាប់បានផង  ។​ ទោសៈជាអកុសលធម៌នាំសត្វ​ទៅកាន់​សេចក្តី​​​វិនាស អន្តរាយ នៅក្នុងជីវិតបច្ចុប្បន្ន និង​អនាគត ព្រោះទោសៈគឺសេចក្តីក្រេវក្រោធ និង កំហឹង​ជាដើមនេះ បិតបាំងមនុស្សមិនឲ្យ​ស្គាល់អំពើល្អ និង គុណប្រយោជន៍របស់មនុស្ស ។​ ជា​ឧទាហរណ៍ ការដែលតាជូជកទៅ​សុំកូនពីព្រះវេស្សន្តរ ដែលក្នុងនោះតាជូជកបាន​ធ្វើបាបកូន​របស់​ព្រះអង្គគឹ ជាលី និង នាងក្រស្នា នៅ​ចំពោះមុខព្រះអង្គផ្ទាល់ ដែលធ្វើឲ្យព្រះបាទ​វេស្សន្តរ​មានទោសៈ គឺសេចក្តី​ខឹងក្រេវក្រោធ នឹងប្រុងសម្លាប់តាជូជកនៅនឹងកន្លែង តែហេតុជាកុសល​ព្រោះ​ព្រះបាទ​​វេស្សន្តរបានធ្វើការសំអាតចិត្ត បំបាត់ទោសៈឲ្យចេញពីខ្លួនមានកំលាំងចាស់ខ្លា​ហើយ​​​​​ដែល​ធ្វើឲ្យព្រះអង្គមិនអាចលើដៃសម្លាប់តាជូជកបាន ។ ត្រង់នេះប្រសិនបើព្រះ​បាទ​វេស្សន្តរ​​​សម្លាប់​តាជូជកនោះ ព្រះអង្គក៏មិនអាចបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ឋឡើយ ។ ដូចនេះ​យើង​ឃើញ​ថាទោសៈ គឺសេចក្តីក្រោធ និង ការខឹងសម្បារ ជាសេចក្តីវិនាយដ៏ធំ​ធេងណាស់របស់​មនុស្ស​ជាតិ ។

ឃ.​សេចក្តីសន្និដាន
តាមការបកស្រាយខាងលើយើងឃើញថា ទោសៈជាឬគល់នៃសេចក្តីវិនាស ចុះហេតុ​អ្វី​មនុស្ស​​​នៅ​តែយកទោសៈមកដាក់ក្នុងខ្លួន ម៉ិចមិននាំគ្នាកំចាត់បង់ចោលឲ្យ​ស្រឡះព្រោះ​ទោសៈ ​គឺ​សេចក្តី​ក្រេវក្រោធក៏មានវិធីដើម្បីសម្លាប់ និង លះបង់ដែរតើ ។ យើងអាច​រកការរំងាប់​សេចក្តី​ក្រោធ គឺ​ទោសៈ​នេះតាមរយៈធម៌របស់ព្រះពុទ្ឋសាសនា ដែលវិធីទាំង​អស់នេះរៀបរៀង​ដោ​យ​លោក​អគ្គ​បណ្ឌិត ប៊ុត សាវង្ស នៅក្នុងសៀវភៅវិធីរំងាប់សេចក្តីក្រោធ ​ថាទោសៈកើត​ឡើង​ដោយការ​ប្រហារ​ផ្លូវចិត្តរបស់ខ្លួនឯង ការគាំទ្រសេចក្តីក្រោធ គឺ​បំបាត់​អំពើជាអកុសលចោល ការ​ធ្វើ​អំពើ​ព្រៃ​ផ្សៃ​មក​លើខ្លួនឯង និង អ្នកដទៃ សេចក្តីក្រោធ​ជា​ចំនុច​ខ្សោយរបស់មនុស្សគ្រប់គ្នា ការ​បៀត​បៀន​ខ្លួនឯង​និង​អ្នកដទៃ ការដុតរោលចិត្ត​របស់ខ្លួនដោយធម៌ជាអកុសល ការឡើងកាន់ទៅ​រកផ្លូវ​នៃ​គ្រោះថ្នាក់ និង ខន្ឋ៥ជាទុក្ខ​របស់សត្វ ។ យើងត្រូវសិក្សាស្វែង​យល់ឲ្យបានច្បាស់​ថា​តើទោសៈ វា​​ត្រូវការយ៉ាង​ណា​ យើងនឹងរកផ្លូវគឺអំពើល្អមកដំដុតវាឲ្យកា្លយទៅជារបស់ល្អ ពោលគឺ​កុសលធម៌ ។
វេលាដែលមនុស្សមាននូវសេចក្តីខឹងក្រោធ ឆេវឆាវ ភ្លាមនោះគេតែងមានមុខដូចយក្ស ដូច​ខ្លា​គួរ​ខ្លាចពេកណាស់ គេធ្វើខុស គិតខុស និង និយាយខុសប្រាសចាកសុចរិតភាព ។ ដរាបណា ទោសៈ​គ្របសង្កត់ដរាបនោះ ទោសជននឹងហ៊ានប្រព្រឹត្តអំពើខុសចាកច្បាប់ក្រិតក្រមព្រមទាំង​សីល​​​វិន័យ តាំងតែពីតូចរហូតដល់ធំ ដូចជាការសម្លាប់អ្នកមានគុណជាដើម ។ ក្តីវិនាសគ្រប់យ៉ាង កើតចេញពីការមានទោសៈក្នុងចិត្តរបស់មនុស្សគ្រប់រូប។
មានតែព្រហ្មវិហារធម៌ទាំងបូនទេដែលអាចយកមកបង្អាក់នូវទោសៈឲ្យនៅស្ងៀមបាន ដែល​ព្រហ្មវិហារ​ធម៌រួមមាន មេត្តា ករុណា មុទិតា និង ឧបេក្ខា និង ធម៌៨៤០០០ព្រះធម្មខន្ឋ​របស់​ព្រះ​សម្មា​សម្ពុទ្ឋទាំងអស់នេះអាចយកមកកំចាត់នូវអកុសលធម៌គឺទោសៈបាន ។  តាមពិតយើង​ទាំង​អស់គ្នា​គួរ​​គប្បីហាត់ពត់ចិត្តរបស់យើងតាំងនូវក្នុងមេត្តា ករុណាដែល​ជាធម៌អាច​ជួយ​យើង​បាន ។

២. សន្សំរឿង
ក.​ និយមន័យ
ការសិក្សាមិនអាចបញ្ចប់បានទេ ព្រោះមានរឿងរ៉ាវច្រើនណាស់ដែលស្ថិតនៅជំវិញខ្លួន​យើង ដូច​ដែល​​យើងបានសិក្សាអំពីពាក្យថាទោសៈរួច យើងនឹងសិក្សាស្វែងយល់អំពី​ពាក្យថា សន្សំ​រឿង​​​ម្តង  ដែលជាបាបកម្មទីពីរនៅក្នុងទីនេះ ។ បើតាមវចនានុក្រមខ្មែរ​ដែលបោះពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​​​បណ្ឌិត្យ​​​បានឲ្យដឹងថា ការសន្សំរឿង មានន័យថាការ​ប្រមែ​ប្រមូលហេតុការណ៍​ ដើម​ហេតុ​​ពី​តិចឲ្យបានទៅជាច្រើន ។
ខ.​ ការលេចឡើងនៃការសន្សំរឿង
ការពិតណាស់ថា​បុគ្គល​ណា​សន្សំពូជណា ប្រាកដណាស់​ថានឹង​បាន​ផល​នោះ ដូចដែលព្រះ​សម្មាស​ម្ពុទ្ឋទ្រង់បាន​ទេសនា​ថា បុគ្គលណាបណ្តុះពូជណា (ប្រព្រឹត្តិ​កម្ម​​បែប​ណាទទួលផល​នៃ​កម្ម​នោះដោយ​ពិត) គឹបានផ្លែផ្កាទៅតាមពូជដែលខ្លួនបានដាំសន្សំ​​នោះ​​ឯង ។ រឿងរ៉ាវជាហេតុ ដូចនេះ​បើយើងសន្សំរឿងគឺហេតុនៃរឿង​បែបណាការទទួលផល​នៃរឿង​បែប​នោះ​ ។ ប៉ុន្តែការ​សន្សំ​​រឿងក្នុងទីនេះសំដៅទៅលើអំពើអាក្រក់ដែល​យើងហៅថាជា​បាបកម្ម​ ដែល​បុគ្គល​​សន្សំ​ហើយ​រាល់ថ្ងៃ ជាមួយអ្នកដទៃ និង​ ខ្លួនឯង ។​ ការទាំងនេះកើតមាននៅពេលដែលនរណា​ម្នាក់បានធ្វើអ្វីមួយខុសឆ្គងមកលើខ្លួន ដូចជាការ​ស្តី​បន្ទោសប្រមាថមើលងាយ​ព្រមទាំងការប៉ះ​ពារ​នូវទ្រព្យសម្បត្តិនានា ។ ម្យ៉ាងវិញ​ទៀតការ​សន្សំ​រឿងនេះអាចត្រូវបានគេឲ្យតម្លៃមួយផ្សេងទៀត​ ទៅ​លើការដែលមនុស្សពូកែរក​រឿង​អ្នក​ដទៃ​នរណា​​​ធ្វើអ្វីក៏​មិនត្រូវចិត្តខុសនេះខុសនោះ ទាស់ត្រង់​នេះ​ទាស់ត្រង់នោះធ្វើយ៉ាងណាឲ្យ​តែកើត​ចេញជាបញ្ហាណាមួយ ដើម្បីឲ្យគូបដិបក្សដកថយ​ចេញ​ពី​ដែន​ការងារ ឬ កន្លែងដែលគេ​ប្រាថ្នា​ចងបាន ។

គ. លទ្ឋផលនៃការសន្សំរឿង
បើយើងសន្សំតែរឿងអាក្រក់ អពមង្គល នោះជីវិតយើងក៏មានតែផលអាក្រក់ រឿង​អាក្រក់​​នៅ​ជាប់​​តាម​រាល់ថ្ងៃ ។ ទោះបីគេធ្វើអំពើល្អដាក់ខ្លួនក៏គិតថាជាអំពើអាក្រក់ទៅវិញ​ដោយគិតតែសន្សំ​រឿង​មិន​ចង់ឲ្យអ្នកដទៃបានសុខ ឬ ការមិនចង់និយាយពាក្យថាអគុណ ទៅរកអ្នកដែលធ្វើអំពើ​ល្អ​មកលើខ្លួន ។ ចិត្តរបស់គេជាសត្រូវនិងមនុស្សល្អ ព្រោះមនុស្សល្អ តែងតែធ្វើឲ្យគេឈឺ​ចាប់ដោយ​ទង្វើ​ល្អ គឺការស្រលាញ់ រាប់អាន ទៅរកគ្នានឹងគ្នា ដោយ​មិនចេះរករឿង និង សន្សំរឿង​ជាមួយ​អ្នកដទៃ ។ ដូចជានៅក្នុងគ្រួសារមួយបើប្រពន្ឋនិងប្តី​ចេះតែរករឿង​គ្នាទៅវិញ​ទៅមក​ជារៀង​រាល់​ថ្ងៃ ហេតុ​នេះ​លោកថាជាការសន្សំរឿង នូវថ្ងៃ​ណាមួយនឹងមានការឈ្លោះប្រកែកគ្នាជាមិនខាន ព្រោះ​ការគ​នូវ​គំនរនៃរឿងក៏កាន់តែ​ច្រើនឡើង​ ។ ផលនៃការសន្សំរឿងគឺការបែកបាក់គ្នា ដែល​មិន​អាន​នាំ​មកនូវ​សុភមង្គល ហើយរឿងនេះក៏អាចជះឥទ្ឋិពលដល់សង្គមជាតិទាំងមូលផងដែរ ដែល​វា​មិន​អាចកសាងនូវគ្រួសារមួយប្រកបដោយសេចក្តីសុខ និង សុភមង្គល ។ ប្រសិនបើ​គ្រួសារ​នោះ​ចេះ​តែសន្សំរឿងល្អ គ្រួសារនោះនឹងមានតែសុភមង្គល ដោយការមិនចេះ​សន្សំរឿង​អាក្រក់ ។
ការសន្សំរឿងអាក្រក់ធ្វើឲ្យយើងបែកបាក់នូវមិត្តល្អ ព្រោះមិត្តល្អគេមិនចេះ​សន្សំ​រឿង​ទេ ។ គេ​ចង់​​ឲ្យតែមិត្តបាននូវសេចក្តីសុខចំរើន រុងរឿងក្នុងជីវិត ។ យើងទាំងអស់គ្នា​គួរតែ​ចេះសន្សំនូវ​រឿង​រ៉ាវដែលល្អឲ្យបានច្រើនដែលរឿងល្អទាំងនោះនឹងអាចនាំមកនូវ​សេចក្តី​សុខដល់យើង និង​សង្គម​ជាតិទាំងមូល ។

ឃ. សេចក្តីសន្និដា្ឋន
ជារួមការសន្សំរឿងគឺជាអំពើមួយដែលអាចនាំមនុស្សឲ្យបានសេចក្តីសុខផង និង ទុក្ខ​ផង ព្រោះ​​​​បើ​​យើង​សន្សំរឿងល្អ យើងនឹងបានតែសេចក្តីសុខ តែបើសន្សំតែរឿងបាប​នោះ ការសន្សំ​រឿង​របស់​យើង​នោះនឹងទៅជាផ្លូវខុស ដែលនាំមកនូវសេចក្តីវិនាស​អន្តរាយ​ដល់យើង ។ ម្យ៉ាងវិញ​ទៀត​ការ​សន្សំរឿងអក្រក់នឹងនាំយើងឲ្យកា្លយទៅជា មនុស្ស​អាក្រក់ កូនអាក្រក់ បាបមិត្ត បាប​សិស្ស​ ជាដើម បើ​និយាយឲ្យចំ ការសន្សំរឿងអាចនាំ​យើង​ឲ្យ​កា្លយជាបាបជនតែម្តង ។
ដូចនេះដើម្បីកំចាត់បង់នូវការសន្សំរឿងដែលជាបាបកម្មដ៏អាក្រក់មួយនេះ យើងទាំង​អស់គ្នា​គួរ​គប្បីដឹងថាអំពើល្អជាអ្នកនាំមកសេចក្តីសុខ ឯការធ្វើអំពើអាក្រក់វានាំមកនូវទុក្ខ​វេទនា  ។ យើង​ត្រូវ​តែប្រព្រឹត្តិតែអំពើល្អ សន្សំនូវរឿងដែលល្អ រាប់អាននូវមិត្តដែលល្អ ទាំងអស់នេះនឹងនាំមក​នូវ​សេចក្តី​ចំរុងចំរើន ថ្កុំថ្កើន ដែលសង្គមទទួលស្គាល់ថាជាមនុស្ស​ល្អ អាចជាធនធានមួយ​ដ៏ល្អសំរាប់​ប្រទេសជាតិ និង សង្គមគ្រួសារ  ។

៣. រមិលគុណ
ក. និយមន័យ
រមិលគុណជារឿងមួយដែលអាក្រក់បំផុត ដែលមនុស្សគ្រប់រូបគួរជៀសវាង ដែលនៅ​ក្នុងទី​នេះ វាជាបាបកម្មទីបី ។ បើតាមវចនានុក្រមខ្មែរ​ដែលបោះពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យ​បាន​ឲ្យ​ដឹង​ថា រមិលគុណ មានន័យថា ´´​ការមិនឃើញ ការមិននឹកគុណគេដែល​បានជួយដល់ខ្លួន​ ឃើញ​​គុណ ឬ នឹក​គុណ​ដែរ​តែ​ស្បើយ​ៗ មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ។ មនុស្ស​រមិល​គុណ​ស៊ុន​ខាង​ល្មើស ចិត្ត​ទ្រើស​ទ្រនង់​ភ្លេច​គ្រា​ក្រ កាល​គេ​ផ្គត់​ផ្គង់​ខ្លួន​ឲ្យ​ល្អ ឥត​នឹក​តប​ត​សង​គុណ​គេ ។ លុះ​ដល់​យូរ​មក​នឹក​ស្ដាយ​ក្រោយ នឹក​ឃើញ​ក្តី​ធ្លោយ​ព្រោះ​ធ្វេស​ទ្វេ មិន​ហ៊ាន​ហើប​មាត់​មួយ​ម៉ាត់​ទេ ចេះ​តែ​គេច​ខ្លួន​ពួន​បំបាំង ។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​រមិល​គុណ​គេ​ទេ ។´

ខ. ការលេចឡើងនៃរមិលគុណ
ការរស់នៅរបស់មនុស្សតែងតែត្រូវការអាស្រ័យទាក់ទង រុករកគ្នាទៅវិញទៅមកជា​មិនខាន ដែល​​យើងមិនអាចជៀសឲ្យផុតបានទេ ដូចនេះយើងមិនត្រូវរមិលគុណគេទេ ព្រោះការរមិល​គុណ​ជាធម៌ដ៏លាមកច៍​របស់​មនុស្សអាក្រក់ និង បាបបុគ្គល ។ ជាធម្មតា ការសិក្សាក៏ដូច​គ្នាដែរ សិស្សត្រូវប្រាស្រ័យគ្រូដើម្បីបានចំណេះដឹង ប្តីត្រូវអាស្រ័យប្រពន្ឋ អ្នកក្រុងត្រូវអា​ស្រ័យអ្នក​ស្រែ​ចំការ អ្នកផ្សារត្រូវអាស្រ័យអ្នកទិញ ។ មើលឃើញបែបនេះ មិនគួរឡើយ​ណាមនុស្សយើងមាន​ចិត្តបាប​ គឺការរមិលគុណនោះទេ ។ ជាងនេះទៅទៀតការមិន​ស្គាល់​គុណដែលគេធ្វើហើយ​ដល់ខ្លួនវារឹតតែអាក្រក់ និង លាមកច៍​​បំផុត ពីព្រោះបើ​យើង​​ពិចារណាមើលថា នៅក្នុងព្រះពុទ្ឋ​សាសនាយើង ដែលប្រជាជន​ខ្មែរបានចាត់ទុក​ថា​ជាសាសនារបស់រដ្ឋ​ព្រោះព្រះពុទ្ឋសាសនា​មាន​គុណ​តម្លៃយ៉ាងក្រៃលេង ក្នុងការកសាង​មនុស្សខ្មែរឲ្យមានគុណធម៌ សីលធម៌ និង​ សេចក្តីថ្លៃថ្នូរ ហើយជា​ប្រទេស​​មួយធ្លាប់មានអរ្យធម៌រុង​រឿង​នោះ ប្រាកដណាស់ថាព្រះពុទ្ឋសាសនា​បាន​បង្រៀន​​​​​​​ឲ្យ​កូន​ខ្មែរចេះដឹងគុណ គឺការ​មិន​រមិល​គុណអ្នកដទៃដែលជាបាបធម៌​ដ៏អាក្រក់​សម្រាប់​មនុស្សលាមកច៍ ។ សេចក្តីដឹង គុណអ្នកដទៃ ជាគុណតម្លៃមួយនៅក្នងវប្បធម៌ ដែលបាន​បង្រៀន​ឲ្យកូន ខ្មែរស្គាល់​គុណ​ម៉ែឪ ជីដូន ជីតា បង ប្អូន ញាតិសាច់សាលោហិត ជាដើម ហើយចេះ​ធ្វើ​គុណ​នោះ​តប​សងគាត់វិញដែលលោកឲ្យឈ្មោះថាកតញ្ញូតាធម៌ ដល់បុព្វការីជន គឺជនអ្នកបាន​ធ្វើ​គុណ​មុន ។ធម៌ដែលផ្ទុយពីរមិលគុណ គឺ ការដឹងគុណ តបគុណដល់ជនអ្នកមានគុណចំពោះ​យើងវិញ ។ ការសងគុណ ឬ ដឹងគុណគេអាចធ្វើឲ្យមនុស្សមានសេចក្តីថ្លៃថ្លូរ និង សង្គមខ្មែរយើង​មាន​វឌ្ឍនធម៌ ដែលមនុស្សជាធាតុផ្សំរបស់សង្គមមានគុណធម៌ និង តម្លៃគ្រប់គ្រាន់ ។

គ.លទ្ធផលនៃការរមិលគុណ
ជាធម្មតា ជនអ្នកអកតញ្ញូ អកតវេទី រមែងជួបនូវកី្តសាបសូន្យចាកទ្រព្យសម្បត្តិ ញាតិមិត្តព្រម​ទាំងបរាជ័យក្នុងឆាកជីវិតជាក់ជាមិនខាន ទ្រព្យធា្លប់មានស្តុកស្តម្ភក៏ហិនហោចបន្តិចម្តងៗយស​ស័ក្តិ​​ដែលខ្ពង់ខ្ពស់ក៏ថមថយចុះជាបន្តបន្ទាប់ រិវារអ្នកតែងហែហមក៏រត់ចោលបន្តើរៗ ។ លាភ​ដែល​បំរុង​នឹងកើមមានដល់ខ្លួន ក៏រសាត់អណ្តែតឆា្ងយបាត់ទៅដោយសារតែការមិនចេះដឹងគុណ ហើយ​​​នឹង​បាត់បងនូវក្តីមេត្តា ករុណាពីជនផងនានាដែលមានបំណងនឹងជួយ​ឧបត្ថម្ភគាំ​ទ្រ​ចំពោះ​ខ្លួន ។  ពេលខ្លះទៀត ឈានទៅដល់ក្តីអន្តរាយអាយុជីវិត ព្រោះតែការមិននឹកឃើញគុណ​របស់​អ្នក​ដទៃ នេះជាលទ្ធផលកើតចេញពីការមិលគុណ ។

ឃ. សេចក្តីសន្និដ្ឋាន
រួមសេចក្តីមក ការរមិលគុណជា ការមិនខ្វាយខ្វល់រលឹកដល់ទង្វើល្អនៃជនណាម្នាក់ដែលធ្លាប់​បាន​​ធ្វើ​មកលើ​ខ្លួន​ក្នុងកាលមុន ។ ភាពវងេ្វងលែងស្គាល់ឧបការៈនេះ កើតមាននៅពេល​ណាជន​រូប​ណា​មួយ គិតតែពីប្រយោជន៍បុគ្គលសួនតួ ព្រងើយកន្តើយចំពោះអ្វី ដែលខ្លួនបានទទួល​ពី​មនុស្ស​ណាម្នាក់ មិនបានតបកុសលជាតិដល់បុព្វការីជន ត្រឡប់ជានាំមកនូវរឿងរ៉ាវ​អាស្រូវ​ទៅ​ឲ្យ​អ្នកទាំងនោះទៅវិញ ។ ការប្រកាន់យកនូវធម៌ មិនដឹងគុណនេះនឹងធ្វើឲ្យជនអ្នកប្រព្រឹត្ត ជួប​ប្រទះ​ក្តីអន្តរាយគ្រប់យ៉ាង ទាំងអ្វីដែលជាទ្រព្យក្នុងបច្ចុប្បន្ន និង សេចក្តីសុខ សុភមង្គល​វេលា​អនាគត​ជាតិថែមទៀតផង ។ សង្គមមួយពេញទៅដោយ ការតបស្នងសងគុណ សង្គមនោះនឹង សម​ប្រកបដោយ សុខសន្តិភាព សុវត្ថិភាព សុភមង្គល ផ្ទុយទៅវិញ បើសង្គមណាសម្បូរទៅ​ដោយ​អ្នក​រមិលគុណ សង្គមនោះពិតជាជួប ក្តីថមថយអានុភាព សម្បូរអំពើហិង្សា បាត់បង់អស់​សេចក្តី​មេត្តា ការស្រលាញ់អាណិត ការប្រស់ប្រណីដល់គ្នានឹងគ្នា មានតែការបង្ហូរឈាមប៉ុណ្ណោះ ។

៤. លើកកម្ពស់ខ្លួន
ក. និយមន័យ
បន្តមកទៀតយើងនឹងសិក្សាអំពីការលើកកម្ពស់ខ្លួនដែលជាបាបធម៌ទីបួន នៅក្នុងទីនេះ ។ បើ​តាម​វចនានុក្រមខ្មែរ​ដែលបោះពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ការលើកកម្ពស់​ខ្លួន គឺការលើកខ្លួនឯងពីក្រោមឡើងទៅលើ យោងឡើងពីទាបទៅខ្ពស់ និង អ្នកដទៃមិនដល់ខ្លួន​ជាដើម  ។ មនុស្សរាល់គ្នាតែងតែមានគុណវិសេសរៀងៗខ្លួន ដោយអ្នកខ្លះមានគុណសម្បត្តិច្រើន និង អ្នកខ្លះមានគុណសម្បត្តិតិចទៅតាមការចេះកែខៃតែប៉ុណ្ណោះ ។​

ខ.​ ការលេចឡើងនែការលើកកម្ពស់ខ្លួន
 ការលើកម្ពស់ខ្លួន ជាធម៌​មួយ​​ដែលធ្វើឲ្យបុគ្គលអ្នកប្រព្រឹត្តិដល់នូវសេចក្តីវិនាស គឺស្លាប់​ទាំង​រស់ ព្រោះបុគ្គលនោះមិនចេះ​ប្រមាណនូវខ្លួន ។ ឧទាហរណ៍ថា បើខ្លួនមានចំនេះតិច​តែបែរជា​ទៅ​ក្អេង​ក្អាងអួតដូចជាអ្នកមាន​ចំនេះច្រើនហើយគិតថាមិនមាននរណាដល់ខ្លួន ប៉ុន្តែដល់ពេលឲ្យធ្វើ​បែរ​ជាមិនដឹងអុយសោះ​ ធ្វើ​នេះ​​ក៏​មិន​កើត​ធ្វើ​នោះក៏មិនកើត ។ ការលើកម្ពស់ខ្លួនឯង​ជ្រុស​ហួស​វា​អាច​បណ្តាយឲ្យយើងបាត់​បង់​​នូវការគិតជាវិជ្ជាមាន គឺថាមើលឃើញអ្នកដទៃទាបតូចជាងខ្លួន ការ​គិតបែបនេះយូរ​ៗ​ទៅ​អាច​ធ្វើ​ឲ្យមានអន្តរាយដល់ខ្លួន ហើយវានាំឲ្យអ្នកដទៃពេបជ្រាយ សើច​ចំ​អក ស្អប់ខ្ពើម មិនចូល​ចិត្ត មានអារម្មណ៍ធុញទ្រាន់ និង មិនចង់រាប់អាន ដោយសារ​តែការ​លើក​កម្ពស់​ខ្លួន និង ការ​គ្រ​អឺត​គ្រទមចំពោះការដែលមាននូវរបស់ដែលមិនមាន ។

គ. លទ្ឋផលនៃការលើកកម្ពស់ខ្លួន
យើងអាចប្រៀបមនុស្សបែបនេះទៅនឹងសត្វមួយប្រភេទ ដែលចូលចិត្តតែភាពអស្ចារ្យចំពោះ ខ្លួន​ឯង ទើបមានគំនិតមួយថា មានតែអញទេដែលល្អ ប្រសើរ និង ខ្ពង់ខ្ពស់ជាងគេឯងរាល់គ្នា ។ ពេលខ្លះក៏បណ្តាល់មកពីអវិជ្ជាគ្របសង្កត់នូវសន្តានចិត្ត ដែលធ្វើឲ្យបុគ្គលនោះៗភ្លេចគិតថានៅ​មានគេមានឯង ។ ដូចពាក្យចាស់បូរាណលោកពោលថា ភ្នំហើយខ្ពស់នៅតែមានស្មៅដុះពីលើ​ខ្ពស់​​ជាង​ភ្នំ​​នោះទៀត ។ យើងគួរតែគិតថានៅលើផែនដីយើងនេះ មិនមាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ តែនៅមានមនុស្សជាច្រើនណាចេះ ឬ ប្រសើរជាងយើង ។ ដូចនេះយើងគួរ​តែដាក់​អស្មិមានៈចុះ គឺថាដាក់សេ​ច​ក្ដី​​ប្រកាន់​ថា​អញ​មាន សេចក្ដី​ប្រកាន់​ចិត្ត​រឹងត្អឹង​ថា​អញ​នេះចោល​ដើម្បី​​កុំឲ្យមាក​ការលើកម្ពស់ខ្លួនហួសហេតុពេក ដែលបណ្តាលឲ្យមានអញច្រើន ហើយដែល​ជា​ហេតុ​នាំឲ្យកើត​ទុក្ខ វេទនា និង សេចក្តីអន្តរាយ ។

ឃ. សេចក្តីសន្និដ្ឋាន
សរុបសេចក្តីមកបានឲ្យយើងដឹងថា ការលើកកម្ពស់ខ្លួន ជាអំពើមួយដែលមិនគួរធ្វើ និង គិត ដោយតិចតួចសោះ ។ វាគ្រាន់តែជាការបោកបញ្ឆោតរបស់អស្មិមានៈចិត្តតែប៉ុណ្ណោះ ដែលធ្វើឲ្យ​អ្នកដទៃមានការមើលងាយមើលថោកមកលើយើងវិញប៉ុណ្ណោះ ហើយការលើកកម្ពស់ខ្លួនក៏​មិន​មែនជាការល្អណាស់ណាដែលអាចផ្តល់ឧត្តមភាព និង សុភមង្គលដល់បុគ្គលអ្នកសាងឡើង​នោះ​ទេ ។ យើងត្រូវនិយាយអ្វីដែលជាសច្ចភាពរបស់មនុស្ស កុំមុសា ដែលជាធម៌ដ៏លាមកច៍របស់​មនុស្ស និង ទេវតា ។ ម្យ៉ាងទៀតយើងមិនត្រូវគិតថា យើងមកពីត្រកូលខ្ពង់ខ្ពស់ ស្តេចទេវតា ណានោះទេ ។ ការកើតមកជាមនុស្សជាការកម្រ ដូចនេះយើងត្រូវប្រព្រឹត្តិសុច្ចរិតតាមកាយ វាចា និង ចិត្ត ដែលជាកុសលធម៌សម្រាប់នាំយើងទៅកាន់ភាពថ្កុំថ្កើង និង សុភមង្គល ដល់ជីវិតយើង ។ កុំអួតហួសមាឌ និង កុំអង្គុយលើចង្អែលើកខ្លួនឯងវាមិនប្រសើរទេ ។ យើងទុកឲ្យអ្នកដទៃសរសើរ​និង អួតអំពីយើងជំនួសយើងទៅវិញទើបប្រសើរ ។ ការនិយាយពាក្យពិតមិនស្លាប់ និង ការដម្កល់​ខ្លួនឲ្យត្រឹមត្រូវជាទង្វើមួយដ៏ប្រពៃសម្រាប់មនុស្ស ។

៥. ច្រណែន
ក. និយមន័យ
នេះជារឿងមួយដោយឡែក ចំពោះពាក្យថាច្រណែន ដែល តាមវចនានុក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ច្រណែន គឺជា ´ការមិន​សុខ​ចិត្ត​ដោយ​គេ​បាន​លើស​​ខ្លួន ឬ ​ដោយ​គេ​បាន ខ្លួន​មិន​បាន ។´ វាមិនគួរណាសោះថាមនុស្សចេះ​ច្រណែន​គ្នា ដែល​ខុសពីសត្វត្រង់ដែលថាសត្វមិនដែលគិតថាច្រណែនចំពោះសត្វគ្នាវា បើ​នរណា​បាន​អីស៊ីក៏ស៊ីទៅ​ នរណាបានស្រួលក៏ស្រួលទៅ ។ ដូចនេះយើងឃើញថា មនុស្សកើតមកនាំមកនូវអកុសលធម៌ជា​ច្រើនតាមខ្លួនដែលអកុសលធម៌ទាំងនោះរួមទាំងការច្រណែននេះផង ។



ខ. ការលេចឡើងនៃការច្រណែន
 យើងត្រូវដឹងថា​អកុសល​ចិត្ត​ដែលកើតអំពីការច្រណែននេះមានទំងន់ធ្ងន់ណាស់ ព្រោះជា​ធម៌​មិនគ្រប់គ្រាន់ ជាធម៌នាំមក​នូវទុក្ខវេទនា និង សេចក្តីខ្លោចផ្សានៅក្នុងដូងចិត្តរហូត គឺដោយការ​មិន​ចេះ​ឆ្អែត​ឆ្អន់នូវពាក្យថា​បាន​ និង ​មាន ។ ធម៌ច្រណែន អាចកើតឡើងគ្រប់មនុស្ស មិនថាក្មេង ឬ​ ចាស់ ខ្មៅ ឬ ស ល្អ ឬ អាក្រក់ នៅពេលការច្រណែនកើងឡើងហើយវាធ្វើឲ្យយើងនៅមិន​ស្ងៀមគឺចង់បានហើយចង់​បានទៀត ទោះមានប៉ុន្មានក៏មិនស្កប់ស្កល់ ។ ពេលខ្លះឃើញគេបាន​ច្រ​ណែន​នឹងគេដោយខ្លួនឯង​មិនបានទៅរកនឹងគេផង ហើយចងបានទ្រព្យគេដែល​គេបានមក​ដោយ​​កំលាំងញើសឈាម និង​ ការតស៊ូរបស់គេ ។ ការច្រណែនអាចបណ្តាលឲ្យយើង​មានចិត្ត​ល្អក់​កករ មិនស្អាត និង ខូចសុខ​ភាពផ្លូវចិត្ត ដែលអាចបណ្តាលឲ្យចិត្តរវើរវាយ​ ឬ កា្លយជាឆ្គួត​ទៀតផង ។
ការសិក្សាក៏មានការច្រណែនគ្នាដែល ដូចជាសិស្សខ្លះបានពិន្ទុតិចជាងសិស្សខ្លះបែរជា​ខឹងមិន​ត្រឹម​តែខឹងនឹងសិស្សគ្នាឯងថែមទាំងខឹងរហូតដល់គ្រួជាអ្នកឲ្យពិន្ទុនោះទៀតផង ព្រោះតែសេចក្តី​ច្រណែន​អាចនាំឲ្យសិស្សនោះធ្វើអំពើមិនល្អមកលើសិស្សដទៃទៀត និង លោកគ្រួទៀតផង ឬ ក៏​មានចិត្តចង់ឈប់រៀនផងដែរ ។ ខឹងខុសខឹងខាតខឹងខូចប្រយោជន៍ ព្រោះតែការច្រណែន ។ ដូចនេះយើងគួរសិក្សាស្វែងយល់អំពីការច្រណែន ដោយការវឹកហាត់ និង រម្ងាប់ចិត្តដែលផ្ទុកទៅ​ដោយការច្រណែន តាមរយៈការសិក្សាព្រះធម៌ និង អប់រំចិត្តគំនិតឲ្យបានស្អាតល្អ ជាមនុស្ស​ប្រកបដោយគុណធម៌ ផុតចាកនូវឥស្សាគឺការច្រណែននេះឯង ។ ការអប់រំកាយវាចាចិត្តឲ្យប្រកប​ទៅដោយសីលធម៌របស់មនុស្ស ជាទង្វើដ៏ប្រពៃដែលយើងរាល់គ្នាគួរគប្បីធ្វើ ។

គ.​ លទ្ឋផលនៃការច្រណែ
ជាលទ្ធផលគឺបានត្រឹម ការខូចខាតតាំងពីប្រយោជន៍តូច រហូតដល់ប្រយោជន៍ធំៗ ព្រោះតែ​មិន​ចង់​ឲ្យ​អ្នកផងបានខ្ពង់ខ្ពស់ ខ្លួនក៏ទទួលបាននូវភាពអាប់ឱនដែរ គ្រប់ពេល​រវល់ក្នុង​រឿង​ច្រណែន​គេ ភ្លេចអស់ការងារត្រូវធ្វើនិងសេចក្តីល្អត្រូវបំពេញ ។ តាមធម្មតា មនុស្សគ្រប់​អង្គាក្នុង​ត្រៃ​ភពនេះគ្មានការស្មើគ្នាទេទោះខិតខំធ្វើការបង្រួបបង្រួមនូវគម្លាតរវាងអ្នក​មាន និង អ្នក​ក្រ​យ៉ាង​​​​ណាក៏ដោយ​តើអ្វីទៅជា បញ្ហាដែលបណ្តាលឲ្យមនុស្សមានស្ថានភាពខុសប្លែកគ្នា ដោយ​ហោច​​​ទៅ​​​មុខមាត់ រូបរាងកាយក៏ខុសគ្នាទៅ ហើយ? ធម្មជាតិចាត់ចែងវត្ថុនានាក្នុងលោក ឲ្យ​ប្រព្រឹត្ត​ទៅជាគូគឺមានអ្នកដឹកនាំនិងអ្នកដែលត្រូវគេដឹកនាំ មាន អ្នកក្រកម្សត់អត់ឃ្លាន និង អ្នក​មាន​​​ស្តុកស្តម្ភសេដ្ឋីគហបតី មានប្រុសនិងស្រី មានអ្នកល្ងង់ខ្លៅនិងអ្នកប្រាជ្ញ កវីបណ្ឌិតជាដើម ។ ប្រការនេះ បណ្តាលមកពីចរិយាការប្រព្រឹត្តរបស់មនុស្សសត្វមានលក្ខណៈខុសគ្នាដែរ បុគ្គលខ្លះ​ចូល​ចិត្តការប្រតិបត្តិអំពើអាក្រក់ ជនខ្លះទៀតមានចំណង់ខាងការប្រព្រឹត្តធ្វើរឿងសុចរិតត្រឹមត្រូវ ។ ព្រោះតែ ការងារមនុស្សខុសគ្នា ទើបមនុស្សកើតមកស្ថិតក្នុងស្ថានភាពទីទៃៗ ការងារហ្នឹងហើយ​ជា​ចលករ​ជំរុញឲ្យមាន ជាបែបផែនមិនស្របគ្នា ពេលខ្លះអាចត្រឹមតែភាពប្រហាក់ប្រហែលគ្នា តែ​មិន​អាចដូចគ្នាទាំងស្រុងនោះទេ សូម្បី បងប្អូនភ្លោះក៏គង់ខុសគ្នាត្រង់ចំណុចណាមួយមិនខាន ។ ដូច្នេះការច្រណែន ជាការមិនព្រមទទួលយកនូវអ្វី ដែលជាលទ្ធផល នៃការសន្សំទុករបស់ខ្លួនពី​ក្នុង​កាល​អតីតជាតិ និង អតីតកាលក្នុងបច្ចុប្បន្នជាតិ ប្រសិនក្នុងកាលមុនមនុស្សបានសន្សំរឿង​រ៉ាវ​មានប្រយោជន៍ច្រើនជាងគេ ម្លោះប្រហែលជាក្នុងកាលឥឡូវនេះអ្នកទទួល បាននូវភាព​ប្រសើរ​ខ្ពង់​ខ្ពស់ជាងគេ មិនបាច់អង្គុយតែច្រណែនអ្នកដទៃនោះទេ ។ ការច្រណែនមិនមែនជាមាគ៌ា នៃ​ភាព​ប្រសើររុងរឿង ថ្លៃថ្លាព្រមទាំងប្រកបដោយកិត្យានុភាពនោះទេ ផ្ទុយទៅវិញបាន​ត្រឹមតែ​ធ្វើ​កា​រ​ដុតកម្លោច ដួងចិត្តបេះដូងតែប៉ុណ្ណោះ បាត់បង់មិត្តសម្លាញ់ បាត់បង់សេចក្តី​មេត្តាការរាប់អាន​រវាង​គ្នានឹងគ្នា មួយអន្លើដោយ ការខាតខូចប្រយោជន៍ចាប់ពីតូចតាចរហូតទៅដល់ធំ។

ឃ. សេចក្តីសន្និដា្ឋន
សរុបសេចក្តីមកការច្រណៃនវាធ្វើឲ្យយើងដេកត្រាំទុក្ខវេទនា គឺចិត្តក្តៅក្រហាយ ព្រោះឃើញ​គេ​បាន​ចង់បាននឹងគេ ។ ណាមួយបុគ្គលដែលច្រណៃនគេតែងតែមិនចង់ឲ្យគេបានអ្វីលើសខ្លួន ហើយ​មានគំនិតចង់ឲ្យគេនៅទាបជាងខ្លួនរហូត ដែលចិត្តទាំងនោះវាធ្វើឲ្យយើងរងទុក្ខវេទនា​ខ្លោចផ្សា ដែលលោកពោលថាជាបាបកម្មរបស់មនុស្ស ។ បាបកម្មនេះកើតមាន តាមរយៈការសំ​ឡឹង​រំពៃ ក្នុងចិត្តមមៃចង់មានចង់បានច្រើនជាងគេ ចង់មានភាពខ្ពង់ខ្ពស់ តែបើឃើញនរជនដទៃ ទទួលបានការគោរពរាប់អាន មានយសស័ក្តិ ទ្រព្យធនវិសេសវិសាលលើសខ្លួន ក៏កើតជាគំនិត​អួល​អាក់ ទើស ទាស់ចំពោះភាពរុងរឿងនោះៗ ។ កំឡុងពេលដែលចិត្តប្រកបព្រមដោយ​សភាព​ច្រណែន​ឈ្នានីស ដួងចិត្តបុគ្គល កើតកើនកំដៅ មួរម៉ៅមិនសប្បាយ ច្រាសច្រាល​ អន្ទះសារ ប្រាថ្នាសេចក្តីវិនាសដល់នរជនផ្សេងទៀត ព្រោះតែ មិនចង់ឃើញ មិនចង់ឮនូវ​វឌ្ឍនភាព​នៃបុរស​ក្រៅ​ពីខ្លួន ។ បុគ្គលពោរពេញជោគជាំតាមអំណាចនៃការច្រណែនរមែងពោលអាក្រក់ គិត​អាក្រក់​ ព្រមទាំងធ្វើអាក្រក់គ្រប់យ៉ាងដើម្បីរារាំងការរីកចម្រើនលូតលាស់របស់ជនរូប ណាម្នាក់​ដែល​​នឹងអាចឧត្តង្គឧត្តមហួសអាត្មា​​ ហើយបាបកម្មនេះ នឹងនាំដល់ការ​ហិនហោច​អន្តរាយខ្លួន​ឯង​ជាជាងមនុស្សដទៃ ដែលខ្លួនប្រាថ្នាចង់ឲ្យមានការសាបសូន្យនោះ ។

៦. កំណាញ់
ក. និយមន័យ
ការសិក្សារបស់យើងកាន់តែរំកិលទៅមុខបន្តិចម្តងៗ ដែលក្នុងនោះយើងបានឆ្លងកាត់ការ​ច្រណែន ហើយនឹងឈានដល់អកុសលធម៌មួយទៀតដែលគេហៅថា កំណាញ់ ដែលវាផ្ទុយនឹង​ពាក្យ​ថា ការឲ្យ ។ បើតាមវចនានុក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ការកំណាញ់ ឬ កា​រ​កា​ញ់គ្នេរ ដែល​ហួងហែង​ទ្រព្យ​របស់​ទុក​មិន​ចាយ មិន​ប្រើ ឬ​មិ​ន​​ឲ្យ​សា​ធារណ៍​ទួ​ទៅ​ដល់​អ្នក​ឯ​ទៀត ។ កំណាញ់ជាអកុសលធម៌មួយបែបដែលមិនអាចធ្វើឲ្យយើងមាន បង​ប្អូន ញាតិ​មិត្ត រាប់អានយើងឡើយ ព្រោះធម៌នេះបានបង្ខាំងបិតជិតទៅហើយនូវការរាប់រក និង ចែករំលែក​​នូវសេចក្តីសុខដែលខ្មែរតែងតែមានប្រពៃណី គឺវប្បធម៌ចែករំលែក ។ យើងធ្លាប់​បាន​​ដឹងហើយថា ប្រជាជនខ្មែរយើងនៅពេលបានរបស់អ្វីបន្តិចបន្តួច​តែងតែចែកគ្នាទោះរបស់​នោះ​តិចក្តី ច្រើនក្តី ។ នេះសបញ្ជាក់ថាខ្មែរយើងមិនមានអកុសលធម៌ គឺការកំណាញ់នេះទេ ។

ខ. ការលេចឡើងនៃកំណាញ់
ការរស់នៅរបស់យើងតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាក់ជាមិនខាន ដោយ​​​​គ្នានបុគ្គលណាមួយអាចរស់នៅតែឯឯងបានទេ ដូចនេះយើងមិនគួរមានចិត្តកំណាញ់​ដោយ​លាក់លៀមទុកតែខ្លួនឯង ។ យើងត្រូវចេះចែករំលែកដើម្បីឲ្យអ្នកដទៃបានសេចក្តីសុខដូច​ខ្លួន​ផងនោះសង្គមក៏គ្មានការវឹកវរដោយការខ្វះខាត និង អត់ឃ្លាន ព្រោះបើបុគ្គលណាមួយមាន​សេចក្តី​សេ្រកឃ្លានជ្រូតជា្រប់ហើយ សេចក្តីងងឹតដោយមោហៈក៏កើតឡើងដែលបណ្តាលឲ្យ​បុគ្គល​​​ធ្វើអំពើអាក្រក់ផ្សេងៗមានការលួចឆក់ប្លន់ ជាដើម ។ ទោះបីយ៉ាងណាយើងគួរតែចេះធ្វើអំ​ពើជាកុសលគឺការឲ្យទាន ដែលការចិញ្ចិមចិត្តនូវការឲ្យទាននេះជាឬសគលនៃការកំទេច និង កំចាត់នូវចិត្តកំណាញ់ ។ ម្យ៉ាងវិញទៀត បើយើងមានចិត្តចេះជួយបងប្អូន ញាតិមិត្តដោយការ​មិនមានចិត្តកំណាញ់នោះយើងនឹងមានបងប្អូន ញាតិមិត្តច្រើន ដែលគេគោរពស្រលាញ់​រាប់អាន យើង ហើយចាត់ទុកយើងជារាមច្បង ។ នៅពេលយើងមានទុក្ខ ឬ ខ្វះខាតអ្វី ក៏បងប្អូន ញាតិមិត្ត គេជួយជ្រុំជ្រែង ដោយការធ្វើតបនូវការមិនកំណាញ់ នៅពេលនោះយើងក៏បានសុខ ញាតិមិត្ត​របស់យើង​ក៏​បានសុខដោយការចេះជួយគ្នាទៅវិញទៅមក ។
ម្យ៉ាងវិញទៀត ចិត្តកំណាញ់ជាធម្មជាតិពោរពេញដោយក្តីលោភលន់ ប្រកាន់​មុត​មាំ​ក្នុង​មនុស្ស​ សត្វ វត្ថុ និង​ ទ្រព្យ​ធននានា ដែលជាវិញ្ញាណកទ្រព្យក្តី អវិញ្ញាណកទ្រព្យក្តី(ទ្រព្យមាន​វិញ្ញាណ​និងទ្រព្យមិន​មាន​វិញ្ញាណ) ហើយមិនចង់ឲ្យវត្ថុទាំងនោះបាត់បង់ទៅវិញ ព្រោះតែ​គ្មាន​ការ​យល់ដឹងអំពីធម្មជាតិ ដែលប្រកបដោយការប្រែប្រួល ។ កំណាញ់មួយប្រភេទ​ដែលជា​ប្រមុខ​ធំ​ក្នុង​សេចក្តីសាបសូន្យ គឺការកំណាញ់ស្វិតស្វាញចំពោះខ្លួនឯង ។ ជាការពិតណាស់​មាន​មនុស្ស​មួយ​ប្រភេទនោះ មួយថ្ងៃៗ ប្រើសេចក្តីព្យាយាមខ្លាំងក្លា ខ្នះខ្នែងរកទ្រព្យមក​គរទុកច្រើន​ឡើង​បន្តិច​ម្តងៗ តែធនធានប៉ុន្មានដែលខំរកបាននិងសន្សំទុកកន្លងមក ខ្លួនមិនហ៊ានចាយ មិនហ៊ាន​ប្រើប្រាស់​ ហើយចេះតែសន្សំទុកយូរទៅៗ មិនព្រមយកធនធានទាំងនោះធ្វើឲ្យទៅជាប្រយោជន៍​សម្រាប់ខ្លួនឯងសោះ សុខចិត្តស៊ីអត់ ស៊ីឃ្លាន ប្ហូបដែលឆ្ងាញ់ មិនដែលទិញយកមកបរិភោគទេ ចៀវ​តែម្ហូបអាហារណាមានតម្លែថោក ចំណែកខោអាវវិញប្រើប្រាស់សំលៀកបំពាក់ណាដែល​អន់ ដាច់ដាចមុខក្រោយជាដើម។ ខ្លួនជាអភិជន មកដាក់ទារុណអង្គប្រាណដូចអ្នកសុំទាន ទុកពោះ​ឲ្យ​ឃ្លាន ទុកអង្គកាយាឲ្យអប្បអន់សម្បុរ រងារគួរឲ្យសង្វេគពន់ពេក ។ ត្រង់ប្រការនេះ​ហើយដែល​បណ្ឌិតអ្នកប្រាជ្ញនានាលោកំណត់ថាធ្វើនូវសេចក្តីវិនាសដល់ខ្លួនឯង យកខ្លួនឯងធ្វើជាសត្រូវ ហើយ​​ជាសត្រូវដែលគួរខ្លាចជាងសត្រូវដទៃរាប់ពាន់រាប់លានដង ​។ លោកបានដាស់តឿនថា ទ្រព្យ​​ធនធានដែលមា​នហើយ ត្រូវចាយវាយវាឲ្យត្រឹមត្រូវតាមសមគួរ និង ស្របតាមលទ្ធភាព គប្បី​ស្វែងរកសេចក្តីសុខមកដាក់អង្គអាត្មាឲ្យបាន បើមិនមានសមត្ថភាពរកការចម្រើនសម្រាប់​អ្នក​ដទៃទេនោះ ។
គ. លទ្ឋផលនៃការកំណាញ់
ទោសជាតិទាំងឡាយនឹងកើតចេញពី ការកំណាញ់ ត្បិតត្បៀត លាក់បំពួននេះ ក្នុង​កាល​បច្ចុប្បន្នក៏មាន ទៅបរលោកក៏មាន ។ វាបណ្តាលឲ្យបាត់បង់ជនទាំងពួងដែល​ជា​ញាតិ​មិត្ត​ធ្លាប់​មាន​ម​កហើយអ្នកបម្រុងនឹងបង្តើតសម្ព័ន្ធភាពជាសម្លាញ់នឹងគ្នាបែរជាសាបសូន្យ​ទៅវិញ ខ្លួន​ឯង​​ផ្ទាល់​ប្រព្រឹត្តទៅដោយលំបាក គឺរស់ក្នុងស្ថានភាពយ៉ាប់យឺនអត់ឃ្លានដូចអ្នកសុំទាន ហើយក៏​ជា​ប្រភព​ដើមនៃភាពក្រខ្សត់ក្នុងបរលោក បើតាមទ្រឹស្តីនៃព្រះពុទ្ធសាសនា ។ និយាយឲ្យចំគឺ បានអ្វីស៊ីលាក់បំពួន ហើយបើមានទុក្ខហៅគេឲ្យជួយ នេះលោកថាជាបាបកម្មដ៏លាមកច៍ដែល​អាចបណ្តាលឲ្យអ្នកប្រព្រឹត្តវិនាសអន្តរាយ ។

ឃ. សេចក្តីសន្និដ្ឋាន
រួមសេចក្តីមកធម៌កំណាញ់ជាឬសគលនៃសេចក្តីវិនាស ដែលលោកអ្នកប្រាជ្ញទាំងឡាយ លោក​​​​​​​ស្អប់​ខ្ពើម និង តែងតែពន្យល់មនុស្សជំនាន់ក្រោយឲ្យលះបង់នូវធម៌នេះចេញ ហើយធម៌​កំនាញនេះក៏នាំមកនូវសេចក្តីវេទនា និង អមិត្តនៅក្នុងសង្គម ។ នៅពេលឃើញទោសនៃសេចក្តី​កំណាញ់យើងគួរតែនាំគ្នាជៀសឲ្យផុត ដោយការធ្វើទានរក្សាសីល ញញឹមរាក់ទាក់ជាមួយមិត្ត ញាតិសាលោហិត​ បងប្អូន ដែលនាំមកនូវសេចក្តីសុខសុភមង្គលឲ្យដល់ខ្លួន និង សង្គមជាតិ​ទាំងមូល ។

៧. លាក់ទោសកំហុសខ្លួនទុក
ក. និយមន័យ
ការសិក្សារបស់យើងកាន់តែជ្រៅទៅៗ ដែលធ្វើឲ្យយើងកាន់តែចូលចិត្តនូវការសិក្សានូវ​បាប​ធម៌​​ដើម្បីស្វែងយល់ នឹង ជៀសឲ្យផុតនូវបាបធម៌ទាំងអស់នេះ ។ មកដល់ត្រឹមនេះយើងនឹង​សិក្សា​នូវបាបធម៌មួយទៀតគឺការលាក់ទោសកំហុសខ្លួនទុក ។ បើតាមវចនានុក្រមខ្មែរ​ដែល​បោះ​ពុម្ព​ផ្សាយ​​​​​ដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ការលាក់ទោសកំហុសខ្លួនទុក គឺជាការលាក់​នូវកំហុស ឬ សេចក្តីខុស ឬ  ទង្វើខុស ទុកមិនឲ្យនរណាក្រៅពីខ្លួនដឹង​ ហើយក៏មិនចង់ឲ្យអ្នកណា​ម្នាក់​ដឹងរឿងខ្លួនដែរ ។ ប្រាកដណាស់ហើយថាមនុស្សកើតមករាល់រូបតែងតែមានអាក្រក់ ល្អ ធ្វើត្រូវ និង ធ្វើខុស មិនអាចជៀសរួចបានឡើយ ។ តើថានរណាមួយថាមិនខុស ? បើ​យើង​ដឹង​ថា​ខុស​ហើយចេះកែខ្លួននេះជាទង្វើដ៏ប្រពៃដែលមនុស្សគ្រប់រូបគួរប្រព្រឹត្តិ គួរយក​តម្រាប់​តាម នឹង​កែ​ខៃកំហុសរបស់យើងឲ្យទៅជារបស់ល្អ គឺអំពើល្អនោះទើបហៅថា ជាអ្នកមិនង៉ក់​ក្នុង​កំហុស​ដែល​​​​យើង​ហៅថាអំពើបាបនោះ ។ ការសារភាពនូវទោសកំហុសខ្លួន វាជាសេចក្តីល្អរបស់មនុស្ស ប៉ុន្តែហេតុអ្វីបានជាមនុស្សមួយចំនួន មិនហានសារភាពនូវទោសកំហុសខ្លួន នៅតែខ្លាច​មិន​ហ៊ាន​បង្ហាញ​នូវ​ការ​ប្រព្រឹត្តិខុសរបស់ខ្លួន បែរជាព្យាយាមខិតខំបិតបាំង មិនឲ្យអ្នកដទៃដឹងទៅវិញ ។​ ប្រាកដ​​​ណាស់ថាវាជាទង្វើរបស់មនុស្សល្ងង់ ។

ខ. ការលេចឡើងនៃការលាក់ទោសកំហុសខ្លួនទុក
ទោះបីជាយ៉ាងណាការលាក់កំហុសរបស់ខ្លួនទុកក៏មកពីសេចក្តីអៀនខ្មាស់ និង ការមិនទទួល​ស្គាល់នូវអំពើដែលខ្លួនប្រព្រឹត្តិ ពីព្រោះទង្វើនោះជាទង្វើដែលខុសពីសីលធម៌ មនុស្សធម៌ និង គុណតម្លៃជាមនុស្ស ។ ម្យ៉ាងវិញទៀត ការលាក់ទុកនូវកំហុសនៅក្នុងបេះដូងតែម្នាក់ឯង វាពិតជា​មានការឈឺចុកចាប់ ក្តៅក្រហល់ក្រហាយតែម្នាក់ខ្លាំងណាស់ ព្រោះទង្វើដែលខ្លួនធ្វើបា្រសចាកនូវ កុសលធម៌ គឺសេចក្តីល្អ ហើយយូរៗទៅវាអាចធ្វើឲ្យខូចដូងចិត្តដ៏បរិសុទ្ឋរបស់យើង យ៉ាងណា​ម៉ិញ​​ការ​ក្រហល់ក្រហាយដូងចិត្តវាក៏បណ្តាលឲ្យមានជំងឺផ្លូវចិត្តដែលគេហៅថា វិកលចរិត ។ ទាំង​​​អស់នេះដោយសារតែយើងមានវិប្បដិសារី និង គិតតែឯកឯង ដោយគ្មានការនិយាយជាមួយ​មនុស្ស​ផងគ្នាដើម្បីបន្ធូរអារម្មណ៍ គឺកំហុសដែលខ្លួនបានធ្វើ ។ បើយើងមានរឿងអ្វី យើងគួរតែរក​មិត្ត ឬ នរណាម្នាក់ដែលជិតស្និតជាមួយយើងមកនិយាយគ្នាលែងអំពីទង្វើដែលយើងប្រព្រឹត្ត​ខុស ដោយស្នើសុំឲ្យគេផ្តល់នូវគំនិតផ្សេងៗដើម្បីបានកែនូវកំហុសរបស់ខ្លួនដែលបានធ្វើខុស​នោះ ។

គ. លទ្ឋផលនៃលាក់កំហុសខ្លួនទុក
ការប្រកាន់យកនូវការលាក់ទោសកំហុសទុកយូរៗទៅនឹងនាំបុរសនោះ ឲ្យហ៊ានប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​​អាក្រក់លាមក មិនជាទីប្រាថ្នានៃមនុស្សជាតិ កាន់តែខ្លាំងឡើងតាំងពីបាបតូចតាច រហូតដល់​បាប​ធំៗ មានការបំផ្លិចបំផ្លាញទ្រព្យធនធានប្រទេសជាតិជាដើម ។ សព្វថ្ងៃនេះ នៅក្នុងសង្គមខ្មែរ​មាន​​ច្រើនរូបភាពណាស់ ដូចប៉ូលីសប្រឆាំងគ្រឿងស្រវឹងញៀនញ៉ាម តែងចុះបង្រ្កាបបទ​ល្មើស​នានា​គ្រប់ច្រកល្ហក ចាប់ជនល្មើសផ្តន្ទាទោស និងរឹបអូសយកវត្ថុតាងមករក្សាទុក ព្រមទាំង​កំទិច​ចោល តែផ្ទុយទៅវិញនៅពីក្រោយខ្នង ប៉ូលីសអ្នកបង្រ្កាបគ្រឿងញៀននោះឯង​ដែលប្រព្រឹត្ត​បទ​ល្មើស​ធំៗ ច្រើនជាងឧក្រិដ្ឋជនទៅទៀត នេះជាឧទាហរណ៍ជាក់ស្តែងដែល​យើងអាចឃើញ​បាន​នៅ​ក្នុង​សង្គមមនុស្ស នូវទង្វើលាក់ទោសកំហុសទុក។

ឃ. សេចក្តីសន្និដ្ឋាន
តាមន័យខាងលើយើងឃើញថា ការលាក់កំហុសខ្លួនឯងទុកជាគំនិតដ៏លាមកច៍ ដែលទង្វើនេះ​ធ្វើឲ្យយើងបាតបង់នូវសតិបញ្ញាស្មារតី ហើយរហូតដល់ទៅឈឺផ្សាក្នុងចិត្ត មានជំងឺមួយគឺ វិកលចរិត ជាមនុស្សមិនគ្រប់ទឹកទៀតផង ។ ដោយឃើញហេតុយ៉ាងនេះបុគ្គលអ្នកប្រព្រឹត្តគួរ​ជៀសវាងឲ្យផុតពីការលាក់ទុកនូវកំហុសខ្លួន ព្រោះទង្វើនេះ នាំមកនូវតែសេចក្តីវិនាសហិនហោច ដល់ខ្លួន និង សង្គមជាតិ ។ បើយើងបានធ្វើអ្វីយើងត្រូវចេះទទួលខុសត្រូវចំពោះរឿងនោះ និង ទទួលស្គាល់ថាយើងបានធ្វើខុសដើម្បីកែលំអ មិនត្រូវសន្សំទុកតែក្នុងចិត្តនោះទេ ។ កំហុសជា​មេរៀន តែកុំខុសដដែលៗ ។ ម្យ៉ាងវិញទៀតកំហុសគឺជាបទពិសោធសំរាប់ជីវិត តែយើងត្រូវយក​កំហុស​នោះមកកែលំអជាថ្មី ឲ្យវាក្លាយជាមេរៀនដ៏មានន័យខ្លឹមសារជាថ្មី ។

៨. អួត
ក. និយមន័យ
មកដល់បាបកម្មទីប្រាំបី ដែលមនុស្សឥឡូវចូលចិត្តធ្វើជាងគេ គឺការអួត ដែលការអួតនេះ​បណ្តាល​ឲ្យ​យើងមានអកុសលធម៌ក្នុងខ្លួន ។ អកុសលធម៌នេះ វាក៏បណ្តាលឲ្យយើងខូច​ប្រយោជន៍​យ៉ាងធំដោយសារការអួតរបស់យើង ។ បើតាមវចនានុក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយ​ដោយ​​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ការអួត គឺជាការនិយាយ​​លើក​ស​រសើរ, ប្រ​កាស​​គុណ, ប្រកាស​សេចក្ដី​ល្អ ឲ្យ​អ្នក​ដទៃ​ស្ដាប់ ឬ​ និយាយ​​លើក​បំផ្លើស​លើ​ស​ហេតុ​ពិតឲ្យ​គេ​​ស្ងើច ។ កុំអាល​អួត​មុន​ឲ្យ​ស៊ុន​ខូច​ការ ការ​មិន​ទាន់​សម្រេច​ទេ កុំ​ប្រញាប់​និយាយ​អួត​មុន កា​រ​​អ្វី​មិន​​ទាន់​ដល់ កុំ​ខ្វាយខ្វល់​ពោល​អួត​មុន ព្រោះ​ក្រែង​អួត​ទៅ​ស៊ុន អួ​ត​មុ​ន​ច្រើន​​តែ​ខូច​ការ ។ ជួន​កាល​មាន​សត្រូវ រារាំង​ផ្លូវ​ឬ​ខាំងខារ ​ពុំ​​​​​អាច​​នឹង​​ការពារ បែរ​ជា​ស្ទោក​ខូច​ការ​អស់ ។ ពេលខ្លះការអួតក៏ផ្តល់នូវ​ប្រយោជន៍ល្អ ការអួតបែបនេះរួមមាន ការអួតរបស់ដែលមាន និង ចំនេះ ដើម្បីឲ្យអ្នកដទៃស្គាល់ និង ដឹងថាយើងចេះអ្វី និង មានជំនាញណាមួយនូវក្នុងខ្លួន ។ ពេលគេដឹងហើយរឿងនេះនឹង​ទៅជាផលប្រយោជន៍ចំពោះយើងវិញ ។ ប៉ុន្តែការអួតនៅក្នុងទីនេះ គឺសំដៅទៅប៉ែកខាងអកុសល​ធម៌ដែលលោកហៅថាបាបកម្មនោះឯង ដែលនាំឲ្យបុគ្គលអ្នកប្រព្រឹត្តនូវអំពើនោះទទួលបាននូវ សេចក្តីវិនាស អន្តរាយចាកកុសលធម៌ ដែលជាធម៌របស់មនុស្ស ។

ខ. ការលេចឡើងនៃការអួត
មនុស្សដែលចេះតែអួតគឺកំពុងតែនាំខ្លួនទៅរកក្តីអន្តរាយ ពីព្រោះមនុស្សជាច្រើនមិនចូលចិត្ត​ការអួត ឬ ស្តាប់ការអួតរបស់អ្នកដទៃ​ នៅពេលនោះពួកគេនឹងទៅកាន់តែឆ្ងាយពីមនុស្សអួតដែល​ធ្វើឲ្យមនុស្សអួតនៅឯកា កណ្តោចកណ្តែងដោយមិនមានមិត្តភ័ក្រញាតិសន្តានគេរាប់រកឡើយ ។ ដោយសារតែសំដីហួសមាឌ ហើយគ្មានពាក្យណាមួយជាពាក្យពិតដែលអាចយកជាការណ៍បាន​បុគ្គលដែលនិយាយបែបនេះ ដើរអួតបែបនេះ ទៅណាមកណាក៏គេមិនជឿ ធ្វើអ្វីក៏គេមិនជឿ​ថា​អាច​ធ្វើ​បាន ហើយបើទៅសុំការងារគេធ្វើដោយខ្លួនមិនមានចំនេះដឹង បែរជាអួតថាមាន ដល់​ពេល​​គេឲ្យធ្វើបែរជាធ្វើមិនកើត នៅពេលគេដឹងពុត​​ត្បុតរបស់បុគ្គលនោះ គេលេងរាប់អាននឹង​ផ្តល់ការងារណាមួយឲ្យធ្វើទៀតឡើយ ។

គ. លទ្ឋផលនៃការអួត
ការអួតលើកកំពស់ខ្លួនឯងដែលហួសពីសមត្ថភាពដែលខ្លួនមាន ជាចំនុចខ្យោយរបស់មនុស្ស​ល្ងង់ ។ វាក៏គ្មានប្រយោជន៍អ្វីអំពីការអួតឡើយ វាមានតែការស្អប់ និង មិនមានការរាប់អានពី​មនុស្ស​ផងគ្នា កើតមកជាមនុស្សយើងត្រូវចេះទទួលស្គាល់ភាពខ្លាំង និង ភាពខ្សោយរបស់យើង ហើយកែប្រែចំនុចខ្សោយរបស់យើងឲ្យកា្លយជាចំនុចខ្លាំងវិញ ។ ដូចពាក្យចាស់លោកពោលថា​ “អ្នកចេះដប់មិនស្មើអ្នកប្រសបមួយ” ទោះបីយើងចេះយ៉ាងណាក៏នៅមានការខ្វះខាតមិនអាចចេះ​អស់ដូចនេះយើងត្រូវការពឹងពាក់អ្នកដទៃឲ្យជួយយើងដើម្បីកែខៃនូវចំនុចខ្សោយ និង អភិវឌ្ឍ​ខ្លួនយើងឲ្យពូកែតែម្តង កុំចេះតែថា កុំចេះតែអួត បានតែមាត់កិច្ចការណ៍អត់កើត ដែលគេ​ហៅ​ថា​មិនខ្នើត ។ ចំពោះមនុស្សអ្នកមានសមត្ថភាពពិតប្រាកដ គេមិនដែលនិយាយអួតក្អេងក្អាងឲ្យឆ្កែវា​ខ្លាចទេ ដែលអ្នកស្រុកតែងតែនិយាយថា អ្នកចេះគេមិនសូវនិយាយទេ ។

ឃ. សេចក្តីសន្និដ្ឋាន
តាមការមើលឃើញខាងលើ យើងអាចឲ្យដឹងថា ការមានអំនួត គឹជាភាពល្ងង់ខ្លៅរបស់មនុស្ស​ល្ងង់ ដែលការដើរអួតក្អេងក្អាងនោះវានាំមកនូវសេចក្តីទុក្ខ និង អពមង្គល ដល់យើងអ្នកប្រព្រឹត្ត​នូវបាបកម្មនោះ ។ ការអួតនាំមកនូវទុក្ឋទោសដល់ខ្លួនយើងៗគួរជៀសវាងនូវអំពើជាអកុសលនេះ ដើម្បីបាននូវសេចក្តីសុខ ព្រោះគ្មានបុគ្គលណាមួយចង់បានសេចក្តីទុក្ខទេ ។ ធម៌ដែលនាំឲ្យបាន​នូវសុខក្នុងទីនេះគឺការមិននិយាយអួត និយាយតែពាក្យពិត ពីរោះពិសារ ជាពាក្យសប្បុរស​ និង ជាធម៌សំរាប់មនុស្សរាល់គ្នា ។

៩. ចចេសរឹងរូស
ក. និយមន័យ
តអំពីបាបកម្មទីប្រាំបីគឺការអួតនោះ យើងនឹងនាំគ្នាសិក្សាអំពីបាបកម្មមួយទៀតគឺចចេសរឹង រូស​ដែលទង្វើនេះនាំមកនូវសេចក្តីទុក្ខ និង សេចក្តីវិនាសដល់មនុស្សអ្នកប្រព្រឹត្តល្មើសនូវបាបកម្ម​នេះ ។ បើតាមវចនានុក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ការ​ចចេស​រឹងរូស គឺការទទូ​ច​​​ធ្វើ​បំ​ពាន​​លើ​បម្រាម ដូចជាហាម​មិន​ឲ្យ​ធ្វើ វា​ចចេស​ធ្វើ​ទាល់​តែ​បាន រឹង​​គគ្រី​ស​គគ្រូស, រឹ​ង​មិន​​ព្រម​ចុះ​រុះ, មិន​ព្រម​ទន់​តាម ជាដើម ។

ខ. ការលេចឡើងនៃការចចេសរឹងរួស
យើងដឹងហើយថា មនុស្សទាំងអស់មិនដូចគ្នាទេ ខ្លះកើតមកប្រកបដោយទោសៈ ខ្លះកើតមក​ប្រកបដោយមោហៈ ហើយមានខ្មៅ មានស មានល្អ មានអាក្រក់ ទៅតាមកម្មគឺពូជដែលខ្លួនបាន​សន្សំហើយកាលពីមុន ។ វាពិបាកណាស់ក្នុងការដឹងនិស្ស័យរបស់មនុស្ស ដោយអ្នកខ្លះស្លូតបូត អ្នកខ្លះរឹងរូស ជាដើមនេះ ជាហេតុដែលនាំឲ្យយើងមិនអាចរស់នៅជាមួយមនុស្សប្រភេទផ្សេងគ្នា​បាន ព្រោះតែការគិតនិង អកប្បកិរិយារបស់យើង ។ មួយវិញទៀត មនុស្សមានការគិតខុសៗគ្នា​ដែលគំនិតទាំងអស់នោះសុទ្ឋតែត្រឹមត្រូវ និង អាចទទួលយកបាន ប៉ុន្តែមានបុគ្គលខ្លះខ្វះការពិចារ​ណាដោយមានចរិតរឹងរួសចចេស មិនស្តាប់អ្នកដទៃគិតថាខ្លួនត្រូវរហូត ។ ការចចេសរឹងរូសក៏ជា​ហេតុមួយដែលនាំសេចក្តីទុក្ខឲ្យយើងដែរ ព្រោះការចចេសរឹងរូសជាអកុសលធម៌ ឬ បាបធម៌​របស់​​មនុស្សដែលសន្សំនូវគំនិតថាអញ អញចេះ អញឆ្លាត អញមាន ជាដើម ។ មិនចង់​ឲ្យ​នរណា​មក​ត្រួតក្បាល និង មិនដែលយកពាក្យអប់រំរបស់អ្នកដទៃមកពិចារណា ដោយគិតថាអញ គ្មាន​នរណាក្រៅពីអញ ។ ធម៌អញនឹងនាំទៅរកសេចក្តីវិនាស គឺដេកស្លាប់ទាំងរស់នៅក្នុងអវិជ្ជា គឺមោហៈជាសេចក្តីវង្វេង ។

គ. លទ្ឋផលនៃការចចេសរឹងរួស
ចចេសរឹងរួសជាមួយការទូន្មានរបស់មនុស្សផងគ្នា ជារឿងដែលមិនគួរធ្វើ ប៉ុន្តែបើរហូត​ដល់​ចចេស​រឹងរួសបំពាននឹងច្បាប់រដ្ឋនោះ ប្រាកដជាគ្រោះថ្នាក់ធំមិនខាន ។ ដូចជាគេមិនឲ្យលួចទ្រព្យ​អ្នកដទៃយើងចចេសទៅលួចនោះ យើងនឹងត្រូវគេចាប់ចងដាក់គុកច្រវ៉ាកមិនខាន នេះជាហេតុ​មិនស្តាប់ពាក្យទូន្មានរបស់អ្នកប្រាជ្ញ និង​ គោរពច្បាប់ ។ អកុសលធម៌ដែលកើតអំពីការចចេសរឹង​រូស វាមានគ្រោះថ្នាក់ធំណាស់សំរាប់មនុស្សក្បាលរឹង ដែលគេថាមិនស្តាប់ ។ បើគេប្រាប់ទីនោះ​មានមីនហើយគេមិនឲ្យទៅ យើងចចេសតែទៅមិនស្តាប់ពាក្យដ៏ល្អរបស់គេ វានឹងធ្វើឲ្យវិនាសជា​មិនខាន គឺរហូតដល់ស្លាប់ក៏មាន ។

ឃ. សេចក្តីសន្និដ្ឋាន
នៅពេលយើងឃើញនូវទោសនៃការចចេសរឹងរូសដូច្នោះហើយ ចូរយើងធ្វើឲ្យទៅជាមនុស្ស ប្រ​ដៅងាយ ព្រោះធម៌ដែលផ្ទុយពីចចេសរឹងរូសគឺការចេះស្តាប់គេឯង និង ត្រូវបានគេ​ប្រដៅ​ងាយ ដែលនាំមកនូវសុខសាន្តដល់ជីវិត​ និង ការរស់នៅប្រកបមុខ​របររក​ស៊ីធ្វើស្រែចំការ​ជាដើម​នេះ ។ ម្យ៉ាងទៀត ការស្តាប់ការទូន្មានរបស់មនុស្សរាល់គ្នាក៏ជាចំនេះដឹង និង ជាមេរៀនមួយ​សំ​រាប់​ជីវិតដែល​យើង​មិន​​ចាំបាច់ទៅសិក្សានៅឯ​សាលាក៏អាចចេះដឺង និង មានសីលធម៌​គុណ​តម្លៃ​ជីវិត ។ យ៉ាងណាក៏​យើងគួរដឹងថាគ្មាននរណាទូន្មានយើងឲ្យទៅរកផ្លូវខុសដែរ ដូចជាការទូន្មាន​របស់​មាតាបិតា ជីដូន​​ជីតា​ គ្រួបាធ្យាយ ចាស់ព្រឹទ្ឋាចារ្យ ញាតិមិត្ត​ បងប្អូន ពាក្យទាំង​អស់​នោះ​សុទ្ឋតែជាពាក្យ​មានន័យនឹងខ្លឹមសារសំរាប់អប់រំទូន្មានចិត្តគំនិត មិនឲ្យកា្លយទៅជាមនុស្សពាល គឺការ​ចចេស​រឹងរួសនោះឯង ។



១០. ប្រជែលយកឈ្នះ
ក. និយមន័យ
បាបកម្មជាអំពីដែលមនុស្សរាល់គ្នាគួរជៀសវាង ដែលបាបកម្មទាំងនោះជាអកុសលកម្មរបស់​យើង​ដែលបានប្រព្រឹត្តទៅហើយនោះ ហើយមកដល់ត្រង់នេះយើងនឹងនាំគ្នាសិក្សាអំពីបាបកម្ម​មួយ​ទៀតដែលមានឈ្មោះថា ប្រជែងយកឈ្នះ ។ បើតាមវចនានុក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយ​ដោយ​​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ការប្រជែងយកឈ្នះ គឺជាការដណ្ដើមប្រ​ជែង​កាត់​មុខ​គ្នា, ដណ្ដើម​យក​ឈ្នះ ដើម្បីបានលើគេ ឬ លើសគេ បានឈ្នះគេ ជាដើម ។

ខ. ការលេចឡើងនៃការប្រជែងយកឈ្នះ
ការរស់នៅរបស់មនុស្សសព្វថ្ងៃពោរពេញទៅដោយការប្រជែងគ្នាច្រើនណាស់ មិនថាទីណាទេ គ្រប់ស្ថាបនទាំងស្ថាបន រដ្ឋ សាសនា និង​ ឯកជន ។ សូម្បីតែការសិក្សាក៏មានការប្រកួតប្រជែងគ្នា​ដើម្បីទទួលរង្វាន់ ឬ ចំណាត់ថា្នក់ល្អ ។ ដោយសារមានការប្រជែងគ្នានេះហើយទើប សង្គមក៏មាន​ការរីក​ចំរើន​ និង អភិវឌ្ឍទៅមុខជាលំដាប់ ។ ដូចតួយ៉ាងវិស័យសិក្សា បើសិស្សមាន​ការប្រកួត​ប្រជែង​នោះ យកឈ្នះចាញ់នោះ នៅពេលនោះនិស្សិត ឬ សិស្សនឹងមានការខិតខំ​ប្រឹងប្រែង​រៀន​សូត្រ ការខិតខំប្រឹងប្រែងនេះនឹងធ្វើឲ្យនិស្សិត​ និង សិស្សទាំងអស់នោះមានចំណេះដឹងបរិបូរ ពេញ​​​លេញ​ក្នុងខ្លួនដើម្បីប្រជែងយកឈ្នះសិស្ស និស្សិតដទៃទៀតបាន ។ នៅពេលការ​ខិតខំ​ប្រឹង​ប្រែង​​ប្រកបដោយវិចារណញាណនោះ ការទទួលបាននូវជោគជ័យ​ និង ផលសម្រេចនឹងផ្តល់ជា​វិជ្ជមាន​ដល់​បុគ្គលអ្នក​ខិតខំ ។ ប៉ុន្តែផ្ទុយមកវិញ ការប្រជែងយកឈ្នះដោយគ្មានវិចារណញាណ គឺការប្រជែង​យក​ស្លាប់​យករស់មកដាក់ខ្លួន ឬ មិនមាននរណាឈ្នះក្រៅពីអញនោះ ការប្រជែង​នោះ​នឹង​ស្ថិត​នៅគោល​អវិជ្ជមាន គឺនឹងផ្តល់បាបដល់យើង ដែលយើងបានឲ្យការប្រជែង​យកឈ្នះ​បែបនេះថា​ជាបាបកម្ម ។

គ. លទ្ឋផលនៃការប្រជែងយកឈ្នះ
ហេតុដែលយើងចាត់ទុកការប្រជែងយកឈ្នះជាបាបកម្មមួយនោះ ព្រោះការប្រជែលតែងតែនាំ​មកនូវការតូចចិត្ត ឬ ក្តៅក្រហល់ក្រហាយដល់បុគ្គលអ្នកប្រជែងយកឈ្នះនោះដោយហេតុនៃផល​ដែលទទួលបានមិនសមដូចបំណង ហើយម្យ៉ាងទៀតគួរបដិបក្សនឹងមានសេចក្តីឈឺចុកចាប់ក្នុង​ចិត្តនៅពេលគេមិនទទួលបានដូចបំណង ។ ការប្រជែងយកឈ្នះនេះទោះបីមានឧបសគ្គ​យ៉ាង​ណា​ក៏ខិតខំពុះពារដើម្បីទទួលជោគជ័យ ហើយពេលខ្លះរហូតហួសសមត្ថភាព ឬ ដល់ស្លាប់ទៀត ក៏ថាបាន ។ ដែលថាការប្រជែងយកឈ្នះបង្កជាបាបកម្មនោះ ព្រោះការប្រកួតប្រជែងយកឈ្នះ​​ឲ្យ​ខានតែបានទោះបីប្រើល្បិចកលយ៉ាងណាក៏ដោយ ហើយពេលខ្លះរហូតដល់បោកប្រាស់គេ ឬ​ថែមទាំងកាប់សំលាប់គេក៏មានដើម្បីតែការយកឈ្នះតែមួយមុខគត់ ។

ឃ. សេចក្តីសន្និដ្ឋាន
នៅពេលយើងដឹងថាការប្រជែងយកឈ្នះចាញ់ គឺជាកម្មអាក្រក់ដែលផ្តល់ឲ្យយើងនូវក្តីវិនាស និង ការឈឺចុកចាប់ទាំងផ្លូវអារម្មណ៍ ទាំងផ្លូវកាយ ដូចនេះយើងត្រូវជៀសវាងឲ្យផុតដើម្បីរស់នូវ​ក្នុងក្តីសប្បាយ គឺសេចក្តីសុខនោះឯង ដូចដែលយើងមិនប្រជែងយកឈ្នះក្នុងផ្លូវអាក្រក់គឺបាបកម្ម​នៃការប្រជែងយកឈ្នះទាល់តែបាន ។

១១. ទុកខ្លួនជាវិសេសវិសាលជាងគេ
ក. និយមន័យ
ពីមួយថ្ងៃទៅមួយថ្ងៃ​ ការរស់នៅរបស់យើងប្រកបដោយការប្រព្រឹត្តមានកម្មជា កុសលកម្ម និង​ អកុសល​កម្មដែលជាធម៌របស់មនុស្ស ។ យ៉ាងណាការមានអំនួតគឺការទុកខ្លួន​ជាវិសេស​វិសាល​ជាង​គេ គឺជាបាបកម្មដ៏ធំរបស់មនុស្ស ដូចពាក្យចាស់លោកពោលថា ចេះឯងឲ្យក្រែងចេះគេ ដូច​នេះការទុកខ្លួនជាវិសេសវិសាលជាងគេ គឺជាបាបកម្មមួយរបស់មនុស្សដែលប្រកបដោយអវិជ្ជា​ដែល​មានរួមរឹតនិងផ្សំដោយលោភៈ ទោសៈ និង មោហៈ ជាឬសគល់នៃសេចក្តីទុក ។ បើតាម​វចនានុ​ក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យបាន​ឲ្យ​ដឹង​ថា ការទុកខ្លួនជា​វិសេស​​​​​​​វិសាលជាងគេ គឺជាការទុកខ្លួនថាល្អប្លែក ឬ ប្រសើរដាច់គេ មិនមាននរណាប្រសើរជាង វិសេ​ស​​ក្រៃលែងជាង, និង វិសេស​ជាង​គេ ។

ខ. ការលេចឡើងនៃការទុកខ្លួនជា​វិសេស​​​​​​​វិសាលជាងគេ
តាមពិតការកើតឡើងនៃមនុស្ស ឬ បើនិយាយ​ឲ្យ​ចំ​គឺការ​កើតចាប់បដិសន្ឋិរបស់មនុស្ស​មិន​បាន​យកអ្វីមកជាមួយទេ​ ហើយយើងមិនដែលឃើញ​នរណា​​ម្នាក់​កើតមកយករបស់មាសប្រាក់​មក​ជាមួយផង មានតែខ្លួនទទេ ។ ប៉ុន្តែនៅពេល​យើង​កើត​មក​ជាមនុស្សបែរជាមានអំនួតគឺការទុក​ខ្លួន​ជាវិសេសវិសាលជាគេទៅវិញ ហើយថែមទាំង​ប្រព្រឹត្ត​នូវ​​អំពើបាបមានការទុកខ្លួនជាធំ ប្រសើរ​ដាច់​គេ ដែលជាបាបកម្មមួយ​ដ៏​លាមកច៍ ម្យ៉ង​ទៀត​អកុសល​កម្មនឹងនាំមនុស្សអ្នកប្រព្រឹត្ត​ទៅ​​រក​សេចក្តីវិនាសអន្តរាយ ។ ការទុក​ខ្លួន​ជាវិសេស​វិសាលជាគេវា​ទៅតាមនិស្ស័យរបស់មនុស្ស ព្រោះមនុស្សខ្លះមាននិស្ស័យល្អ ហើយ​មនុស្ស​ពួកខ្លះ​មាន​និស្ស័យ​អាក្រក់គឺការទុកខ្លួនជាធំ​វិសេស​វិសាល​ជាអ្នកដទៃ ហើយគេគិតថានៅក្នុង​លោកនេះ​មាន​តែគេគឺ គ្មាននរណាល្អជាងគេ និង ក្រៃ​លែង​ជាងគេទេ ។
ផ្ទុយមកវិញបើនរណាម្នាក់មានការគិតត្រឹមត្រូវមិនលើដំកើងខ្លួនឲ្យហួស វិសេសវិសាលជាង​គេ​​នោះបុគ្គលនោះនឹងដល់នូវសេចក្តីសុខ និង មានការរាប់រកពីមនុស្សរាល់គ្នា ហើយមានមិត្ត​ច្រើន​​ជាមិនខាន ព្រោះតែការមិនទុកខ្លួនជាធំ និង វិសេសវិសាលជាងគេ ហើយយើងគួរតែគិតថា​មនុស្សទាំងអស់រស់នៅដោយភាពស្មើភាពគ្នាក្នុងជីវភាពរស់នៅតាមធម្មជាតិរបស់សត្វ ។ ការ​ចាត់​ទុកខ្លួនជាធំ​ ហើយវិសេសវិសាលជាគេគឺជាបាបកម្ម ព្រោះគំនិតនេះមិនស្គាល់ខ្លួនឯង ហើយ​ស្ថិតនៅងងឹតងងល់ មើលមិនឃើញពីតម្លៃអ្នកដទៃ ម្យ៉ាងទៀតចេះតែថាខ្លួនឯងមានគុណសម្បត្តិ​គ្រប់យ៉ាងដោយគ្មាននរណាម្នាក់មាន ។ បើ់ចង់ធ្វើអ្វីបែរជាថាគេមិនដល់អញ ហើយគិតថា​មនុស្ស​រាប់​គ្នាសុទ្ឋតែមនុស្សល្ងង់ បើចេះក៏ចេះមិនដល់អញ បើធ្វើក៏ធ្វើមិនដល់អញ និយាយជា​រួម​​អ្នកដទៃសុទ្ឋតែអន់ជាងខ្លួនរហូត ។

គ. លទ្ឋផលនៃការទុកខ្លួនជា​វិសេស​​​​​​​វិសាលជាងគេ
ទោសទាំងឡាយងាយនឹងឧប្បតិឡើង ដោយសារតែការវាយឫក ឲ្យតម្លៃខ្លួនហួសប្រមាណ មិន​មាននរណា​គេហ៊ាន​សេពគប់ ព្រោះតែខ្លួនវិសេសវិសាលពេក ខ្លួនទាបដៃខ្លីឈោងមិនដល់ ម្លោះ​ហើយជនដែលសម្គាល់ ថាអាត្មាវិសេសវិសាលក៏ដល់នូវក្តីឯកោ ឥតមានបរិវារតាមហែហម សាប​សូន្យចាកលាភទាំងពួង ។

ឃ. សេចក្តីសន្និដ្ឋាន
យើងត្រូវជៀសឲ្យផុតអំពីបាបកម្មមួយនេះដើម្បីរួមរស់នៅជាសុខ ថែមទាំងមានសេចក្តីកោធ​ក្រែងពីមនុស្សរាល់គ្នាព្រោះការមិនចាត់ទុកខ្លួនជាធំវិសេសវិសាលជាងគេ យើងត្រូវចេះបន្ទាបខ្លួន​ដាក់ខ្លួន ហើយត្រូវគិតថាភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាងនេះទៀត ត្រូវចេះឯងឲ្យក្រែងចេះគេ​។ តាមពាក្យចាស់បុរាណលោកតែងតែពោលថា ងើយស្កកអោនដាក់គ្រាប់ ព្រោះលោកចង់​ប្រៀន​ប្រ​ដៅកូនចៅលោកឲ្យចេះក្រែងអ្នកដទៃ កុំលើកកំពស់ខ្លួនហូសហេតុដែលជាហេតុនាំមក​នូវសេចក្តីអន្តរាយ និង​ ទុក្ខវេទនាផ្សេងៗ ។ ដើម្បីឆ្ពោះទៅរកសេចក្តីសុខ និង សម្បូរញាតិមិត្ត យើងមិនត្រូវប្រព្រឹត្តនូវបាបធម៌គឺការទុកខ្លួនជាវិសេសវិសាលជាងគេឡើយ ។

១២. មើលងាយគេ
ក. និយមន័យ
មកដល់ត្រង់នេះយើងឈាន់ចូលនូវបាបកម្មមួយទៀតដែលយើងឲ្យឈ្មោះថាមើលងាយគេ ។ ហេតុដែលយើងមើលងាយគេមានច្រើនយ៉ាងតាមការគិត និង ទង្វើរបស់យើង ខ្លះតាមផ្លូវកាយ ហើយខ្លះតាមផ្លូវចិត្ត ។ ការមើលងាយគេត្រូវបានចាត់ទុកថាជាបាបកម្មព្រោះនៅពេលយើង​បញ្ចេញ​វានឹងឲ្យផលជាអវិជ្ជមាន គឺផលជាទុក្ខ និង អន្តរាយវិនាស ជាធម៌អកុសលរបស់បុគ្គល​ល្ងង់ពោលគឺអវិជ្ជាជន ។ បើតាម​វចនានុ​ក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យ​បាន​ឲ្យ​ដឹង​ថា ការមើលងាយគេ គឺជាការមើល​ឃើញ​ថា​ងាយ, មើល​យល់​ថា​ងាយ គឺ​មើល​ទៅ​ឃើញ​ថា​ងាយ​ស្ដី ងាយ​ថា ងាយ​ធ្វើ ជាដើម ។ មើល​ងាយ​មើល​ថោក មើល​ឃើញ​ថា​ងាយ​ឃើញ​ថា​ថោក គឺ​ឃើញ​ថា​មិន​ក្រ​មិន​មាន​តម្លៃ  រួមសេចក្តីមកការមើលងាយគេ គឺការមិនឲ្យតម្លៃដល់​អ្នកដទៃដោយគិតថាគេថោកជាងខ្លួន ។​

ខ. ការលេចឡើងនៃការមើលងាយគេ
បាបកម្មជាអំពើមួយដែលផ្តល់ឲ្យយើងមកវិញនូវសេចក្តី​ទុក្ខវេទនា និង ការមើលងាយមើល​ទោក​ពីមនុស្សគ្រប់រូប និង​ សង្គម ដោយសារអកុសលកម្ម​របស់យើង​ គឺការមើលងាយអ្នកដទៃ ។ ប្រាកដ​ណាស់ថាគ្មាននរណាម្នាក់ចង់ឲ្យគេមើលងាយទេ រួមទាំងរូបយើងផ្ទាល់ ។ នៅពេលគេ​មើល​ងាយយើងៗតែងតែខឹងសម្បា និង មិនចូលចិត្ត ហើយ​ពេលខ្លះថែមទាំងធ្វើអំពើជា​អកុសល​ផ្សេងៗ ដែលបណ្តាលឲ្យអ្នកដែលមើលងាយយើងទទួលរង​នូវសេចក្តីទុក្ខ និង វិនាសទ្រព្យ​សម្បត្តិ​​ជាដើម ។ ដូចនេះយើងឃើញថាការមើលងាយអ្នកដទៃ បណ្តាលឲ្យមានគ្រោះថ្នាក់​ផ្សេងៗ​ ពេលខ្លះរហូតដល់ស្លាប់ក៏មាន ។
ការមើលងាយគេ ក៏ដូចជាការមិនឲ្យតម្លៃអ្នកដទៃព្រោះយើងមានអកុសលធម៌មួយគឺ មោហៈ ដែលយើងតែងតែថាវង្វែងៗព្រោះខ្លួនមានអំនួតទៅលើអ្វីដែលខ្លួនមិនមាន ដូចជាការមើលងាយ​ថា​មេរៀនតិច ទន្ទេញតែបន្តិចក៏ចាំអស់ហើយៗក៏រង់ចាំថ្ងៃស្អែក នៅពេលស្អែករហូតមេរៀន​នោះ​ក៏​​​មិន​ចាំ ទាំងអស់នេះបណ្តាលឲ្យប្រឡងធ្លាក់ ។​ ការប្រឡងធ្លាក់ជាការវិនាស និង ខូចខាតនូវផល​ប្រយោជន៍ដែលបណ្តាលមកពីការមើលងាយដែលជាធម៌អកុសលពោលគឺ ​បាបកម្មនៃការមើល​ងាយនោះឯង ។


គ. លទ្ឋផលនៃការមើលងាយគេ
គ្រប់មនុស្សទាំងអស់សុទ្ឋតែចង់ឲ្យគេឲ្យតម្លៃដល់ខ្លួន ទោះបីបុគ្គលនោះមានរូបរាងតូចតឿ អា​ក្រក់ សខ្មៅ ហើយមានសម្បទានមិនគ្រប់គ្រាន់ក៏ដោយ ។ ការរស់នៅប្រកបដោយតម្លៃ ថ្លៃថ្នូរ និង មានកេតិយសនោះវាជាក្តីបំណងរបស់មនុស្សគ្រប់រូប ប៉ុន្តែដើម្បីមានរបស់ទាំងនេះយើងគួរ​គប្បី​កសាង​ដោយខ្លួនឯង គឺស្វែងរកនូវតម្លៃគឺកេរ្តិ៍ឈ្មោះដោយការមិនមើលងាយអ្នកដទៃ ។ ពិត​ណាស់​​​ហើយថាបើបុគ្គល​ប្រព្រឹត្ត​នូវធម៌បែរណារមែងទទួលនូវធម៌បែបនោះ ។ ធម៌នូវក្នុង​ទីនេះ​រួម​​មានកុសលធម៌ និង អកុស​ល​ធម៌ដែលមនុស្សតែងតែប្រកន់យក ដោយអ្នកខ្លះប្រព្រឹត្តនូវ​កុសល​ធម៌ (ធម៌ល្អ) និង អ្នកខ្លះ​ប្រព្រឹត្ត​នូវអកុសលធម៌ (ធម៌អាក្រក់)ពោលគឺការមើលងាយគេ​ជាដើម ។  មនុស្សដែលចូលចិត្តមើលងាយអ្នកដទៃរមែងទទួលនូវការមើលងាយពីអ្នកដទៃមក​វិញ​​ជាំមិនខាន ។ បើយើងញញឹមទៅរកគេៗនឹងញញឹមមករកយើងវិញ តែបើយើងមើលងាយ​គេ​ៗនឹងមើលងាយយើងវិញ ដូចព្រះសម្មាសម្ពុទ្ឋពោលថា បុគ្គលដាំនូវពូជណានឹងបាននូវផល​នោះ ។ បើយើងដាំអំពើល្អយើងនឹងបានផលគឺអំពើល្អមកវិញ តែបើយើងដាំនូវអំពើអាក្រក់យើង​នឹងទទួលបាននូវផលគឺអំពើអាក្រក់មកវិញ ។

ឃ. សេចក្តីសន្និដា្ឋន
បន្ទាប់ពីយើងបានយល់ដឹងអំពីផលនៃការមើលងាយគេ យើងទាំងអស់គ្នាគួរជៀសវាងឲ្យផុត​ពី​​​បាបកម្មនេះដើម្បីចាប់យកនូវការមិនមើលងាយគេ ដែលជាធម៌នាំមកនូវសេចក្តីសុខចម្រើន សប្បូរ​​​សប្បាយដែលផ្ទុយពីការមើលងាយគេដែលនាំមកនូវសេចក្តីក្រហលក្រហាយ និង ទុក្ខ​វេទនា​​មកដល់យើងវិញ ។ អំពើមានប្រយោជន៍គួរគប្បីធ្វើ វិជ្ជាចេះស្ទឺគួរខំបំពេញ ។ ការមើល​ងាយគេគួរលះបង់ដើម្បីតម្រង់ផ្លូវទៅរកសេចក្តីសុខ ដោយការប្រព្រឹត្តនូវការមិនមើល​ងាយគេ ។ ការសិក្សាពីបាបកម្មទាំងអស់នេះដែលអាចនាំយើងទៅរកផ្លូវត្រូវមួយ ដែលមនុស្សដូចគ្នាទទួល​ស្គាល់ថាជាមនុស្សល្អគួររាប់រក ដើម្បីសេចក្តីសុខចម្រើន ។

១៣. ស្រវឹងលង់ក្នុងគំនិត
ក. និយមន័យ
ការមិនធ្វើនូវអំពើល្អតែងផ្តល់នូវសេចក្តីវេទនា និង ការលំបាកផ្សេងៗ ព្រោះយើងប្រព្រឹត្តនូវ​បាបកម្ម​ផ្សេងៗ​រួមមានការស្រវឹងលង់ក្នុងគំនិតរបស់ខ្លួនឯង ។ ហេតុដែលនាំឲ្យការស្រវឹងលង់​ក្នុង​គំនិតជាបាបកម្ម ព្រោះការស្រវឹងក្នុងគំនិតតែងឲ្យផលជា​អវិជ្ជមានគឺសេចក្តីទុក្ខជាដើម ។ បើតាម​វចនានុ​ក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យ​បាន​ឲ្យ​ដឹង​ថា ការស្រវឹងលង់ក្នុង​គំនិត ´គឺជាការងប់ងល់ទៅក្នុងគំនិតយោបល់ខ្លួនដោយការវង្វែងស្មារតី ប្រែ​​ស្មារតី ឬ​ ងោ​ង, ភ័​ន្ត, វង្វេង​ស្មារតី ខុស​ពី​ប្រក្រតី ។ ឧទាហរណ៍ ស្រ​វឹង​​គំនិត ឬ ស្រវឹង​ចិត្ត ភ័​ន្ត​គំ​និត​ដោយ​យល់​ថា ខ្លួ​ន​មិន​ទាន់​ចាស់, មិ​ន​​ទាន់​​មាន​រោគ, មិន​ទាន់​ស្លាប់​ទេ ស្រវឹង​ទ្រព្យ ឬ ស្រ​វឹង​​សម្បត្តិ ឡើង​ចាង​ព្រោះ​អាង​ថា​ខ្លួន​មាន​ទ្រព្យ ។ ស្រ​វឹ​ង​បុណ្យ ប្រកាន់​មានៈ​កោង​ព្រហើន​ដោយ​អាង​បុណ្យ​ស័ក្ដិ ឬ​អាង​គាប់​គួរ​នឹង​អ្នក​ធំ ។ល។´

ខ. ការលេចឡើងនៃការស្រវឹងលង់ក្នុង​គំនិត
ចេះឯងឲ្យក្រែងចេះគេ ជាពាក្យចាស់បូរាណដែលបានប្រៀនប្រដៅឲ្យកូនចៅឲ្យចេះគោរពគេ​ឯ​​ង ព្រោះយើងរស់នៅត្រូវអាស្រ័យគ្នានឹងគ្នា ។​ យើងមិនត្រូវយកតែគំនិតរបស់ខ្លួនតែមួយនោះ​បាន​ទេ យើងត្រូវយកគំនិតអ្នកដទៃមកគិតពិចារណា ដើម្បីជាគតិក្នុងការដោះស្រាយបញ្ហា​ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ។ ការស្រវឹងក្នុងគំនិតរបស់ខ្លួនជាបាបកម្មមួយគួរជៀសវាង ព្រោះវានាំ​មកនូវវិនាស ការប្រកាន់គំនិតដាច់ខាតទាំងងងឹតងងល់ដោយមិនព្រមយកយោបល់ ឬ​ ទទួល​ស្គាល់គំនិតយោបល់អ្នកដទៃ វាជាអំពើល្ងង់ខ្លៅបំផុត តែបែរជាថាខ្លួនត្រូវទៅវិញព្រោះភាពអវិជ្ជា​របស់ខ្លួនប្រកាន់​ និង ស្រវឹងលង់ក្នុងគំនិតរបស់ខ្លួន ។ បើយើងជាមនុស្សមានសីលធម៌ ឬ ចំនេះ​នោះយើងអាចដឹងថារាល់គំនិតរបស់យើងមិនសុទ្ឋតែត្រឹមត្រូវទាំងអស់ទេ ព្រោះវាត្រូវសម្រាប់ខ្លួន​យើងប៉ុន្តែខុសសម្រាប់អ្នកដទៃ ។ អន្តរាយតែងតែកើតមានចំពោះបុគ្គលបែបដែលស្រវឹងក្នុង​គំ​និត​ខ្លួនព្រោះមិនបានគិតវែងឆ្ងាយរកហេតុផល ដោយរាល់គំនិតរបស់អ្នកដទៃសុទ្ឋតែខុស ហើយ​អ្វីៗសុទ្ឋតែអញត្រូវ គ្មាននរណាពូកែជាងអញ លើសអញ គំនិតអញត្រឹមត្រូវរហូត ។ មនុស្សបែប​នេះតែងតែទទួលនូវការបរាជ័យជាដ៏រាបលុះក្ស័យជីវិត ឥតបានការណ៍អ្វីជាដុំកំភួនឡើយសំរាប់​ក្រុមគ្រួសារ និង ប្រទេសជាតិ ។

គ. លទ្ឋផលនៃការស្រវឹងលង់ក្នុង​គំនិត
ឆ្លងតាមការបកស្រាយខាងលើ យើងអាចឃើញថាមានការស្រវឹងច្រើនយ៉ាងណាស់តែអ្វីដែ​ល​​ធ្វើឲ្យមនុស្ស​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេគឺ ការស្រវឹងក្នុងគំនិតខ្លួនឯង។ កាលបើមនុស្សងប់ងល់​ក្នុង​អារម្មណ៍​របស់​ខ្លួន​ហើយ រមែងសម្គាល់ថាអ្វីដែលខ្លួនស្រលាញ់ពេញចិត្តសុទ្ធតែត្រឹមត្រូវទាំង​អ​ស់ គ្មានភាពខុសឆ្គងទេ ហើយ​ព្យាយាម​ធ្វើអ្វីៗតាមតែអារម្មណ៍ដែលខ្លួនមាន ទោះប្រើយុទ្ធ​សាស្រ្តប្រភេទណាក៏ដោយ​ឲ្យតែសម្រេច​តាម​ការ​ចង់​បាន ។

នៅពេលឃើញនូវទោសនៃការស្រវឹងក្នុងគំនិតដូចនេះយើងទាំងអស់គ្នាគួរគប្បីជៀសវាង និង ប្រមែប្រមូលនូវគំនិតរបស់អ្នកប្រាជ្ញឯទៀតដើម្បីជាគំនិតឆ្ពោះទៅរកសេចក្តីសុខ និង​ យកមកធ្វើ​ជា​ប្រយោជន៍សំរាប់ជីវិត គឺការមិនមានកំ​ហុសដោយការស្រវឹងក្នុងគំនិត ។ ការប្រកាន់នូវគំនិត​អាចធ្វើឲ្យមានការទាស់ទែងគ្នា ព្រោះអ្នកទាំងអស់គ្នាមានគំនិតខុសៗគ្នាទៅលើរបស់តែមួយក៏ មាន ដូចនេះយើងត្រូវយល់ថាយើងចេះគេក៏ចេះ គ្នានរណាល្អឥតខ្ចោះទេ ។ រាល់គំនិត​របស់​យើងគ្នានពាក្យថាខុស ឬ ត្រូវទេ ព្រោះយើងមានសេរីភាពក្នុងការនិយាយ តាមតែការ​គិត​របស់​យើង បើយើងថាត្រូវវានឹងត្រូវ តែបើយើងថាខុសវានឹងខុសទៅតាមការគិត និង ចំនេះដឹងរបស់​យើង ។ ការប្រកាន់នូវការស្រវឹងក្នុងគំនិតអាចធ្វើឲ្យមនុស្សជាក្លាយជាឆ្កោតក៏ថាបាន ព្រោះអ្នក​ស្រវឹងក្នុងគំនិតអាចហានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យតែគំនិតរបស់ខ្លួនត្រូវ បើនរណាថាខុស​នឹង​មាន​បញ្ហារហូតដល់ទៅអាចសម្លាប់អ្នកនោះទៀតក៏ថាបាន ។

ឃ. សេចក្តីសន្និដ្ឋាន
តាមដែលដឹងមកយើងការស្រវឹងនូវគំនិតរបស់ខ្លួនអាចជាគ្រោះថា្នក់មួយដ៏ធំ​ ចំពោះជីវិតខ្លួន និង វិនាសអន្តរាយផ្សេងៗ ។ ការស្រវឹងក្នុងគំនិតជាគតិដ៏អាក្រក់ដែលយើងគួរជៀសវាង និង ប្រុង​ប្រយ័ត្នរាល់សកម្មភាពរបស់យើងដែលយើងនិយាយទៅហើយតើវាសមហេតុផលទេ ។ យើងត្រូវ​ចេះយកគំនិតរបស់អ្នកនៅជំវិញខ្លួនយើងមកផ្សំផ្គុំនឹងគំនិតរបស់យើងដើម្បីឲ្យក្លាយជាគំនិត​មួយ​ដ៏​អស្ចារ្យ និង ប្រកបដោយប្រយោជន៍ដ៏ធំ ។

១៤. ធ្វេសប្រហែស
ក. និយមន័យ
បន្តិចម្តងៗ ដែលយើងបានសិក្សាអំពីបាបកម្មដែលនីមួយៗនោះ យើងត្រូវជៀសវាងឲ្យផុត ព្រោះ វាជាកម្មដ៏អាក្រកហើយនាំមកនូវក្តីវិនាសដល់យើងអ្នកប្រព្រឹត្ត ។ មកដល់ត្រង់នេះយើង​នឹង​សិក្សា​​​អំពីបាបកម្មមួយទៀតដែលមានឈ្មោះថា ធ្វេសប្រហែស ដែលការធ្វេសប្រហែសនេះ​ក៏​នឹង​នាំ​យើងទៅរកសេចក្តីវិនាសផងដែរ ។ បើតាម​វចនានុ​ក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យ​បាន​ឲ្យ​ដឹង​ថា ´ធ្វេសប្រហែស គឺ ធ្វេ​ស​​ស្មារតី, ធ្វេស​គំនិត​ ធ្វេស​​​ស្មារតី, មិ​ន​​សូវ​ប្រ​យ័ត្ន, បណ្ដែត​បណ្ដោយមិន​សូវ​នឹក​នា ឬ​ មិនមានការប្រុងប្រយ័​ត្នក្នុង​កិច្ចការរប​ស់ខ្លួនផ្សេងៗ ។ បានជាធ្វេសប្រហែសចាត់ចូលជាបាបកម្មព្រោះវាជាធម៌ដ៏លាមកច៍ ដែលអាចនាំឲ្យយើងវិនាស​អន្តរាយបាន គឺវិនាសគ្រប់កិច្ចការទាំងអស់ ។ ដូចពាក្យចាស់បូរាណលោកពោលថា ប្រហែស​​បាត់​ប្រយ័ត្ន​គង់ តែ​ប្រហែស​រមែង​តែ​បាត់ បើ​ប្រយ័ត្ន​តែង​តែ​គង់ ។

ខ. ការលេចឡើងនៃការ​ធ្វេសប្រហែស
កិច្ចការសម្រាច់បានដោយការខិតខំព្យាយាម តស៊ូ ប្រឹងប្រែង និងមានសេចក្តីប្រុងប្រយ័ត្ន​មែនទែន ទើបកិច្ចការទាំងអស់នោះទទួលបាននូវលទ្ឋផលជោគជ័យដោយការមិនធ្វេសប្រហែស​ឡេះឡោះ មិនបណ្តែតបណ្តោយទៅតាមការគិត និង វាសនារបស់ខ្លួន ។ កិច្ចការ ក៏ដូចការរៀន​សូត្របើយើងមិនខិតខំប្រឹងប្រែងទេយើងក៏មិនបានជោគជ័យក្នុងការសិក្សានោះដែរ ។ ការសិក្សា​រៀនសូត្ររបស់យើងត្រូវតែមានការប្រុងប្រយ័ត្ន ព្យាយាមអាន ទន្ទេញនូវមេរៀនផ្សេងៗដែលគ្រួ​បានដាក់ឲ្យ ។ យើងមិនអាចនៅស្ងៀមចេះនោះក៏ទេ ។ ការចេះរបស់យើងលុះត្រាតែយើង​ស្រ​វា​ស្រទាញ់ ខិតខំស្វិតស្វាញនឹងមេរៀន សៀវភៅរបស់យើងទើបទទួលផលបានគឺការចេះដឹង ។ ​

គ. លទ្ឋផលនៃការធ្វេសប្រហែស
បើយើងធ្វេសប្រហែស មិនយកចិត្តទុកដាក់ក្នុងភារកិច្ចដែលយើងត្រូវធ្វើនោះ សេចក្តីវិនាស​នឹង​មកដល់យើងភ្លាម ដោយយើងមិនបានដឹងជាមុន ។ ឧបមាថា យើងមានរបស់របរ ដូចជា​មាស​​ប្រាក់ផ្ទះសម្បែង ជាដើម បើយើងមិនចេះទុកដាក់ចាយវាយ​ឲ្យបានសមរម្យ​ដោយការ​ប្រុង​ប្រយ័ត្ន​​ទេ យើងនឹងធ្លាក់ខ្លួនក្រក្នុងថ្ងៃណាមួយយ៉ាងឆាប់ជាមិនខាន ហើយផ្ទះសម្បែង​យើង​ដែល​យើង​មិនបានយកចិត្តទុកដាក់បោសសំអាត ឬ ជុសជុលទេនោះវា​នឹងខូចខាត​បាត់បង់​ជាក់ជាមិន​ខាន ។  ការធ្វេសប្រហែសរបស់មនុស្សអាចឲ្យមនុស្សស្លាប់ទាំងរស់ ព្រោះមិនអាចសម្រាច់អ្វីទាំង​អស់ហើយការធ្វេសប្រហែសជាធម៌នៃបរាជ័យ ជាធម៌នៃសេចក្តីវិនាសអន្តរាយ ។ ការធ្វេស​ប្រ​ហែស​អាចឲ្យយើងខាតទាំងពេលវេលា និង​ ទ្រព្យសម្បត្តិ ហើយថែមទាំងបាត់បងនូវកេតិយស​ទៀតផង ។

គ. លទ្ឋផលនៃការធ្វេសប្រហែស
សេចក្តីប្រហែសនឹងនាំទៅដល់ក្តីវិនាស អ្នកប្រាជ្ញទាំងឡាយលោកតែងហាម​កុំមើលងាយ​ទំហំ​ការ ងារព្រមទាំងអ្វីៗនៅជុំវិញខ្លួន កុំឃើញពស់តូចថាគ្មានពិសប្រយ័ត្នភ្នែកស កុំឃើញរងើក​ភ្លើង​តូច​​ថាមិនបង្កអគ្គី ភ័យក្រែងខ្លោចអស់អង្គប្រាណ កុំមើលងាយសេ្តចក្មេងថាគ្មានឫទ្ធានុភាព ស្តេច​មាន​​អាជ្ញា​អាច​ប្រហារអ្នកណា ក៏បានដែរ ត្រូវដឹង!។ ព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានចំណាយ​ពេល​អស់​៤៥ព្រះវស្សា ដើម្បីសម្តែងធម៌ទូន្មានសព្វ សត្វក្នុងលោក នៅពេលព្រះអង្គទៀប​នឹង​បរិនិព្វាន ទ្រង់បានសង្ខេបពុទ្ធវចនៈទាំងនោះមកត្រឹមតែមួយឃា្លថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នក​ទាំងឡាយ​កុំ​ប្រមាថ ។ ព្រោះការប្រមានធ្វេសប្រហែស អាចនាំមនុស្សទៅរកក្តី    សាបសូន្យតែ​ម្យ៉ាង​គត់ ធ្វើ​ខុស​​ព្រោះប្រមាទ និយាយខុសព្រោះមើលងាយ គិតប្រាសចាកធម៌ព្រោះប្រហែស ក្លាយ​ជា​អ្នក​ទោស​បាត់បង់ជីវិត និង ធ្លាក់នរកក៏ដោយសារតែប្រហែសធ្វេសភ្លេចខ្លួនដែរ ដូច្នេះ​ហើយ​បាន​ជា​ព្រះពុទ្ធសាស្រ្តាចារ្យទ្រង់ហាមមិនឲ្យមានក្កីប្រមាទ ។ ប្រហែសបាត់ប្រយ័ត្នគង់ ។

ឃ. សេចក្តីសន្និដា្ឋន
បន្ទាប់ពីយើងបានយល់ដឹងថាការធ្វេសប្រហែសជាធម៌ដ៏លាមកច៍ និង អាចនាំយើងទៅរក​សេចក្តី​វិនាសអន្តរាយនោះ យើងទាំងអស់គ្នាគួរគប្បីជៀសវាងឲ្យផុតពីអន្លង់ទុក្ខពីការធ្វេសប្រ​ហែស​​នេះ ដោយមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយការងារ ក៏ដូចជាការមើលថែរក្សានូវ​របស់​របរ​របស់​យើងឲ្យបានគង់វង់ ដែលការប្រុងប្រយ័ត្នជាធម៌នាំមកនូវសេចក្តីចំរុងចំរើន សុខ សុភមង្គលដល់យើងទាំងអស់គ្នា ។ ធម៌ធ្វេសប្រហែសផ្ទុយពីធម៌មិនធ្វេសប្រហែស គឺការប្រុងប្រ​យ័ត្ន មិនបណ្តែតបណ្តោយខ្លួនឲ្យខូចប្រយោជន៍ ។

១៥. ជោរ
ក. និយមន័យ
ជាចុងបញ្ចប់យើងនឹងសិក្សាទាំងអស់គ្នាអំពីបាបកម្មមួយទៀតគឺ ជោរ ដែលនាំយើងទៅរកក្តី​វិនាសអន្តរាយក្នុងជីវិត ។ បើតាម​វចនានុ​ក្រមខ្មែរ​ដែល​បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យ​បាន​ឲ្យ​ដឹង​ថា ជោរ  ´គឺជាការពោរ​ឡើងនៃ​ចិត្ត, ស្រ​ស់​ចិត្ត, រីក​ចិត្ត សប្បាយចិត្តដោយ​ពាក្យ​បញ្ជោរ​ពីអ្នកដទៃ´​​ ។

ខ. ការលេចឡើងនៃការជោរ
យើងក៏ដឹងដែរថាមានប្រភេទមនុស្សខុសៗគ្នា មនុស្សមួយចំនួនមានសភាពជា​មនុស្សមត់ចត់ ហើយមនុស្សមួយចំនួនទៀតមានលក្ខណៈជាមនុស្សជោរ សប្បាយចិត្តដោយសារ​ពាក្យបញ្ជោរ​របស់​អ្នកដទៃ ។ ត្រង់នេះយើងនឹងសិក្សាអំពីមនុស្សជោរដែលមនុស្សបែបនេះកំពុង​តែនាំខ្លួន​ទៅ​រកអន្តរាយ ព្រោះវង្វែងក្នុងការបញ្ជោររបស់គេ ។ នៅពេលគេសរសើរថាល្អ បែរជា​ជោររហូត​ដល់​ភ្លេច​ខ្លួនថាជាមនុស្សដូចគេឯងដែរ ហើយពេលខ្លះជោររហូតដល់មានអំនួតថា ខ្លួន​ជាមនុស្សចេះ​នៅ​ពេលដែលគេសរសើរថាចេះ ប៉ុន្តែជោររហូតដល់ភេ្លចការសិក្សា​ ឬ ទៅសាលា​ទៀតផង ។ ម្យ៉ាង​​ទៀត បុគ្គលជោរបែរនេះនឹងចាប់ផ្តើមតំកើងឬកតំកើងពារដាក់អ្នកដទៃទៀត​ដោយបាន​ឮ​ពាក្យ​គេញ្ជោរថាខ្លួនចេះដឹង នៅពេលបញ្ចេញឬកពារបែរនេះមិត្តភ័ក្រកូរកនក៏ចាប់​ផ្តើមស្អប់ ហើយ​​បុគ្គល​ជោរនឹងក្លាយជាសម្អប់របស់អ្នកដទៃ រួមទាំងសាច់ញាតិទៀតផង ។ ពាក្យ​បញ្ជោរជា​ថ្នាំ​ពិសដ៏សាហាវ  ដើម្បីឲ្យមនុស្សអ្នកទទួលយកបាននូវសេចក្តីទុក្ខ និង វិនាស​អន្ត​រាយ​ផ្សេងៗ ។

គ. លទ្ឋផលនៃការជោរ
យើងត្រូវដឹងថាពាក្យបញ្ជោរ គឺជាពាក្យមួយសម្រាប់តែពពួកមនុស្សអែបអបនិយាយមកកាន់ យើងតែប៉ុណ្ណោះ ហើយដើម្បីនិយាយឲ្យយើងសប្បាយចិត្តហើយចែករបស់ដែលគេចង់បាន តែ​ពេលនៅពីក្រោយខ្នងយើង បែរជានិយាយអាក្រក់ពីយើងវិញចំពោះមនុស្សអកុសលដែលចង់ បាន​តែប្រយោជន៍ ។ នៅពេលគេបញ្ជោរយើងៗត្រូវគិតថាពាក្យនេះជាពាក្យបញ្ជោរ ឬ ជាពាក្យ​ពិត បើជាពាក្យពិតគួរយើងសប្បាយរីករាយ និង ត្រេកអរ ។ បុគ្គលអ្នកស៊ីពាក្យបញ្ជោរច្រើនតែជា​មនុស្សល្ងង់ អវិជ្ជា ជឿដោយគ្មានហេតុផល ហើយមិនស្គាល់ពាក្យបញ្ជោរស៊ី និង ពាក្យពិត ។ ពេលគេបញ្ជោរបែរជាសប្បាយចិត្ត ដល់ពេលពាក្យបញ្ជោរឲ្យផលវិញគឺការឈឺចុកចាប់ ខ្លោច​ផ្សា​រហូតដល់វិនាសប្រយោជន៍ក៏ថាមាន ឬ ក៏រហូតដល់ស្លាប់ខ្លួនក៏មាន ។

ឃ. សេចក្តីសន្និដ្ឋាន
អកុសលកម្ម គឺការបញ្ជោរពីអ្នកដទៃជាសត្រូវរបស់សេចក្តីសុខចំរុងចំរើន ដូចនេះយើងត្រូវ​ស្គាល់ខ្លូនឯងឲ្យច្បាស់ថាជាអ្នកកុំឲ្យអ្នកដទៃបោកបញ្ជោទដោយការបញ្ជោរ ហើយយើងក៏ជាអ្នក​មិនស៊ីជោរ ។ ប្រាកដណាស់ហើយថាយើងទាំងអស់គ្នាតែងតែចូលចិត្តនូវការសរសើរពីអ្នកដទៃ​ប៉ុន្តែយើងក៏គួរដឹងថាពាក្យសរសើរក៏ជាថ្នាំពិស និង ជាអាវុធដ៏សាហាវដែលធ្វើឲ្យយើងវិនាស​អន្តរាយ មានតែសេចក្តីទុក្ខក្នុងខ្លួនប៉ុណ្ណោះ ។ ជោរជាភាពនៃចិត្តដែលរំភើបញាប់ញ័រ សប្បាយ​រីករាយពេញក្នុងទ្រូងនៅពេលដែលទទួលបាននូវពាក្យអួតសរសើរ លើកមុខលើក​ក្រោយចាក់​ខ្សែ​​បណ្តោយ វាយអែបស៊ីអប ។ មនុស្សនឹងហ៊ានធ្វើនូវកម្មគ្រប់យ៉ាងដោយសារតែចង់​បានការ​កោត​សរសើរពីសម្នាក់ក្រុមញាតិ ក៏ដូចជាមហាជនទូទៅ ទោះកម្មនោះ ខុសឬត្រូវយ៉ាងណាក្តី។ មនុស្សសុទ្ធ​តែ​ជោរគ្រប់គ្នា គ្រាន់តែអ្នកខ្លះជោរតិចល្មមសមគួរ ឯអ្នកខ្លះជោរ​ខ្លាំងមែន​ទែន​រហូត​ភ្លើតភ្លើនភ្លេចខ្លួនធ្លាក់ជាឈ្នាន់សម្រាប់គេប្រើ ។ យើងអាចឃើញថាជោរជាអាវុធមុខពីរ ការពោល​​ពាក្យ​សរសើរ លើកដម្កើង លើកទឹកចិត្តជាដើម អាចជួយជំរុញមនុស្សធ្វើនូវ​រឿងរ៉ាវ​មាន​ប្រយោជន៍សម្រាប់ខ្លួនអាត្មា ក៏ដូចជាអ្នកសម្រាប់នរជនផ្សេងទៀតក្នុងសង្គម ។

III. សេចក្តីសន្និដា្ឋន
ឆ្លងតាមការបកស្រាយដោយសង្ខេបខ្លីអំពីបាកកម្ម១៥យ៉ាងខាងលើ យើងក៏ដឹងថា បាបកម្ម​ទាំង​​​​អស់​នេះបណា្តលឲ្យយើងបាននូវទុក្ខទោសថោកទាបនៅក្នុងសង្គម ។ ខ្លឹមសារនៃបាបកម្ម​នោះ​​​សំដៅ​ទៅ​​ដល់​អំពើ អាក្រក់ លាមកច៍ មិនជាទីស្រលាញ់ មិនជាទីប្រាថ្នាពេញ​ចិត្តនៃមនុស្ស​គ្រប់​រូប បាបកម្មនោះតែងឲ្យនូវផលជាទុក្ខទោសមិនដែលសុខស្រួលក្នុងកាយ​និង​អារម្មណ៍​ឡើយ​ ។
បាបកម្មទាំងអស់នេះ កើតមក តាមរយៈទង្វើរបស់ខ្លួននៃបុគ្គលម្នាក់ៗផ្ទាល់ មិនមាននរណា​ជាអ្នក​ប្រគល់ឲ្យ ឬដាក់សម្ពាធមកលើខ្លួនដោយប្រការណាមួយឡើយ អ្នកណាធ្វើអ្នកនោះ​ទទួល ជនណាហូប ជននោះឆ្អែត នេះជាសភាវធម៌ពិតឥតប្រកែកបានឡើយ ។ បាបកម្មតែង​កើត​មាន នៅ​ពេល​ដែលបុគ្គលប្រើប្រាស់នូវកាយ វាចានិងចិត្តក្នុងផ្លូវមិនត្រឹមត្រូវតាមក្រមសីលធម៌ ក៏ដូចជា​ច្បាប់​ទម្លាប់សង្គម ។ គ្រប់បាបកម្មដែលបានបកស្រាយមកខាងលើ សុទ្ធតែមាននូវទោសទាំងអស់ ធ្វើឲ្យមនុស្សបាត់បង់មិត្តភ័ក្ត សាច់ញាតិសាលោហិត ធ្វើឲ្យទ្រព្យសម្បត្តិ​ដែល​មាន​ហើយ​វិនាស​ហិន​ហោចទៅ ឯទ្រព្យដែលនឹងកើតមាន ក៏ខកខានលែងកើតទៅវិញ យសសក្តានុភាពក៏ សាប​សូន្យ​មួយរំពេច ដោយការប្រកាន់យកនូវបាបកម្មណាមួយក្នុងចំណោមបាបកម្មទាំង១៥ខាងលើ ។ លើស​ពីនេះ​ទៅទៀត  បើទោសនោះធ្ងន់ធ្ងរមែនទែន អាចបាត់បង់ទាំងអាយុជីវិតខ្លួន និងអ្នក​នៅ​​ក្បែរ​ផងដែរ ។ បើចង់រស់នៅប្រកប ដោយភាព រុងរឿង ប្រសើរខ្ពង់ខ្ពស់ រស់ជាមួយសុភមង្គល សុខសន្តិភាព មនុស្សរាល់កាយាគ​ប្បីព្យាយាមកំចាត់បង់នូវធម៌លាមកទាំងនោះបន្តិចម្តងៗ រហូត​ទាល់​តែ​អស់ពីក្នុងចិត្តសន្តាន ហើយផ្សាយនូវមេត្តាចិត្ត ក្តីអាណិត ស្រលាញ់ រួបរួមសាមគ្គី​ទៅ​ដល់​សព្វសត្វក្នុងត្រៃភព ។ បើកាលណាក្តីចម្រើនក្នុងចិត្តមាន ក្តីចម្រើនក្នុងកាយក៏​ដូច​ជាក្តី​ចម្រើន​​ក្នុង​វាចារមែងមានកាលនោះដែរ ។​
ប្រាកដណាស់ថាវិនាស ឬ ចម្រើនគឺអាស្រ័យទៅលើបុគ្គលអ្នកប្រព្រឹត្ត បើយើងប្រព្រឹត្តល្អនឹង ទទួលផលល្អសុខសប្បាយចំរុងចំរើន រុងរឿងសុភមង្គលក្នុងជីវិត តែបើយើងប្រព្រឹត្តតែអំពើ​អាក្រក់នោះជីវិតរបស់យើងក៏គ្មានសេចក្តីសុខសុភមង្គល ។ ដូចនេះ​ចូរយើងទាំងអស់​គ្នាប្រព្រឹត្ត​តែ​អំពើល្អ ពោលគឺជៀសវាងនូវបាបកម្មទាំង១៥យ៉ាងនេះចេញ ។

ឯកសារយោង

១. ​វចនានុ​ក្រមខ្មែរ​, បោះ​ពុម្ពផ្សាយដោយ​ពុទ្ឋ​សា​សន​បណ្ឌិត្យ ឆ្នាំ ១៩៧៦
២. វិធីរម្ងាប់សេចក្តីក្រោធ, រៀបរៀងដោយ អគ្គបណ្ឌិតប៊ុត សាវង្ស ព.ស ២៥៤៧
៣. កូនមាសឪពុក, រៀបរៀងដោយ អគ្គបណ្ឌិតប៊ុត សាវង្ស ព.ស ២៥៤៦
៤. មេរៀបជីវិត, រៀបរៀងដោយ អគ្គបណ្ឌិតប៊ុត សាវង្ស ព.ស ២៥៤៧
៥.​ ឧបករណ៍ធម្មវិភាគនិងគិហិបដិបត្តិ,​ រៀបរៀងដោយ ធម្មវរោត្តម តុង ឈួន ចន្ទវជិរោ,
​     រោងពុម្ព ពន្លឺពេជ្រ,​ ព.ស.២៥៤៧..គ.ស.២០០៣,
៦. ត្រៃរត្នវិនិច្ឆ័យ, រៀបរៀងដោយ ម៉ិញ ណាគ្រី, ១៩៤៣
៧.ប្រជុំកងធម៌ចម្រុះ ថ្នាក់ត្រី.ទោ.ឯក, រៀបរៀងដោយ ធម្មាចារ្យ សោម សុវណ្ណ, ១៩៩៥




No comments:

Post a Comment

Note: Only a member of this blog may post a comment.